ក្រោយមានការចាប់ខ្លួនសកម្មជនបរិស្ថានវ័យក្មេង៣នាក់កាលពី២សប្តាហ៍មុន អ្នកការពារសិទ្ធិមនុស្សមួយចំនួនបានប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុក ដោយទាមទារឲ្យដោះលែងពួកគេ។ យុទ្ធនាការរបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស ក៏ត្រូវបានរិះគន់ដោយមន្រ្តីរដ្ឋាភិបាល ថាមិនអាចមានឥទ្ធិពលលើតុលាការរបស់កម្ពុជានោះទេ។
នៅលើបណ្តាញសង្គម មន្រ្តីសិទ្ធិមនុស្សមកពីអង្គការលីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងក្រុមសកម្មជនផ្សេងទៀត បានបង្ហោះរូបរបស់ពួកគេ ដោយភ្ជាប់ជាមួយសារដោះលែងសកម្មជនបរិស្ថានដែលត្រូវបានចាប់ខ្លួន។
ភាពសកម្មនិយមក្នុងកិច្ចការពារបរិស្ថាននិងធនធានធម្មជាតិ មិនមែនជាសកម្មភាពខុសច្បាប់ទេ។ សូមចូលរួមជាមួយពួកយើងក្នុងកិច្ចការពារបរិស្ថាននិងជួយគាំទ្រដល់អ្នកការពារបរិស្ថាន ដែលកំពុងជាប់ឃុំ។ ទាំងអស់នេះគឺជាសារអំពាវនាវរបស់ក្រុមអ្នកធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។
ក្នុងកម្មវិធី«សំឡេងការពិត ដើម្បីប្រជាជន» ដែលផ្សាយតាមទំព័រហ្វេសប៊ុកយុវជន ៧មករារបស់គណបក្សកាន់អំណាច នៅព្រឹកថ្ងៃអង្គារនេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានហៅសេចក្តីអំពាវនាវរបស់អង្គការសង្គមស៊ីវិលមួយចំនួនថាជា ទម្លាប់ឥតបានការ និងមានចេតនាបង្អាក់ដំណើរការអនុវត្តច្បាប់របស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ។
លោកថ្លែងថាការទាមទារណាមួយរបស់ក្រុមអង្គការសង្គមស៊ីវិល ដែលចង់ឲ្យមានការដោះលែងសកម្មជនដែលត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ មិនមានឥទិ្ធពលតាមផ្លូវច្បាប់ឡើយ។
«សង្គមស៊ីវិលមួយចំនួនដែលធ្វើការរិះគន់ ទាមទារឲ្យមានការដោះលែងនេះ ដោះលែងនោះ ដោយយកសកម្មភាពការពារសិទ្ធិមនុស្សការពារបរិស្ថានមកភ្ជាប់ដើម្បីការពារសកម្មភាពល្មើសច្បាប់ហ្នឹង គឺថាមិនមានប្រសិទ្ធភាពអីនោះទេ»។
មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌រូបនេះបន្តថាការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួននោះ មានជាប់ហេតុផលនយោបាយ។
«ការថ្លែងសារនយោបាយ វោហារសព្ទនយោបាយបែបនេះ គឺមិនអាចការពារដល់ ក្រុមដែលប្រព្រឹត្តល្មើសទាំងអស់នេះ បាននោះទេ។ មធ្យោបាយតាមផ្លូវច្បាប់មានតែមួយគត់ គឺការចូលរួមក្នុងដំណើរការនីតិវិធីតុលាការ ហើយស្វែងរកភស្តុតាងឲ្យបានរឹងមាំមក»។
កាលពីសប្តាហ៍មុន សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនសកម្មជនបរិស្ថាន៣នាក់ដែលក្នុងនោះមាន២នាក់ គឺកញ្ញា ស៊ុន រដ្ឋា និងលោកយីម លាងហ៊ី ក្រោមការចោទប្រកាន់២បទល្មើស គឺ«រួមគំនិតក្បត់»និង«ប្រមាថអង្គព្រះមហាក្សត្រ»។ ចំណែកលោក លី ចាន់ដារ៉ាវុទ្ធ ត្រូវបានចោទប្រកាន់មួយបទល្មើស គឺ«រួមគំនិតក្បត់»។ សហស្ថាបនិកនៃក្រុមបរិស្ថានចលនាមាតាធម្មជាតិ គឺលោក Alejandro Gonzalez Davidson ដែលជាជនជាតិអេស្ប៉ាញ ក៏ត្រូវចោទដោយកំបាំងមុខពីបទ«រួមគំនិតក្បត់»និង«ប្រមាថអង្គព្រះមហាក្សត្រ»។
កាលពីសប្តាហ៍មុន សារព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាលក៏បានបង្ហោះវីដេអូមួយប្រមាណ៨នាទីបង្ហាញ អំពីការសន្ទនាគ្នាតាមប្រព័ន្ធ Zoom ដែលអះអាងថាជាការសន្ទនារវាងលោក Alejandro Gonzalez Davidson និងសកម្មជនបរិស្ថានទាំង៣នាក់ដែលត្រូវបានចាប់ខ្លួន។ ក្នុងវីដេអូនោះ ក៏មានការនិយាយអំពីព្រះមហាក្សត្រ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រីចក់ សុភាព ជឿថាការចូលរួមរបស់សកម្មជននៃចលនាមាតាធម្មជាតិនិងយុវជនផ្សេងទៀតក្នុងការការពារបរិស្ថាន មិនមែនជាអំពើឧក្រិដ្ឋ ហើយថាការចូលរួមយ៉ាងដូច្នេះ គួរតែទទួលបាននូវការលើកទឹកចិត្ត។
លោកស្រីប្រាប់វីអូអេថា៖ «ចំណុចសំខាន់ដែលយើងចង់បង្ហាញនោះ គឺ យើងដឹងហើយថាសកម្មភាពពួកគាត់ គឺមិនមែនជាបទល្មើសនោះទេ ហើយយើងគួរកត់សម្គាល់ថា ភាពសកម្មផ្នែកសិទ្ធិមនុស្សឬក៏ផ្នែកបរិស្ថាននោះ គឺជាកិច្ចការដែលត្រូវបានធានានៅក្នុងច្បាប់ជាតិ ហើយនិងអន្តរជាតិ អីចឹង ទាំងអស់នេះ គួរតែត្រូវបានសាទរ មិនគួរត្រូវបានចោទប្រកាន់ ឬក៏រងនូវ ការយាយីនានា នោះទេ»។
អង្គការលីកាដូក៏ស្ថិតក្នុងចំណោមស្ថាប័នក្រៅរដ្ឋាភិបាល ដែលស្នើឲ្យរដ្ឋាភិបាលផ្តល់យុត្តិធម៌ដល់សកម្មជនបរិស្ថានដែលបានចាប់ខ្លួនពីមុនៗមក ក៏ដូចជាការចាប់ខ្លួនសកម្មជនបរិស្ថាន៣រូបចុងក្រោយនេះ។
នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោកអំ សំអាត ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាភាគីរដ្ឋាភិបាល ច្រើនមានទម្លាប់ប្រកែកមិនទទួលយកនូវអ្វីដែលជាមតិរបស់អង្គការសង្គមស៊ីវិលនោះទេ។ លោកយល់ថាសកម្មភាពរបស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលជំទាស់នឹងការចាប់ខ្លួនសកម្មជនកន្លងមកនោះ គឺគ្រាន់តែជាការផ្តល់កម្លាំងចិត្តដល់សកម្មជនគ្រប់រូប ដែលសកម្មក្នុងការបម្រើប្រយោជន៍សាធារណជន ដូចជាកិច្ចការពារបរិស្ថាននេះជាដើម។
«អ្វីដែលយើងធ្វើ គឺចង់ឲ្យមានការលើកគាំទ្រ ទៅលើសកម្មជនការពារបរិស្ថាន ជាពិសេសអ្នកដែលគាត់មានចិត្តចង់ចូលរួមនៅក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ឬក៏ព្រៃឈើ អាហ្នឹងវាជារឿងសំខាន់»។
កាលពីសប្តាហ៍មុន ក្រសួងមហាផ្ទៃក៏បានចេញសេចក្តីប្រកាសមួយចោទប្រកាន់ចលនាមាតាធម្មជាតិថាជាអង្គការដំណើរការដោយខុសច្បាប់ ព្រោះអង្គការនេះត្រូវបានលុបចេញពីបញ្ជីនៅក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០១៧។
ក្រសួងមហាផ្ទៃបញ្ជាក់ថាលោក Alejandro Gonzalez Davidson ជនជាតិអេស្ប៉ាញ និងជាស្ថាបនិកនៃចលនាមាតាធម្មជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ២០១៥ ប៉ុន្តែនៅបន្តធ្វើ«សកម្មភាពខុសច្បាប់» ដូចជាការដឹកនាំកិច្ចប្រជុំមួយ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ហើយក្នុងប្រជុំនោះ ក្រសួងថាលោក Alejandro បានប្រើប្រាស់«ពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋា ភិបាល»។ ក្រសួងមហាផ្ទៃបានផ្អែកលើវីដេអូឃ្លីបមួយដែលសមត្ថកិច្ចចាប់បានតាមប្រព័ន្ធ Zoom ហើយថាសកម្មជនទាំងនោះធ្វើការងារ«មិនមែនក្នុងបុព្វហេតុស្មោះត្រង់ចំពោះការការពារធនធានធម្មជាតិ និងបរិស្ថាននោះទេ»។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងថាមន្ត្រីសាធារណៈដែលមានតំណែងក្នុងរដ្ឋាភិបាល មិនគួរបកស្រាយពីបទល្មើសរបស់ក្រុមសកម្មជនដែលត្រូវចាប់ខ្លួន ដោយទុកឲ្យតុលា ការជាអ្នកវិនិច្ឆ័យ៕