កម្ពុជា ​និង​ឡាវ ​ព្រម​ព្រៀង​ដក​កងទ័ព​ចេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែកនេះ

រូបឯកសារ៖ ទាហានកម្ពុជាធ្វើដំណើរតាមបណ្តោយផ្លូវប្រហែល ២០គីឡូម៉ែត្រ ពីប្រាសាទព្រះវិហារដែលមានអាយុកាល ៩០០ឆ្នាំ នៅតាមព្រំដែនរវាងប្រទេសថៃនិងប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ (REUTERS/Samrang Pring)

លោក​ទៀ បាញ់ ​ថា​ចំណុច​មួយ​ចំនួន​ទៀត​នៅបន្ត​ជជែក​គ្នា​ តែ​ទាហាន​សង​ខាង​ដែល​មាន​គ្នា​ប្រមាណ ​៦០​នាក់​ម្ខាង​នោះ​ នឹង​ដកចេញ​ពីតំបន់​មាន​ជម្លោះ​នៅ​មុំបី ​ដែល​ភាគី​ទាំងពីរ​មាន​ភាព​តាន​តឹង​ជាមួយ​គ្នា​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ

ក្រោយ​ពីការ​សម្រុះ​សម្រួល​គ្នា ​ភាគី​កម្ពុជា​និង​ឡាវ​បាន​សម្រេច​ដក​កងទ័ព​ចេញ​ពី​តំបន់​មុំបី​នៅ​តាម​ទល់​ដែន​នៃ​ប្រទេស​ទាំងពីរ​នៅថ្ងៃ​ព្រហស្បតិ៍​ស្អែក។

ក្រោយពី​ការ​ចរចា​នឹង​ជួប​ប្រជុំ​គ្នា​រវាង​ភាគី​ទាំងពីរ​ ពី​ថ្នាក់​កំពូល​និង​ថ្នាក់​មន្ត្រី​ផង​នោះ​ ប្រទេស​កម្ពុជា ​និង​ឡាវ ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ដក​កងទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ គឺ​តំបន់‍​«មុំបី‍»​ ក្នុង​ខេត្ត​ព្រះវិហារ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។​ នេះ​បើតាម​ការ​អះអាង​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស ​ដែល​បាន​ថ្លែង​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​ថ្ងៃនេះ។

«អត់អីទេ​ រឿង​ហ្នឹង​គឺ​យើង​បាន​ជជែក​វែកញែក​គ្នា​ទៅ គឺ​វា​និយាយ​ត្រូវរ៉ូវ​គ្នា​អស់​ហើយ។ ឥឡូវ​គឺ​ស្អែក​ហ្នឹង ​[ថ្ងៃព្រហស្បតិ៍] ​គឺចាប់​ផ្តើម​ទាំង​សង​ខាង​គឺបញ្ចៀស​ចេញ​ពីគ្នា ​បាន​ន័យ​ថា​ ទៅ​កន្លែង​ដើមវិញ​ទាំង​យើង​ក៏មក​វិញ​ ទាំង​ភាគី​ឡាវ​ក៏មក​វិញ​ដែរ​នៅ​ចំណុច​មួយ​ចំនួន‍»។

លោក​ទៀ បាញ់ ​ថា​ចំណុច​មួយ​ចំនួន​ទៀត​នៅបន្ត​ជជែក​គ្នា​ តែ​ទាហាន​សង​ខាង​ដែល​មាន​គ្នា​ប្រមាណ ​៦០​នាក់​ម្ខាង​នោះ​ នឹង​ដកចេញ​ពីតំបន់​មាន​ជម្លោះ​នៅ​មុំបី ​ដែល​ភាគី​ទាំងពីរ​មាន​ភាព​តាន​តឹង​ជាមួយ​គ្នា​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ ​ដោយសារ​តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​ចូល​ទៅ​ធ្វើ​កសិកម្ម​នៅ​កន្លែង​ដី​ដែល​ហាមឃាត់​និង​តំបន់​ប្រទាញ​ប្រទង់​មិន​ទាន់​ដោះ​ស្រាយ​ចេញ​នៅតាម​ព្រំដែន។

«វា​កើត​រឿងមក​ពី​ប្រជាជន​យើង​ទៅធ្វើ​ស្រែ​នៅ​កន្លែង​ដែល​យើង​ហៅថា​មិន​ទាន់​ច្បាស់​លាស់​នោះ ដល់​អីចឹង​វាកើត​រឿង​ទៅ ​គាត់​ក៏​សម្អាង​ថា​តំបន់​ហ្នឹង​គឺ​ថា​មិន​ឲ្យ​មាន​នរណា​មក​ធ្វើស្អី​ ហើយ​ម៉េច​ក៏​មក​ធ្វើស្រែ​ គាត់​ក៏​ចូល​មក​បំផ្លាញ​ដំណាំ​ហ្នឹង‍»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កាល​ពីចុង​សប្តាហ៍ ​បាន​ជួប​ចរចា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​នាយក​រដ្ឋ​មន្ត្រី​ឡាវ ថង​លូន ស៊ីស៊ូលីត កាលពី​ថ្ងៃទី​២៤ ​សីហា ​ដើម្បី​ដោះស្រាយ​បញ្ហា​ភាព​តានតឹង​ដែល​មាន​ពាក្យ​ចរចាមរ៉ាម​ពី​ការ​ចល័ត​ទ័ព​និង​ការផ្ទុះ​អាវុធ​ ហើយ​នឹង​ការត្រៀម​ជម្លៀស​ប្រជា​ពលរដ្ឋ​ផងដែរ។ ​តែ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​បដិសេធ​ពីរឿង​នេះ ​និង​សម្រេច​ដាក់​ពិន័យ​មន្ត្រី​យោធា​ម្នាក់​ដែល​បាន​និយាយ​ពី​កងទ័ព​ដែល​ជា​រឿង​«សន្តិសុខជាតិ‍»​ជា​សាធារណៈ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ​នាយក​រដ្ឋមន្ត្រី​ឡាវ​នឹង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​នៅពាក់​កណ្តាល​ខែ​កញ្ញា។

លោក ​ម៉ៅ ផល្លា ​អ្នក​នាំពាក្យ​កងទ័ព​ជើង​គោក​បាន​ច្រាន​ចោល​ការ​រាយការណ៍ ​ដែល​ថា​កងទ័ព​កម្ពុជា​ និង​ឡាវ​ប្រឈម​គ្នា​រហូត​មាន​ការ​ត្រៀម​ជម្លៀស​ពលរដ្ឋ​ចេញ​កាល​ពី​សប្តាហ៍​មុន​ផង​ដែរ។

លោក​ ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ ប្រាប់​ VOA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​ប្រទេស​កម្ពុជា​និង​ឡាវ ​កំពុង​បន្ត​ការ​ចរចា​ករណី​កងទ័ព​កម្ពុជា និង​ឡាវ​នៅ​តំបន់​មុំ​បី​នៃ​ខេត្ត​ព្រះ​វិហារ។ ​លោក​បន្ត​ថា ​កម្ពុជា​និង​ឡាវ​បាន​ព្រមព្រៀង​គ្នា​អញ្ជើញ​អ្នក​ជំនាញ​ផ្នែក​ផែន​ទី​ពី​ប្រទេស​បារាំង​ដើម្បី​ដោះ​ស្រាយ​ករណី​នេះ​ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​បាន​អញ្ជើញ​អ្នក​ជំនាញ​រូប​ណា ​និង​មិន​ទាន់​ដឹង​ថា​នឹង​មក​ពេល​ណា​នៅ​ឡើយ​ទេ។

លោក​ ផៃ ស៊ីផាន​ បាន​ថ្លែង​តាម​ខ្លឹមសារ​ដើម​ថា៖

«យើង​បាន​ឯកភាព​គ្នាអញ្ជើញ​ខាង​ប្រទេស​បារាំង ​អ្នក​ជំនាញ​ខាង​ផែន​ទី​ឲ្យ​លោក​ចុះ​មក​ជួយ។​ ដូច្នេះ​កម្ពុជា​ក៏​ដូច​ជា​ឡាវ ​យើង​អត់​មាន​ត្រូវ​ការ​ប្រើប្រាស់​កម្លាំង​ដើម្បី​ដណ្តើម​ទឹកដី​គ្នា ឬ​ការ​បញ្ជាក់​អត្តនោម័តិ​នៃ​ភាគី​ណា​មួយ»។

លោក​ ផៃ ស៊ីផាន ​បន្ថែម​ថា​ កម្ពុជា​បាន​និង​កំពុង​ប្រើប្រាស់​ផែនទី​ដែល​គូស​ដោយ​បារាំង​ ប៉ុន្តែ​តម្កល់​នៅ​ប្រទេស​វៀតណាម។​ យ៉ាង​ណា​ក្តី​ លោក​មិន​បាន​ដឹង​ថា​ តើ​ភាគី​ឡាវ​ប្រើ​ប្រាស់​ផែនទី​មួយ​ណា​នោះ​ទេ។

លោក​បណ្ឌិត ​ឈាង ​វណ្ណារិទ្ធ​ នាយក​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ និង​ជា​អ្នកវិភាគ​កិច្ចការ​តំបន់​លើក​ឡើង​ថា​ ករណី​តាន​តឹង​រវាង​កម្ពុជា-ឡាវ ​នៅ​តាម​ព្រំ​ដែន​នេះ ​អាច​កើត​ឡើង​ដោយ​សារ​មាន​ការ​យល់​ច្រឡំ​រវាង​មន្រ្តី​ថ្នាក់​ក្រោម។ ​លោក​បន្ត​ថា ​ភាគី​ទាំង​ពីរ​គួរ​តែ​ជជែក​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ​រួម​មួយ ​ជៀសវាង​ការ​កើត​ឡើង​នូវ​ករណី​ដដែលៗ។

«និយាយ​ឲ្យ​ចំ​ទៅ​គឺ​គោរព​ច្បាប់​អន្តរជាតិ ហើយ​យក​នូវ​កិច្ច​ព្រម​ព្រៀង​ដែល​ភាគី​ទាំង​ពីរ​ធ្លាប់​ចុះ​ហត្ថលេខា​ហ្នឹង ​ជាពិសេស​ក្រោម​អាណានិគម​បារាំង​ហ្នឹង យក​អាហ្នឹង​ជា​គោល​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចម្រូង​ចម្រាស​ហ្នឹង។ ហើយ​បើ​ថា​ចរចា​គ្នា​មិន​ត្រូវ​ នាំ​គ្នា​ទៅ​តុលាការ ​ICJ ទៅ ​ដើម្បី​រក​ដំណោះ​ស្រាយ​ផ្នែក​ច្បាប់»។​

កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧​ ​កង​ទ័ព​កម្ពុជា​ក៏​បាន​ប្រឈម​មុខ​នឹង​កង​ទ័ព​ឡាវ​មួយ​រយៈ​ពេល​ខ្លី​ ​ទាក់​ទង​នឹង​ការ​ទាម​ទារ​ការ​កាន់​កាប់​តំបន់​ព្រៃ​ធម្មជាតិ​លើ​បន្ទាត់​ព្រំដែន​ប្រទេស​ទាំង​ពីរ​ ក្នុង​ខេត្ត​ស្ទឹងត្រែង។ នា​ពេល​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ បាន​ដាក់​បញ្ជា​ឲ្យ​មេបញ្ជាការ​កងទ័ព​កម្ពុជា​ចល័ត​ទ័ព​ចូល​ខេត្ត​ស្ទឹងត្រែង​ ដើម្បី​វាយ​បណ្តេញ​កង​ទ័ព​ឡាវ​ប្រមាណ​៣០​នាក់​ចេញ​ពី​ទឹកដី​កម្ពុជា ​ដែល​បាន​ចូល​មក​បោះ​ទីតាំង​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​សេកុង​ ក្នុង​ខេត្ត​ស្ទឹងត្រែង។

ភាគី​ទាំងពីរ​បាន​ដោះស្រាយ​បញ្ចប់​រឿងរ៉ាវ​ពេល​នោះ​ក្រោយ​ពីមាន​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ៕