ដោយជំរុញឱ្យមានសន្តិភាពក្នុងអំឡុងដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី លោកនាយករដ្ឋមន្ត្រី Narendra Modi បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា ការស្លាប់របស់កុមារគឺជារឿងគួរឱ្យឈឺចាប់ ហើយថាដំណោះស្រាយលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែនមិនអាចធ្វើបាននៅសមរភូមិនោះទេ។
មេដឹកនាំទាំងពីររូបបានចូលរួមកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃទី ៩ ខែកក្កដា ដែលជាកិច្ចប្រជុំលើកទី ១ ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដែលក្នុងកិច្ចប្រជុំនោះមេដឹកនាំទាំងពីរលើកឡើងពីការតាំងចិត្តបង្កើនទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ។
អត្ថាធិប្បាយរបស់លោក Modi ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីមន្ទីរពេទ្យកុមារសំខាន់មួយនៅទីក្រុងកៀវត្រូវបានវាយប្រហារដោយការបាញ់កាំជ្រួចមីស៊ីលមួយ ដែលអ៊ុយក្រែនបន្ទោសរុស្ស៊ី ប៉ុន្តែរុស្ស៊ីបដិសេធមិនទទួលខុសត្រូវ។ ទីក្រុងជាច្រើនផ្សេងទៀតនៅអ៊ុយក្រែនក៏រងការវាយប្រហារដ៏ប្រល័យផងដែរ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១ នាក់។
នៅក្នុងអត្ថាធិប្បាយដែលចាក់ផ្សាយតាមទូរទស្សន៍នៅឯវិមានក្រឹមឡាំង លោក Modi បានថ្លែងថា៖ «មិនថាវាជាសង្គ្រាម ជម្លោះ ឬការវាយប្រហារភេរវកម្មនោះទេ មនុស្សរាល់គ្នាដែលជឿលើមនុស្សជាតិបានរងការឈឺចាប់ នៅពេលមានការបាត់បង់ជីវិត។ ប៉ុន្តែនៅពេលដែលកុមារដែលមិនដឹងអីត្រូវបានសម្លាប់ នៅពេលយើងឃើញកុមារដែលមិនដឹងអី្វស្លាប់ វាពិតជាធ្វើឱ្យឈឺផ្សារហើយភាពឈឺចាប់នោះគឺខ្លាំងក្លាណាស់»។
ដោយអះអាងថាឥណ្ឌាត្រៀមខ្លួនរួចរាល់ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ «គ្រប់ទម្រង់» ដើម្បីស្តារសន្តិភាពក្នុងតំបន់ឡើងវិញ លោក Modi បានថ្លែងថា «ខណៈគ្រាប់បែក កាំភ្លើង និងគ្រាប់កាំភ្លើងនៅតែមាន ដំណោះស្រាយនិងកិច្ចចរចាសន្តិភាពមិនទទួលបានជោគជ័យទេ។ យើងនឹងមានតែត្រូវដើរតាមមាគ៌ាទៅរកសន្តិភាពតាមរយៈការចរចាតែប៉ុណ្ណោះ»។
វាជាដំណើរទស្សនកិច្ចដំបូងរបស់លោក Modi ទៅកាន់ទីក្រុងមូស្គូក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំតាំងពីឆ្នាំ ២០០០មកម្ល៉េះ ប៉ុន្តែបានអាក់ខានតាំងពីឆ្នាំ ២០២១ មក។
រូបភាពបង្ហាញពីស្និទ្ធស្នាលរវាងមេដឹកនាំឥណ្ឌានិងរុស្ស៊ី ខណៈពួកគេឱបគ្នា ជិះកូនរថយន្តនៅលានវាយកូនហ្គោលនៅគេហដ្ឋានលោក Putin និងបាននិយាយគ្នាអស់រយៈពេលជាច្រើនម៉ោង ក្នុងអំឡុងពិធីពិសារភោជនីយអាហារឯកជនមួយទទួលស្វាគមន៍ដោយប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃចន្ទ ទី ៨ ខែកក្កដា មុននឹងកិច្ចពិភាក្សាផ្លូវការបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ទី ៩ ខែកក្កដា។ លោក Putin ហៅលោក Modi ថាជា «មិត្តសំឡាញ់» របស់លោក។
ខណៈលោក Modi ចាប់ផ្តើមទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានរិះគន់កិច្ចប្រជុំនោះ។
លោកបានសរសេរកាលពីថ្ងៃចន្ទ ទី ៨ ខែកក្កដា នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយសំដៅទៅលើការវាយប្រហារមីស៊ីលលើមន្ទីរពេទ្យកុមារថា៖ «វាជាការខកចិត្តយ៉ាងខ្លាំងនិងជាការធ្វើឱ្យខូចខាតធ្ងន់ធ្ងរទៅលើកិច្ចប្រឹងប្រែងសន្តិភាពដែលបានឃើញមេដឹកនាំប្រទេសប្រជាធិបតេយ្យធំបំផុតលើពិភពលោក ឱបមេឧក្រិដ្ឋជនដែលដែលបានសម្លាប់មនុស្សច្រើនជាងគេលើពិភពលោកនៅទីក្រុងមូស្គូ»។
ក្នុងអំឡុងទស្សនកិច្ចរយៈពេល ២ ថ្ងៃរបស់លោក Modi ប្រទេសទាំងពីរសាទរដល់ភាពជាដៃគូដ៏រឹងមាំរបស់ពួកគេដែលកើតមានឡើងតាំងពីសម័យសង្គ្រាមត្រជាក់។
លោក Putin បានថ្លែងថា៖ «ទំនាក់ទំនងរបស់យើងស្ថិតក្នុងចំណោមភាពជាដៃគូយុទ្ធសាស្ត្រដ៏ពិសេសមួយ»។
លោក Putin ត្រូវបានដកស្រង់សម្តីដើមដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ TASS ថា៖«ខ្ញុំដឹងគុណដែលលោកយកចិត្តទុកដាក់ទៅលើបញ្ហាដែលមានភាពបន្ទាន់ខ្លាំងបំផុតទាំងនេះ ដោយព្យាយាមស្វែងរកវិធីដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ពិសេសដោយសន្តិវិធី»។
លោក Modi បានថ្លែងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឡើងដល់កម្រិតថ្មីមួយទៀតក្រោមការដឹកនាំរបស់លោក Putin ហើយថា ពួកគេបានធ្វើការសម្រេចចិត្តដ៏សំខាន់ដើម្បីធ្វើឱ្យភាពជាដៃគូរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។
ដំណើរទស្សនកិច្ចនេះធ្វើឡើង ខណៈមានការព្រួយបារម្ភថាទំនាក់ទំនងដ៏យូរអង្វែងរវាងរដ្ឋាភិបាលឥណ្ឌាជាមួយនឹងរុស្ស៊ីនៅជាប់គាំង ខណៈឥណ្ឌាកំពុងមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។ ពួកអ្នកវិភាគថ្លែងថា ភាពកាន់តែស្និទ្ធស្នាលរវាងរុស្ស៊ីនិងចិនក៏ជាប្រភពនៃការព្រួយបារម្ភសម្រាប់ឥណ្ឌាផងដែរ ដែលទំនាក់ទំនងជាមួយចិនស្ថិតក្នុងស្ថានភាពមួយដែលទាបបំផុតមិនធ្លាប់មាន។
លោក Modi បានថ្លែងថា កិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសទាំងពីរបានជួយឥណ្ឌាគ្រប់គ្រងតម្លៃប្រេងនិងនាំមកនូវស្ថិរភាពក្នុងទីផ្សារសាកល។ ឥណ្ឌាមិនបានចូលរួមជាមួយប្រទេសលោកខាងលិចក្នុងការទណ្ឌកម្មលើរុស្ស៊ីនោះទេ ហើយបានបង្កើនការទិញប្រេងពីរុស្ស៊ីកាន់តែច្រើនជាងមុនគួរឱ្យកត់សម្គាល់។
ក្រោយកិច្ចពិភាក្សា លោក Putin បានប្រគល់ពានរង្វាន់ស៊ីវិលខ្ពស់បំផុតរបស់រុស្ស៊ី Order of Saint Andrew the Apostle ដល់លោក Modi ហើយលោក Putin បានថ្លែងថាប្រទេសទាំងពីរបានធ្វើការដើម្បីស្ថិរភាព។
ក្នុងអំឡុងសុន្ទរកថាទៅកាន់ពលរដ្ឋដើមកំណើតឥណ្ឌារស់នៅទីក្រុងមូស្គូ លោក Modi បានហៅរុស្ស៊ីថាជាសម្ព័ន្ធមិត្តដ៏គួរឱ្យទុកចិត្តមួយហើយថាជា «មិត្តគ្រប់កាលៈទេសៈ»។
កិច្ចប្រជុំរវាងលោក Modi និងលោក Putin កើតឡើង ខណៈមេដឹកនាំអូតង់បើកកិច្ចប្រជុំកំពូលនៅរដ្ឋធានីវ៉ាស៊ីនតោន ទីដែលការគាំទ្រអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីស្ថិតក្នុងរបៀបវារៈកំពូល។
ឥណ្ឌាបានរក្សាតុល្យភាព ខណៈប្រទេសនេះជាដៃគូរឹងមាំជាមួយអាមេរិក ប៉ុន្តែនៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ី។
ខណៈលោក Modi បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកកាលពីថ្ងៃចន្ទ ទី ៨ ខែកក្កដា សហរដ្ឋអាមេរិកបានថ្លែងថា ខ្លួនបានលើកឡើងពីការព្រួយបារម្ភប្រាប់ឥណ្ឌាអំពីទំនាក់ទំនងរបស់ឥណ្ឌាជាមួយរុស្ស៊ី។
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងថា៖ «ដូច្នេះ យើងសង្ឃឹមថា ឥណ្ឌានិងប្រទេសដទៃទៀត នៅពេលពួកគេទាក់ទងជាមួយរុស្ស៊ីពួកគេគួរបញ្ជាក់ឱ្យបានច្បាស់ថា រុស្ស៊ីគួរគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ គួរគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីអ៊ុយក្រែន»។
ខណៈប្រទេសលោកខាងលិចដាក់ទណ្ឌកម្មលើរុស្ស៊ីដោយសារតែការឈ្លានពានអ៊ុយក្រែន ប្រទេសជាច្រើនរួមទាំងចិននិងឥណ្ឌាបានបន្តបង្កើនទំនាក់ទំនង ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងដាក់ឱ្យរុស្ស៊ីនៅឯកោ៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា