អ្នក​វិភាគ៖ ​កង្វះ​វិធានការ​សន្តិសុខ​និង​ទំនុកចិត្ត​ចំពោះ​តុលាការ​ជា​ដើម​ហេតុ​នៃ​អំពើ​ហិង្សា​តាម​ដង​ផ្លូវ

ជនជាតិ​វៀតណាម​នៅ​ផ្សារ​ព្រែក​ភ្នៅ​នៅ​ជាយ​ក្រុង​ភ្នំពេញ នៅ​ឆ្នាំ​២០១២។

ក្រុម​អ្នកវិភាគ​បង្ហាញ​ឲ្យ​ឃើញ​ថា​ អំពើ​ហិង្សា​តាម​ដង​ផ្លូវ​លើ​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​ឬ​ពលរដ្ឋ​ដទៃ ​កើត​ចេញ​ពី​ការណ៍​ដែល​រដ្ឋាភិបាល​ខកខាន​ក្នុង​ការ​រៀបចំ​យន្តការ​ធានា​សន្តិសុខ​ពលរដ្ឋ​ខ្លួន​ និង​ម្យ៉ាង​ទៀត​គឺ​ការ​មិន​ទុក​ចិត្ត​ដល់​ប្រព័ន្ធ​តុលាការ​របស់​ពលរដ្ឋ។ ​ក្រុម​អ្នក​វិភាគ​បាន​ទទូច​ឲ្យ​មាន​ការ​រឹត​បន្តឹង​ច្បាប់​និង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​នេះ។

រដ្ឋាភិបាល​កម្ពុជា​នៃ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ជា​គោលដៅ​នៃ​ការ​ស្តី​បន្ទោស​ ទៅ​លើ​អំពើ​ហិង្សា​នានា​ ការ​ចោមរោម​វាយ​សម្លាប់​ជនជាតិ​វៀតណាម​និង​ជនជាតិ​ខ្មែរ​តាម​ដង​ផ្លូវ​ដោយ​ហ្វូង​មនុស្ស​ដែល​មាន​កំហឹង។​ ការ​ស្តី​បន្ទោស​កើត​ ឡើង​ដោយ​សារ​តែ​យន្តការ​ទប់​ស្កាត់​របស់​អាជ្ញាធរ​មិន​មាន​ប្រសិទ្ធភាព​ ហើយ​ មួយ​ទៀត​ការ​ពង្រឹង​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ការ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​មិន​ទាន់​កើត​មាន​ដែរ។

បញ្ហា​វាយ​សម្លាប់​ជនជាតិ​វៀតណាម​ចុងក្រោយ​ម្នាក់​កាល​ពី​ដើម​ឆ្នាំ​ឈ្មោះ​ង្វៀន វ៉ាន់ ​ជៀន ​អាយុ​២៨ឆ្នាំ​ជា​ជាង​ឈើ​ បាន​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា​ ជា​ការ​រើសអើង​ជាតិ​សាសន៍​ និង​ខ្លះ​ថា​ជា​ការ​វាយ​សម្លាប់​តាម​ទម្លាប់​កំហឹង​អ្នក​ស្រុក​ធម្មតា។​ ប៉ុន្តែ​ឧបទ្ទវហេតុស្រដៀង​គ្នា​នេះ​ដោយ​មាន​ការ​ព្រួត​វាយ​សម្លាប់ គឺ​កើត​ឡើង​ចំពោះ​ជនជាតិ​ខ្មែរ​ដែរ​នៅ​ពេល​មាន​ការ​ស្រែក​ឬ​ញុះ​ញ៉ង់​ពី​ក្រុម​មនុស្ស​ថា​នរណា​ម្នាក់​ជា​ចោរ​នោះ។

លោក ​ហ្វ៊ីល រ៉ប៊ីតសុន ​( Phil Robertson) ​នាយក​រង​អង្គការ​សិទ្ធិ​មនុស្ស​យូមែន​រ៉ៃវ៉ច (Human Rights Watch) ​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ខកខាន​ក្នុង​ការ​ផ្តល់​ការ​ធានា​សន្តិសុខ​ជា​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​ ហើយ​ការ​មិន​ទុក​ចិត្ដ​ដល់​ប្រព័ន្ធ​តុលាការ​ជា​រឿង​បង្ក​ឲ្យ​កើត​មាន​ការ​វាយ​សម្លាប់​តាម​ដង​ផ្លូវ​នោះ​ដែរ​កន្លង​មក។

លោក​ថ្លែង​ថា៖ «សកម្មភាព​របស់​អ្នក​តាំង​ខ្លួន​ការពារ​យុត្តិធម៌​នេះ​បង្ហាញ​ថា​ ពលរដ្ឋ​មាន​បំណង​ចាត់​វិធានការ​ដោយ​ផ្ទាល់​ដៃ​ពួកគេ​ដែល​ជា​រឿង​ដ៏​គួរ​ឲ្យ​សោក​ស្តាយ។​ ពួក​គេ​ព្យាយាម​ប្រើ​អំពើ​ហិង្សា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ជា​ការណ៍​ពិត​គួរត្រូវ​ដោះស្រាយ​ដោយ​តុលាការ​នោះ។ តែ​បញ្ហា​នៅ​តុលាការ​គឺ​តុលាការ​ពុក​រលួយ​ តុលាការ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដោយ​នយោបាយ​គឺ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់គ្រង​អំណាច។​ មាន​ករណី​ជា​ច្រើន​ដែល​ចៅក្រម​និង​ព្រះរាជអាជ្ញា​គ្មាន​សមត្ថភាព​អាច​ធ្វើ​ការ​ស៊ើបអង្កេត​ដោយ​ពិត​ប្រាកដ​ឬ​ក៏​បើក​ការ​កាត់​ក្តី​ដោយ​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​តាម​ដំណើរការ​នីតិវិធី​ដោយ​យុត្តិធម៌​នោះ»។

លោក​បាន​បន្ថែម​ថា​ ប្រព័ន្ធ​តុលាការ​កម្ពុជា​មិន​បាន​កែទម្រង់​សោះ​រយៈ​ពេល​២០ ​ឆ្នាំ​តាំង​ពី​មាន​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​មក។

«វា​ជា​កំណត់​ត្រា​យុត្តិធម៌​ដ៏​គួរ​ឲ្យ​អាម៉ាស់​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​វា​បាន​បង្ហាញ​ ពី​មូលហេតុ​មួយ​ដែល​ពលរដ្ឋ​តិចតួច​ណាស់​ដែល​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការកម្ពុជា»។

លោក​មេធាវី ​សុក សំអឿន ​នាយកប្រតិបត្តិ​នៃ​អង្គការ​ការពារ​សិទ្ធិ​កម្ពុជា​បាន​ ថ្លែង​ថា​ បញ្ហា​អំពើ​ហិង្សា​និង​ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​នោះ​កើត​ឡើង​តាំង​ពី​ ទសវត្សរ៍​១៩៩០​មក​ដោយ​ជា​រឿយៗ​កើត​ឡើង​នៅ​ពេល​គេ​ស្រែក​ថា​ចោរ។

«បញ្ហា​ហ្នឹង​ទី១​ដោយ​សារ​កន្លង​មក​យើង​អត់​មាន​វិធានការ​ច្បាប់​ចំពោះ​ថា​ ឧទាហរណ៍​ថា​ មាន​រឿង​ហ្នឹង​កើតឡើង​ តើ​អាជ្ញាធរ​ត្រូវ​មាន​វិធានការ​យ៉ាង​ម៉េច​ ដើម្បី​ទប់​ស្កាត់​អី។ កន្លង​មក​យើង​អត់​មាន​ អត់​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។ យើង​គ្រាន់​តែ​ការពារ​ប៉ុណ្ណឹង​ទេ​ ហើយ​នៅ​ពេល​ដែល​ស្លាប់​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ស្លាប់​ ទៅ។​ វា​ពិបាក​អញ្ចឹង។​ ហើយ​បញ្ហា​នៅ​ពេល​មាន​រឿង​អញ្ចឹង​កើត​ឡើង​មនុស្ស​ ចេះ​តែ​ចោមរោម​នេះ​ម្យ៉ាង។​ ហើយ​ម្យ៉ាង​ទៀត​ដោយ​សារ​ប្រព័ន្ធ​តុលាការ។ ប្រព័ន្ធ​តុលាការ​ម៉េច​ គឺ​ដោយសារ ​ប្រជា​ពលរដ្ឋ​គាត់​អត់​ទុកចិត្ត​ថា​តុលាការ​ កាត់ក្តី​យុត្តិធម៌​ ជួន​កាល​ចោរ​រួច​ខ្លួន»។

លោក​ថ្លែង​ថា​ វិធានការ​ដែល​អាច​កាត់​បន្ថយ​រឿង​នេះ​គឺ​ការ​ដែល​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ តុលាការ​ និង​វិធាន​ការ​របស់​អាជ្ញាធរ​ឲ្យ​មាន​ការ​ជឿទុក​ចិត្ត​ពី​ពលរដ្ឋ។

ដោយ​ឡែក​លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​បាន​ អះអាង​ថា ​រដ្ឋាភិបាល​ត្រូវ​បញ្ចប់​ហិង្សា​នេះ។

«ខ្ញុំ​ថា​ប្រព័ន្ធ​ច្បាប់​និង​ប្រព័ន្ធ​តុលាការ​នេះ​ទៅ​ជាមួយ​គ្នា។​ បើ​សិន​ជា​តុលាការ​អត់​ ដាក់​ទណ្ឌកម្ម​ទេ​ អត់​ពឹង​ពាក់​បាន​ទេ​នោះ ​គឺ​រឿង​នេះ​នឹង​នៅ​អញ្ចឹង​ទៅ»។

លោក​បាន​រំលឹក​ឲ្យ​មាន​ការ​បែង​ចែក​ឲ្យ​ច្បាស់​អំពី​ការ​ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​ ច្បាប់​ដូច​ជា​ការ​ទាមទារ​ជនជាតិ​ដទៃ​មិន​ឲ្យ​បោះឆ្នោត​ហើយ​នឹង​ការ​រើសអើង​ជាតិ​សាសន៍​នោះ។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ ពន្យល់​ថា៖ «អញ្ចឹង​ហើយ​បាន​ជា​ពេល​បោះឆ្នោត​គេ​យក​អំណាច​គេ​វិញ​ទៅ​ឃាំង។ ​ពួកគេ​យល់​ថា​ជនជាតិ​វៀតណាម​ហ្នឹង​មិន​ឲ្យ​បោះឆ្នោត។​ រឿង​ហ្នឹង​ត្រឹមត្រូវ​របស់​គេ​អត់​ខុស​ទេ​ ព្រោះគេ​ប្រគល់​អំណាច​ឲ្យ​រដ្ឋាភិបាល​ការពារ​ផល​ប្រយោជន៍​របស់​គេ​ រួច​រដ្ឋាភិបាល​អត់​ធ្វើ​រាប់​ឆ្នាំ​ហើយ​ អរគុណ​គេ​យក​អំណាច​គេវិញ»។

ពលរដ្ឋ​ខ្មែរ​នៅ​តាម​តំបន់​មួយ​ចំនួន​បាន​រារាំង​ជនជាតិ​វៀតណាម​មិន​ឲ្យ​បោះឆ្នោត​ ដោយសារ​ថា​ពួកគេ​កាន់​កាត​ខ្មែរ ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ ​មិន​ត្រូវ​គេ​ស្គាល់​ថា​មាន​លំនៅ​ពិត​ប្រាកដ។​ បញ្ហា​នេះ​កើត​ឡើង​ដោយសារ​អាជ្ញាធរ​គ្មាន​យន្តការ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​ការ​សង្ស័យ​ទៅ​លើ​ភាព​ស្រប​ច្បាប់​របស់​ពួក​ ជនជាតិ​វៀតណាម​ទាំងនោះ​ជា​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់​ឬ​ខុស​ច្បាប់។

លោក​បាន​អះអាង​ថា ​ប្រទេស​លោក​ខាង​លិច​មាន​អារម្មណ៍​ថា​ជា​ការ​គំរាម​ដល់​ ប្រទេស​គេ​នៅ​ពេល​មាន​ជនអន្តោរ​ប្រវេសន៍​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​គេ​ ច្រើន​ពេក​ ហើយ​មាន​ប្រទេស​ខ្លះ​មិន​ទទួល​យក​ជន​ភៀស​ខ្លួន​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​អះអាង​ ថា​ការ​ប្រតិបត្តិ​ច្បាប់​និង​ការ​អនុវត្ត​ច្បាប់​ត្រូវការ​ពេលវេលា​មិន​ថា​ប្រជាជាតិ​ ណា​មួយ​ទេ ​គឺ​ដើម្បី​ពលរដ្ឋ​បាន​ចូលរួម​និង​ត្រូវ​តាម​ស្ថានការ​ប្រទេស​ជាតិ។

«យើង​ឃើញ​ថា​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​នៅ​ក្នុង​សង្គម​ដែល​យើង​ធ្លាប់​រស់ នៅ​គឺ​ជំនាន់​ប៉ុល ពត ​ដែល​សូម្បី​តែ​លួច​ម្ទេស​១គ្រាប់​ក៏​គេ​សម្លាប់​ចោល​ដែរ។​ តែ​ ក៏​មិន​ធ្វើ​ឲ្យ​សង្គម​ហ្នឹង​ក្លាយ​ជា​សង្គម​សមធម៌​ពោរពេញ​ទៅ​ដោយ​គុណធម៌​ គឺ​អត់​មាន​អញ្ចឹង​ទេ។​ ការ​អនុវត្ត​ច្បាប់​នៅ​ពេល​នោះ​គឺ​ការ​អនុវត្ត​ច្បាប់​ដោយ​ហិង្សា​ ដោយ​ការ​ដាក់​ទណ្ឌកម្ម​ មិន​មែន​ការ​អនុវត្ត​ច្បាប់​តាម​រយៈ​ការ​ដឹង​ ការ​យល់ ការ​ចូលរួម​ទេ»។

លោក​បាន​អះអាង​ថា ​សូម្បី​តែ​ការ​ប្រតិបត្តិ​ច្បាប់​ចរាចរ​បច្ចុប្បន្ន​ក៏​ពលរដ្ឋ​ទាំងអស់​គ្នា​មិន​ទាន់​អាច​អនុវត្ត​បាន​ផង​ ហើយ​លោកថា​នេះ​មិនមែន​ជា​កំហុស​របស់​រដ្ឋាភិបាល​និង​ជា​កំហុស​របស់​ពលរដ្ឋ​ដែរ​ ដោយ​សារ​កម្ពុជា​ត្រូវការ​សន្តិភាព​និង​ស្ថិរភាព​រយៈពេល​វែង​ដើម្បី​ឲ្យ​ភាគី​ទាំងអស់​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​នូវ​ការ​អនុវត្ត​និង​ប្រត្តិបត្តិ​តាម​ច្បាប់​នេះ។

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​ យ៉ង គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព​បាន​ស្តី​បន្ទោស​ដល់​គណបក្ស​នយោបាយ​ទាំង​ពីរ​ចំពោះ​ការ​ខកខាន​ក្នុង​ការ​អនុវត្ត​ច្បាប់​និង​ការ​មិន​បាន​ទប់​ស្កាត់​រឿង​ការ​រើសអើង​ជាតិ​សាសន៍​នេះ។

«ជា​ការណ៍​ពិត​គឺ​រដ្ឋាភិបាល​ព្យាយាម​អនុវត្ត​ច្បាប់​ទៅ។ ហើយ​គណបក្ស​សង្គ្រោះ​ ជាតិ​ក៏​កុំ​ប្រើ​វោហាស័ព្ទ ​ឲ្យ​វា​មាន​ភាព​រស៊ើប​ទៅ​ នោះ​គឺអាច​បញ្ចប់​បាន​ហើយ»។

លោក​សង្កេត​ឃើញ​ថា​ ការ​ប្រើ​អំពើ​ហិង្សា​តាម​ដងផ្លូវ​នេះ​កើត​ឡើង​ជា​ហូរហែរ​ មិន​ចាំបាច់​តែ​ជនជាតិ​វៀតណាម​ទេ​ ខ្មែរ​និង​ខ្មែរ​ដូច​គ្នា​ក៏​កើត​មាន​ដែរ​នៅ​ពេល​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ឬ​ចោរកម្ម​នានា​នោះ។

«ហើយ​កន្លង​មក​ការ​វាយ​តប់​តាម​ដង​ផ្លូវ​ ការ​គ្រោះថ្នាក់​ចរាចរ​តាម​ដង​ផ្លូវនេះ​មិន​ មាន​ការ​ផ្តន្ទា​ទោស​ តែច្រើន​តែ​សម្របសម្រួល​ ច្រើន​រួច​ទោស​ទៅ។ យូរៗ​ទៅ​ក៏​ វា​ធ្វើ​ឲ្យ​វប្បធម៌​រួច​ទោស​ហ្នឹង​ វា​មាន​បន្ត​បន្ទាប់​អញ្ចឹង​ទៅ»។

លោក​បាន​កត់​សម្គាល់​ឃើញ​ថា​អំពើ​ហិង្សា​លើ​ទាហ៊ាន​អង្គការ​សហប្រជាជាតិ​ដែល​ចូល​មក​រក្សា​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ដើម​ទសវត្សរ៍​១៩៩០​ខ្លះ​ក៏បាន​កើត​ឡើង​ដែរ។​ អ្នក​បើក​រថយន្ត​ជា​ទាហ៊ាន​អង្គការ​សហប្រជាជាតិ​ឬ​គេ​ស្គាល់​ថា​អ៊ុនតាក់​នោះ​ ត្រូវ​គេ​បាញ់​សម្លាប់​ដោយសារ​តែ​ការ​បើក​ឡាន​សាច​ទឹក​ដាក់​ភាគី​ម្ខាង​ទៀត។

លោក​គឹមអេង​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​ត្រូវ​គេ​គិត​ថា​មិន​អនុវត្ត​ច្បាប់​ទេ​ប្រសិន​បើ​បណ្តែត​បណ្តោយ​នោះ​ធ្វើ​ឲ្យ​បញ្ហា​ចេះ​តែ​កើត​មាន​ឡើង​ ហើយ​នឹង​បណ្តោយ​ឲ្យ​ក្តី​បារម្ភ​របស់​ប្រជា​ពលរដ្ឋ​ចេះ​តែ​រីកធំ​ឡើង។​ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​សំដៅ​ទៅ​លើ​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដ៏​រស៊ើប​ដែល​ចូល​មក​កម្ពុជា​ ហើយ​ត្រូវ​ភាគី​នយោបាយ​ឆ្លៀត​បកស្រាយ​ដើម្បី​ផលប្រយោជន៍​នយោបាយ​រៀងៗ​ខ្លួន​ជា​ពិសេស​វា​កាន់តែ​រីកធំ​ឡើង​នៅ​ពេល​មាន​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ម្តងៗ។

បន្ថែម​លើ​បញ្ហា​អត្ថាធិប្បាយ​របស់​អ្នក​នយោបាយ​ដែល​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ ទៅ​មក​អំពី​ការ​រើសអើង​ជាតិ​សាសន៍​ចំពោះ​ជនជាតិ​វៀតណាម​នោះ​ លោក​ សុខ សំអឿន​ បាន​អះអាង​ថា៖

«អាហ្នឹង​វា​ធម្មតា​ទេ​ អ្នក​នយោបាយ​ចេះតែ​ឆ្លៀត​ដើម្បី​យក​កេង​ចំណេញ​ទៅ​ ណា។​ ហើយ​ត្រង់​ហ្នឹង​ខាង​សមាគម​វៀតណាម​អី​បាន​ឱកាស​អញ្ចឹង​ឆ្លៀត​អញ្ចឹង​ ទៅ​ដើម្បី​យ៉ាង​ហោច​ណាស់​ក៏​អាច​កាត់​បន្ថយ​អំពើ​ហិង្សា​ទៅ​លើ​គ្នា​គាត់​ដែរ។ វា​អាច​នយោបាយ​ចូល​លាយ​ឡំ​រឿង​នេះ»។

ក៏ប៉ុន្តែ ​លោក ​ហ្វ៊ីល រ៉ប៊ីតសុន ​( Phil Robertson)​ នាយករង​អង្គការ​សិទ្ធិ​មនុស្ស​ យូមែន​រ៉ៃវ៉ច​តំបន់​អាស៊ី​បាន​ព្រមាន​ថា​ការ​ពាក់ព័ន្ធ​នឹង​ពាក្យ​ញុះញ៉ង់ ​អុចអាល​ឲ្យ​មាន​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជនណា​ម្នាក់​ដោយ​ផ្អែក​ទៅ​លើ​ពូជ​សាសន៍ ​គឺ​ជា​ការ​រើស​អើង​ជាតិ​សាសន៍​ហើយ​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ ​ហើយ​នឹង​រំលោភ​សិទ្ធិ​មនុស្ស​ដែល​អ្នក​ប្រព្រឹត្ត​ត្រូវ​ស៊ើប​អង្កេត​និង​ផ្តន្ទា​ទោស​តាម​ច្បាប់៕