ប្រទេសកម្ពុជាមិនបានអនុញ្ញាតហើយក៏នឹងមិនអនុញ្ញាតឲ្យកងទ័ពបរទេសណាមួយប្រើប្រាស់មូលដ្ឋានយោធារបស់កម្ពុជាផ្តាច់មុខនោះឡើយ។ នេះគឺជាការបញ្ជាក់ឡើងវិញម្តងទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ។
ក្រោយពីខានថ្លែងជាសាធារណៈអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ លោកហ៊ុន សែនបានមានប្រសាសន៍នៅក្នុងខេត្តព្រះសីហនុនៅថ្ងៃទី១ខែមិថុនាឆ្នាំ២០២០ថា៖ «កម្ពុជាជាប្រទេសឯករាជ្យនិងអធិបតេយ្យភាព។ កម្ពុជាមិនចូលរួមជាមួយអ្នកនេះប្រឆាំងជាមួយអ្នកនោះ និងមិនអនុញ្ញាតឲ្យមានទីតាំងយោធាបរទេសនៅលើទឹកដីរបស់ខ្លួន»។
លោក ហ៊ុន សែនថ្លែងបែបនេះ ដោយសារលោកអះអាងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានការផ្ញើសារពីឯកអគ្គរដ្ឋទូតបរទេសមួយដែលលោកស្នើសុំមិនបង្ហាញឈ្មោះថាកម្ពុជា«បានអនុញ្ញាតឲ្យកំពង់ផែយោធារាមទៅឲ្យចិនប្រើប្រាស់ផ្តាច់មុខ»។
ការថ្លែងរបស់លោក ហ៊ុន សែនចុងក្រោយបំផុតនេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍និងការសង្ស័យកន្លងមកថា ចិនកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងតំបន់ជាប់មាត់សមុទ្ររបស់កម្ពុជារួមទាំងកំពុងផែសមុទ្ររាមផងដែរដើម្បីឲ្យចិនអាចប្រើប្រាស់យោធារបស់ខ្លួនបាននៅពេលណាមួយដែលចាំបាច់។
ប៉ុន្តែ លោក ហ៊ុន សែនថ្លែងថា កំពង់ផែសមុទ្ររាមរបស់កម្ពុជាគឺសម្រាប់«មិត្តភក្តបរទេសទាំងឡាយ»។
«មូលដ្ឋានជើងទឹករាមនឹងទទួលស្វាគមន៍គ្រប់ប្រទេសទាំងអស់ដែលមានបំណងចូលនាវាចម្បាំងរបស់ខ្លួនមកសុំចតឈប់សម្រាក ឬក៏ចូលរួមធ្វើសមយុទ្ធជាមួយកម្ពុជា។ យើងមិនមែនធ្វើតែជាមួយចិនទេ។ អាមេរិកចង់ធ្វើ ក៏សូមអញ្ជើញ!»៕