កម្ពុជានិងចិនបន្តបង្កើនទំនាក់ទំនងគ្នាលើកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ ដែលជាចំណងមិត្តភាពរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីជាគោលដៅទាក់ទាញទេសចរ និងការវិនិយោគ កាន់តែច្រើនពីចិនចូលមកកម្ពុជា។
កាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្នុងវេទិកាសម្ពោធកម្មវិធីបេតិកភណ្ឌសំឡេងមានចំណងជើងថា«ដំណើរកម្សាន្តយូណានទៅទស្សនាអង្គរ» លោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានធ្វើដំណើរទៅខេត្តយូណាន ប្រទេសចិន ជួបជាមួយប្រធាននាយកដ្ឋានឃោសនា នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន និងបានលើកឡើងពីការបន្តបង្កើន ទំនាក់ទំនងកម្ពុជានិងចិន លើកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ ដើម្បីជាចំណងមិត្តភាពរវាងប្រជាជនទាំងពីរ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន ប៉ូណា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ទំនាក់ទំនងកម្ពុជានិងចិន មានតាំងពីយូរណាស់មកហើយ រហូតបានក្លាយជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជាទំនាក់ទំនងកម្រិតកំពូលរវាងប្រទេសទាំងពីរ។ លោកថា ការបន្តបង្កើនទំនាក់ទំនងកម្ពុជានិងចិន ធ្វើឡើងដើម្បីទាក់ទាញទេសចរ និងការវិនិយោគចូលមកកម្ពុជា។
លោកថ្លែងថា៖«កាលពីខែមករា កន្លងទៅនេះកម្ពុជាចិន បានប្រារព្ធពិធីមួយបានប្រកាសយកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ នេះជាព្រឹត្តិការណ៍មួយសំខាន់ណាស់ មានន័យថា ការផ្លាស់ប្តូរប្រជាជន និងប្រជាជននេះ ធ្វើម៉េចឱ្យប្រជាពលរដ្ឋកម្ពុជាយើង ហើយនិងប្រជាជនចិន យល់គ្នាទៅវិញទៅមកកាន់តែច្បាស់។ ជាពិសេសគឺផ្នែកវប្បធម៌នេះឯង។ គោលដៅគឺ ដើម្បីទាក់ទាញទេសចរ និងវិនិយោគ»។
អ្នកនាំពាក្យរូបបន្ថែមថា នៅពេលដែលប្រជាជនចិនមានការយល់ដឹងពីវប្បធម៌ខ្មែរច្បាស់លាស់ នោះវានឹងធ្វើឱ្យកំណើននៃភ្ញៀវទេសចរចិនចូលមកលេងប្រទេសកម្ពុជាកាន់តែច្រើន។
យ៉ាងណាមិញលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព សាទរចំពោះការបន្តបង្កើនទំនាក់ទំនងកម្ពុជានិងចិន ក្នុងវិស័យទេសចរណ៍ និងវប្បធម៌ ដែលលោកថា វានឹងជួយសម្រួលដល់ការរកចំណូលរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែលោកថា រដ្ឋាភិបាលក៏ត្រូវតែពិភាក្សាជាមួយភាគីចិនឱ្យច្បាស់លាស់ ដើម្បីកុំឱ្យមានភ្ញៀវទេសចរចិនឆ្លៀតឱកាសមកបង្កភាពចលាចលនៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «កន្លងមកមានពាក់ព័ន្ធជាមួយនឹងជនជាតិចិនដែលបង្កបញ្ហាស្មុគស្មាញច្រើន ប្រព្រឹត្តបទឧក្រិដអីផ្សេងៗដែលជាអ្នកទេសចរបាទ។ អ៊ីចឹង រឿងនេះរដ្ឋាភិបាលលោកគួរតែមានការប្រុងប្រយ័ត្ន ហើយនិងមានការជជែកជាមួយនិងខាងភាគីចិនហ្នឹង ឱ្យបានច្បាស់លាស់ដែរបាទ។ គួរតែធ្វើយ៉ាងណាកុំឱ្យទេសចររបស់ចិន អ្នកដែលខិលខូច អាចធ្វើឱ្យប៉ះពាល់ដល់អ្នកទេសចរដទៃទៀតរបស់ចិនក្តី របស់បណ្តាប្រទេសផ្សេងៗក្តី ដែលគេមក ចង់មកទស្សនាកម្ពុជា»។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ក្នុងឆ្នាំ ២០២៤ នេះ គឺជាឆ្នាំនៃផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កម្ពុជានិងចិន ក្នុងការបង្កើនទំនាក់ទំនងវប្បធម៌ និងទេសចផ្លាស់ប្តូរគ្នាទៅវិញទៅមក ដើម្បីជាផលប្រយោជន៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងផលប្រយោជន៍ពីទេសចរក្នុងការរកចំណូលជូនជាតិផងដែរ។
លោកថា ទេសចរចិនគឺ ជាទីផ្សារទេសចរដ៏ធំមួយ ដែលបណ្តាប្រទេសជុំវិញពិភពលោកតែងតែរៀបចំផែនការយុទ្ធសាស្រ្តឬទីផ្សារសម្រាប់ទាក់ទាញទេសចរចិន មិនមែនសម្រាប់តែកម្ពុជាមួយនោះទេ។
លោកថា៖ «កម្ពុជាយើងក៏ដូចគ្នា ក៏យើងមានយុទ្ធសាស្រ្តក្នុងការទាក់ទាញទេសចរចិនមកលេងកម្ពុជាដែរ តែមិនមែនមានន័យថាកម្ពុជាទទួលយកតែទេសចរចិនប៉ុណ្ណឹងទេ យើងទទួលយកគ្រប់ទេសចរទាំងអស់។ ជាពិសេស នៅខេត្តសៀមរាបនៅក្នុងរយៈពេលចុងក្រោយនេះទេសចរពីខាង អ៊ឺរ៉ុបពីអាមេរិកមកគឺមានចំនួនច្រើន»។
លោក តុប សុភ័ក ថា រដ្ឋាភិបាលបានដាក់ចេញកម្មវិធីពិសេសៗជាច្រើន ក្នុងខេត្តសៀមរាបដែលជាគោលដៅទាក់ទាញទេសចរសំខាន់ជាងគេ ក្នុងការទាក់ទាញទេសចរចិន ឱ្យបានច្រើនដល់កម្រិតមួយមុនវិបត្តិកូវីដ១៩។
លោកថ្លែងថា៖ «យើងត្រូវការបង្កើតនូវកម្មវិធីពិសេសៗឱ្យបានច្រើននៅខេត្តសៀមរាបនេះ ដើម្បីទាក់ទាញទេសចរ ទាំងឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនចិនក៏ដូចជាឆ្នាំនៃទេសចរ វប្បធម៌ កម្ពុជាឥណ្ឌា ដែលសុទ្ធតែយើងបានគ្រោងនឹងរៀបចំនៅខេត្តសៀមរាបនេះជា បន្តបន្ទាប់សំដៅទាក់ទាញទេសចរ មិនចំពោះតែទេសចរចិនមួយទេ គឺគ្រប់ទេសចរទាំងអស់ ដែលមកលេងកម្ពុជាយើង»។
បើតាមទិន្នន័យដែលផ្តល់ដោយមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរចិនប្រមាណ ៤៥ ម៉ឺននាក់។ ចំនួននេះបានធ្លាក់ចុះពីកំណត់ត្រាភ្ញៀវទេសចរចិនចំនួន ២លាន ៣សែននាក់ ក្នុងឆ្នាំ ២០១៩ ដែលជាចំនួនភ្ញៀវទេសចរបរទេសលំដាប់លេខ ១ ក្នុងប្រទេសកម្ពុជា។ យោងតាមតួលេខរបស់ក្រសួងទេសចរណ៍ ភ្ញៀវទេសចរចិនមានតែ ៩ម៉ឺននាក់ប៉ុណ្ណោះ បានមកប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២២។
គួរបញ្ជាក់ថា ភ្ញៀវទេសចរបរទេសប្រមាណ ៨០ ម៉ឺននាក់មកទស្សនារមណីយដ្ឋានអង្គរ ក្នុងឆ្នាំ ២០២៣ ដែលចំនួននេះកើនឡើងប្រមាណ ១៧០% បើធៀបនឹងឆ្នាំ ២០២២។ ប៉ុន្តែចំនួននេះនៅទាបនៅឡើយ បើធៀបនឹងឆ្នាំដែលពិភពលោកមិនទាន់ជួបនឹងវិបត្តិជំងឺកូវីដ១៩ ដែលក្នុងមួយឆ្នាំ ភ្ញៀវបរទេសជាង២លាននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។
ទោះជាយ៉ាងណា កម្ពុជាកំពុងបន្តតស៊ូដើម្បីសម្រេចគោលដៅរបស់ខ្លួន ក្លាយជាមជ្ឈមណ្ឌលទេសចរចិន ដោយបានកសាងកេរ្តិ៍ឈ្មោះជាគោលដៅទាក់ទាញភ្ញៀវទេសចរ មុនជំងឺរាតត្បាតកូវីដ១៩ ហើយកាលពីចុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាបានដាក់ឱ្យដំណើរការព្រលានយន្តហោះថ្មីមួយដែលជាជំនួយដោយប្រទេសចិន ក្រោមគម្រោងគំនិតផ្តួចផ្តើម ផ្លូវក្រវាត់ពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) ដែលនៅមិនឆ្ងាយពីប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ដែលជាតំបន់បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ៕