ភាគីកម្ពុជានិងចិន កាលពីថ្ងៃពុធ បានចុះកិច្ចព្រមព្រៀមលើឯកសារចំនួន១៨ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ហើយភាគីចិនក៏បានផ្តល់ជំនួយដល់កម្ពុជាផងដែរ ដើម្បីអភិវឌ្ឍវិស័យផ្សេងៗ។ នេះបើយោងតាមសារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ឯកសារដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នោះរួមមាន អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មកសិកម្មរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន និងអនុស្សរណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ នៅកម្ពុជា ជាដើម។ល។
ក្រៅពីនេះ ចិនក៏បានផ្តល់ជំនួយជាប្រាក់ចំនួន២០០លានយ័ន្ត ឬប្រមាណ២៧លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលប្រកាសថា សម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋ។
ភាគីចិននឹងបន្តជួយដល់ការស្តារឡើងវិញនូវបេតិកភណ្ឌកម្ពុជា បង្កើនចំនួននិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ជួយដល់សកម្មភាពដោះមីន ជួយដល់ការរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខ។
ពិធីចុះហត្ថលេខាលើជំនួយទាំងនោះធ្វើឡើងនៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ក្នុងពេលមេដឹកនាំចិនធ្វើដំណើរមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កម្ពុជាត្រូវបានមើលឃើញថា មានភាពស្និទ្ធស្នាលទៅកាន់ប្រទេសចិនដែលបានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់មកកម្ពុជា។ ប៉ុន្តែប្រទេសមួយនេះក៏បានក្លាយជាម្ចាស់បំណុលធំជាងគេសម្រាប់កម្ពុជាផងដែរ។
បើតាមទិន្នន័យផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា គិតត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ២០២២នេះ កម្ពុជាជំពាក់បំណុលបរទេសប្រមាណ៩៦០០លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាជំពាក់ប្រទេសចិនចំនួន៤១%នៃបំណុលសរុប។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លោក វណ្ណ ប៊ុនណា យល់ថា ទំនាក់ទំនងកម្ពុជានិងចិនបានឈានដល់កម្រិតកំពូល បើប្រៀបធៀបជាមួយទំនាក់ទំនងកម្ពុជាជាមួយបណ្តាប្រទេសផ្សេងទៀត ដោយហេតុថាមេដឹកនាំនៃប្រទេសទាំងពីរតែងតែបង្ហាញនូវភាពល្អូកល្អើន និងស្អិតល្មួតជាមួយគ្នា។
ទោះជាយ៉ាងណា បើតាមលោក វណ្ណ ប៊ុនណា ការងាកខ្លាំងរបស់កម្ពុជាទៅកាន់ប្រទេសចិនអាចជះផលអាក្រក់ដល់ខ្លួនឯង ពីព្រោះថា ការប្រកួតប្រជែងរវាងមហាអំណាចអាមេរិក និងចិនកំពុងតែឡើងកំដៅ។ ហេតុនេះកម្ពុជាមិនត្រូវធ្វើឱ្យល្អក់កករខ្លាំងក្នុងទំនាក់ទំនងជាមួយអាមេរិកឡើយ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវទិសដៅគោលនយោបាយការបរទេសរបស់ខ្លួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកថ្លែងថា៖ «អ៊ីចឹងទេ កម្ពុជាក្នុងនាមជារដ្ឋតូច បើទោះជាមានទំនាក់ទំនងជាមួយចិនល្អយ៉ាងណាក៏ដោយ ក៏ប៉ុន្តែធ្វើយ៉ាងណាកុំឱ្យមានទំនាក់ទំនងរកាំរកូសខ្លាំងជាមួយនឹងសហរដ្ឋអាមេរិក។ ដ្បិតសហរដ្ឋអាមេរិកអាចប្រើប្រាស់វិធីសាស្ត្រគ្រប់យ៉ាងក្នុងការធ្វើឱ្យកម្ពុជាមានផលវិបាកផងដែរ។ ដូច្នេះក្នុងនាមជារដ្ឋតូច កម្ពុជាគួរតែក្លាយទៅជារដ្ឋមួយដែលអាចទាញយកផលប្រយោជន៍ពីសហរដ្ឋអាមេរិកនិងចិន។ អ្វីដែលសំខាន់គឺកម្ពុជាផ្អែកទៅលើមាត្រា ៥៣ នៃរដ្ឋធម្មនុញ្ញរបស់ខ្លួនអំពីគុណតម្លៃនៃទំនាក់ទំនង ឬក៏ការកាន់គោលជំហរអព្យាក្រឹតរបស់ខ្លួននៅក្នុងទំនាក់ទំនងការបរទេស»។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់បានអះអាងថា មិត្តភាពរវាងកម្ពុជា និងចិនគឺជាមិត្តភាពដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់លោក Xi និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បើតាមលោក សុខ ឥសាន កម្ពុជាគោរពទៅតាមរដ្ឋធម្មនុញ្ញក៏ដូចជាគោលនយោបាយការបរទេសរបស់ខ្លួន ដោយមិនលម្អៀងទៅកាន់ប្រទេសណាតែមួយឡើយ ជាពិសេសវាដើរស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលថា កម្ពុជាមិនយកប្រទេសណាមួយជាសត្រូវ៕