ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា កាលពីថ្ងៃចន្ទ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយភាគីថៃ ក្នុងការរួមគ្នាបង្រ្កាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន និងទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ស្របពេលដែលជនជាតិថៃបានក្លាយជាជនរងគ្រោះនៃអំពើល្មើសទាំងនេះនៅក្នុងទឹកដីកម្ពុជា។
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់រួមគ្នាមួយជាមួយលោក Chaiwut Thanakamanusorn រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថលរបស់ប្រទេសថៃ លើការទប់ស្កាត់បង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន និងដោះស្រាយការឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមសារដែលបង្ហោះលើហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។
កាលពីខែចុងខែមករា ឆ្នាំ២០២២ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍កម្ពុជាបានព្រមព្រៀងជាមួយភាគីថៃក្នុងការសហការទប់ស្កាត់និងបង្ក្រាបការលេងល្បែង និងការឆបោកប្រាក់ឆ្លងដែនតាមប្រព័ន្ធអ៊ីនធឺណិត ដោយបានឯកភាពគ្នាលើវិធានការចំនួនបួន ដែលរួមមានការបង្កើតបណ្តាញទំនាក់ទំនងគោលសម្រាប់អាជ្ញាធរប្រទេសទាំងពីរតាមដានជនសង្ស័យ ការចែករំលែកព័ត៌មានពាក់ព័ន្ធសំឡេងឆ្លើយឆ្លងគ្នាតាមបណ្តាញអ៊ីនធឺណិត(VOIP) អាសយដ្ឋានអ៊ីនធឺណិត(IP) និងកំណត់ត្រាទំនាក់ទំនងរបស់ជនសង្ស័យ ការបង្កើតក្រុមបង្ក្រាបក្នុងប្រទេសទាំងពីរ និងការដាក់ចេញអនុស្សរណៈយោគយល់គ្នា(MoU)។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ចេញផ្សាយកាលចុងខែមករា។ ចំណាត់ការរបស់ភាគីថៃធ្វើឡើង ស្របពេលមានសេចក្តីរាយការណ៍ថាប្រជាជនថៃបានក្លាយជាជនរងគ្រោះជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា ក្នុងប្រព័ន្ធឆបោកតាមបច្ចេកវិទ្យា។ ជនរងគ្រោះជាជនជាតិថៃត្រូវបានជួយសង្គ្រោះជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា។
លោក Chaiwut រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងសង្គមកិច្ចឌីជីថលរបស់ប្រទេសថៃ ត្រូវបានសារព័ត៌មានបាងកកប៉ុស្តិ៍ដកស្រង់សម្តីកាលពីចុងខែមករា ឆ្នាំ២០២២ថា៖ «ទីតាំងប្រតិបត្តិការផ្ទេរប្រាក់ត្រូវបានគេតាមដានឃើញថាកើតមាននៅក្នុងរាជធានីភ្នំពេញ និងក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជា ដែលជាកន្លែងលាងលុយ ដោយផ្លាស់ប្តូរទៅជារូបិយបណ្ណរូបវន្ត និងឌីជីថល»។
លោក Chaiwut បានអះអាងថាជនរងគ្រោះនៅប្រទេសថៃបានខាតបង់លុយរាប់រយលានបាតក្នុងទម្រង់បោកបញ្ឆោតតាមប្រព័ន្ធទូរស័ព្ទ ការវិនិយោគ និងការលេងល្បែងតាមប្រព័ន្ធអ៊ីនធឺណិតនេះ។
លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាការចុះអនុស្សរណៈរវាងក្រសួងប្រៃសណីយ៍កម្ពុជា និងភាគីថៃនេះ គឺមិនទាន់មានភាគីណាទាក់ទងប្រាប់នាយកដ្ឋានរបស់លោកនៅឡើយទេ។ ប៉ុន្តែលោកថាការចាញ់បោកតាមប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា គឺមានច្រើន ព្រោះកម្ពុជាមិនមែនជាអ្នកបង្កើតអ៊ីនធឺណិតដោយខ្លួនឯងនោះទេ។
លោកបន្ថែមថាភាគច្រើននៃអ្នកចាញ់បោកតាមប្រព័ន្ធអ៊ីនធឺណិតនេះ គឺដោយសារតែការលោភលន់ ក្រោមរូបភាពទិញអីវ៉ាន់ ការចាយលុយតាមធនាគារ និងត្រូវរង្វាន់ជាដើម។
លោកថ្លែងថា៖ «បទល្មើសហ្នឹងច្រើនដែរ ភាគច្រើនអ្នកណាដែលលោភលន់ហ្នឹងត្រូវបានគេបោកហើយ»។ លោកបន្ថែមថា៖ «ឱ្យតែប្រើអ៊ីនធឺណិត អី្វក៏ឆបោកឆ្លងដែនឥឡូវ ព្រោះអ៊ីនធឺណិតស្រុកយើងមិនមែនជាអ្នកបង្កើតឯណា យើងទិញពីគេដែរហ្នឹង។ អ៊ីចឹង ឆ្លងពី[ប្រទេស]គេមកបន្តិច គឺឆ្លងដែនហើយ»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធមិនអត្ថាធិប្បាយ ដោយស្នើទៅសួរខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃវិញ។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីលោក សូ វិសុទ្ធី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាបាននៅឡើយទេ។ វីអូអេក៏មិនទាន់ទទួលបានការបញ្ជាក់បន្ថែមពីស្ថានទូតថៃប្រចាំនៅកម្ពុជា តាមសារអ៊ីម៉ែលបានដែរ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ កត់សម្គាល់ឃើញថា បទល្មើសបច្ចេកវិទ្យាឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា ច្រើនកើតក្នុងរូបភាពដូចជាការចាប់ជំរិតប្រាក់ បទឧក្រិដ្ឋធំៗ ការរំលោភបំពាន និងផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត ដែលជាការព្រួយបារម្ភ និងទាមទារឱ្យមានការទប់ស្កាត់ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដើម្បីកុំឱ្យប៉ះពាល់សន្តិសុខសង្គមជាតិ និងការបន្តកើនឡើងនៃជនរងគ្រោះជាបន្តបន្ទាប់ទៀត។
លោកថ្លែងថា៖ «វាទាល់តែមានការអនុវត្តរវាងភាគីទាំងពីរឱ្យមានប្រសិទ្ធភាព ហើយក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀតដែរ។ ហើយជាពិសេសជំរុញក្នុងកិច្ចការអនុវត្តច្បាប់ដែលមានស្រាប់ក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាពផងដែរ»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ប្រាប់វីអូអេថាបទល្មើសបច្ចេកវិទ្យាឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញ ភាគច្រើនកើតឡើងនៅក្នុងប្រទេសណាដែលមានប្រព័ន្ធច្បាប់ ឬការអនុវត្តច្បាប់មានភាពទន់ខ្សោយ ដែលអាចឱ្យជនល្មើសអាចគេចខ្លួនបានយ៉ាងស្រួល នៅពេលមានបញ្ហា។
លោកបន្តថាបទល្មើសទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចប្រជាជនកម្ពុជា និងប្រជាជនរស់នៅក្នុងតំបន់អាស៊ានយ៉ាងខ្លាំង ព្រោះតែគម្រោងឆបោកជាលក្ខណៈអន្តរជាតិ ឬការវិនិយោគមិនមានប្រភព និងមិនមានយន្តការច្បាស់លាស់ក្នុងការគ្រប់គ្រង។
លោកថ្លែងថា៖ «យើងបានឃើញហើយបទល្មើសឆបោក មានកាន់តែច្រើននៅប្រទេសកម្ពុជា ហើយជនរងគ្រោះភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់អាស៊ាន ពីសាមីប្រទេសដែលក្រុមទាំងនោះធ្វើការ ឬក៏ប្រជាពលរដ្ឋខ្មែរតែម្តង។ ការបាត់បង់ផ្នែកសេដ្ឋកិច្ច គឺធំធេងណាស់។ ខ្ញុំឃើញប្រជាពលរដ្ឋខ្លះជំពាក់បំណុលវ័ណ្ឌក ហ្នឹងគឺដោយសារការចូលរួមការវិនិយោគឆបោកទាំងនោះ»។
លោកបន្ថែមថា៖ «ហើយផលប៉ះពាល់មួយទៀត ជាធម្មតា គម្រោងឆបោក ច្រើនជាប់ពាក់ព័ន្ធទៅនឹងការលាងលុយ ពាក់ព័ន្ធបទឧក្រិដ្ឋផ្សេងៗ ដូចជាការជួញដូរមនុស្ស គ្រឿងញៀនជាដើម។ អ៊ីចឹងបទល្មើសទាំងនោះ ជួនកាលយើងឃើញតែមួយទេ តែតាមពិត គឺជាប្រព័ន្ធនៃប្រតិបត្តិការរកស៊ីខុសច្បាប់ជាប្រព័ន្ធតែម្តង»។
លោកជំរុញឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសទាំងនោះ ដើម្បីអាចបង្កើតបរិយាកាសវិនិយោគឱ្យមានភាពល្អប្រសើរឡើង ក្នុងការទាក់ទាញអ្នកវិនិយោគស្អាតស្អំមកជំនួសវិញ។
គួរបញ្ជាក់ថាកាលពីកន្លងទៅមានសេចក្តីរាយការណ៍ថាកម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត ឬគេហៅថា Scam ដោយប្រើប្រាស់កម្លាំងបរទេស ក្នុងនោះមានជនជាតិថៃ និងចិន ធ្វើការនៅតាមអគារក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឲ្យមានសេរីភាព ការធ្វើទារុណកម្មនិងការជំរិតទារប្រាក់ជាដើម។ អង្គការសង្គមស៊ីវិលធ្លាប់បានបង្ហាញការព្រួយបារម្ភពាក់ព័ន្ធនឹងការបង្ខាំងមនុស្សប្រើប្រាស់ក្នុងការងារដែលជាញឹកញាប់ទាក់ទងនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតដែលដាក់គោលដៅលើជនបរទេសរស់នៅខាងក្រៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២២។ ពួកគេស្នើឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតឱ្យបានពេញលេញទៅលើករណីនេះ៕