ក្រោយក្រសួងសុខាភិបាលកម្ពុជាប្រកាសថា មានករណីឆ្លងមេរោគកូរ៉ូណាថ្មីមួយករណីមក ចំនួនអ្នកទូរស័ព្ទទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥ដើម្បីរាយការណ៍អំពីស្ថានភាពសុខភាពរបស់ខ្លួនកើនឡើង។ អ្នកលើកទូរស័ព្ទឆ្លើយសំណួរអំពីរោគសញ្ញានៃមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះទទួលការហៅចូលពីប្រជាពលរដ្ឋជាង១០០នាក់ក្នុងមួយថ្ងៃៗ។
អ្នកទទួលទូរស័ព្ទទាំងនោះនិយាយថា មុនពេលដែលរដ្ឋាភិបាលប្រកាសថា មានករណីឆ្លងនោះ ពួកគេម្នាក់ៗទទួលទូរស័ព្ទប្រហែល១០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។
ក្រសួងសុខាភិបាលបានដាក់កម្លាំងប្រចាំប្រមាណ១០នាក់សម្រាប់ទទួលទូរស័ព្ទលេខ១១៥។
ប្រជាពលរដ្ឋដែលព្រួយបារម្ភអំពីស្ថានភាពសុខភាពរបស់ពួកគេហៅទូរស័ព្ទទៅកាន់លេខ១១៥។ វីអូអេ បានសាកសួរ ព័ត៌មានមួយចំនួន ទៅកាន់អ្នកកាន់ប្រព័ន្ធទូរស័ព្ទនេះ។
មន្ត្រីមួយរូបដែលបានលើកទួរស័ព្ទនិយាយថា៖ «ឥឡូវនេះ ថយបន្តិចហើយនៅថ្ងៃទី២៧ ទី២៨ នោះ គ្រាន់តែកំពុងនិយាយអញ្ចឹងណា មានអ្នកតេមកប្រហែលជា ៥ អត់បានលើក ក្នុងពេលតែមួយ។ អ្នកលើកហ្នឹងមិនមែនតែម្នាក់ទៀត គឺដប់ទូរស័ព្ទ»។
នៅក្នុងការជជែកសួរប្រមាណពី១០នាទីទៅ១៥នាទី មន្ត្រីដែលលើកទូរស័ព្ទស្តាប់អំពីអាការៈរបស់អ្នកទូរស័ព្ទចូលជាមុនសិន។ ក្រោយមកទៀត ប្រសិនបើសិនអ្នកទូរស័ព្ទចូលរៀបរាប់អំពីអាការៈរបស់គេហើយ តែមិនមែនជាអាការៈនៃជំងឺរលាកសួតថ្មី ដែលបង្កដោយមេរោគកូរ៉ូណាវីរុសនេះទេ មន្ត្រីដែលទទួលទូរស័ព្ទនោះនឹងបន្តពន្យល់បន្ថែម អំពីស្ថានភាពទូទៅនៃជំងឺ។
ប្រសិនបើអ្នកសួរនៅមិនអស់ចិត្តនិងនៅសង្ស័យថាខ្លាចមានឆ្លងមេរោគនោះ មន្ត្រីសុខាភិបាលដែលទទួលទូរស័ព្ទនោះប្រាប់អ្នកទូរស័ព្ទចូលឲ្យទៅ «មន្ទីរពេទ្យដែលមានវេជ្ជបណ្ឌិត» ដើម្បីឲ្យគ្រូពេទ្យ ពិនិត្យជំងឺនិងធ្វើរោគវិនិច្ឆ័យ។ អ្នកទទួលទូរស័ព្ទទាន់ហេតុការណ៍បាននិយាយថា ចំពោះពលរដ្ឋដែលនៅភ្នំពេញ ពួកគួរទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប៉ុន្តែ បើពលរដ្ឋនៅតាមខេត្ត ពួកគេទៅពេទ្យបង្អែកខេត្ត។
មន្ត្រីសុខាភិបាលនោះបន្តថា៖ «បើកាលណា [ការរៀបរាប់អំពីអាការៈ អ្នកជំងឺ] ចូលទៅក្នុងនិយមន័យ [រោគសញ្ញានៃជំងឺរលាកសួតថ្មី] ហើយ បានន័យថា ឲ្យប្អូនឯងហ្នឹងនៅផ្ទះឲ្យស្ងៀម អត់ឲ្យទៅណាទេ ហើយសុំលេខទូរស័ព្ទមួយមក ក្រុមការងារយើងនឹងចុះទៅដល់ ហើយនឹងប្រមូលវត្ថុវិភាគយកទៅបាស្ទ័រតែម្តង។»
លោកបន្តថា អ្នកដែលស្ថិតនៅក្នុងការសង្ស័យមិនត្រូវទៅមន្ទីរពិសោធន៍ដោយខ្លួនឯងទេ តែរាយការណ៍ដល់មន្ត្រីសុខាភិបាលដែលនឹងមកយកសំណាក ហើយត្រូវចាំលទ្ធផល។ ក្នុងអំឡុងពេលពួកគេស្ថិតក្នុងការសង្ស័យ ពួកគេគួរនៅដាច់ដោយឡែក នៅក្នុងបន្ទប់មួយនៅមន្ទីរពេទ្យដោយមានបុគ្គលិកសុខាភិបាលមើលថែទាំ។
លទ្ធផលសំណាក ដែលយកពីកំហាក និងសំណល់ក្នុងផ្លូវដង្ហើមត្រូវបញ្ជូនទៅកាន់មន្ទីរពិសោធន៍ នៅវិទ្យាស្ថានបាស្ទ័រតែមួយគត់ ហើយវាត្រូវការរយៈពេល ២៤ ម៉ោងទៅ៤៨ម៉ោង ដើម្បីទទួលលទ្ធផល។
ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត លោកវេជ្ជបណ្ឌិត ងី ម៉េងបានប្រាប់វីអូអេ ថាមកទល់ពេលនេះ នៅមន្ទីរពេទ្យនេះទទួលបានវត្ថុសំណាក ដើម្បីធ្វើតេស្តរកមេរោគវីរុសចំនួន៧ករណី ដែលមានលទ្ធផលអវិជ្ជមានទាំងអស់។ លោកថាពុំអាចផ្តល់ព័ត៌មានថា មានប៉ុន្មាននាក់ជាជនជាតិចិន ប៉ុន្មាននាក់ជាជនជាតិខ្មែរនោះទេ។
លោកវេជ្ជបណ្ឌិតមួយរូបទៀតដែលបម្រើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែលមិនចង់បង្ហាញអត្តសញ្ញាណដោយលោកថា លោកមិនមានតួនាទីក្នុងការផ្តល់ព័ត៌មាន បានបញ្ជាក់ថា មកទល់ពេលនេះ លោកពុំឃើញមានការសង្ស័យថា មានមេរោគនោះទេ ចំពោះក្រុមប្រជាពលរដ្ឋដែលចូលមកពិនិត្យជំងឺទូទៅនៅមន្ទីរពេទ្យនេះ។
លោកបន្តថា មានលក្ខខណ្ឌពីរដែលលោក ក៏ដូចជាវេជ្ជបណ្ឌិត នឹងបញ្ជូនសំណាក ពីអ្នកជំងឺទៅពិនិត្យ។ ទីមួយ ក្នុងករណីដែលអ្នកជំងឺមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ និងទីពីរ ប្រសិនបើអ្នកជំងឺមានប្រវត្តិដំណើរឆ្លងកាត់ប្រទេសចិន។
មកទល់ពេលនេះ ក្រសួងសុខាភិបាលពុំទាន់ប្រកាសថា មានការឆ្លងករណីផ្សេងទៀត ក្រៅពីករណីដំបូងដែលបានរកឃើញនៅខេត្តព្រះសីហនុនោះទេ។ ក្រោយពិភពលោកប្រកាសអាសន្ន ក្រសួងសុខាភិបាលអះអាងថា ប្រព័ន្ធសុខាភិបាលខ្លួន «រឹងមាំ» នឹងឆ្លើយតបវិធានការការពារមិនឲ្យមានការរាតត្បាតបន្ត។
មកដល់ពេលនេះ អ្នកដែលស្លាប់ដោយសារមេរោគកូរ៉ូណាថ្មីនេះមានចំនួនប្រមាណ ៣៦០ នាក់ ហើយអ្នកដែលឆ្លងមេរោគនេះ មានចំនួនជាង ១៧៣០០នាក់។ មេរោគនេះបានឆ្លងរាលដាលដល់ជិត៣០ប្រទេស។
អង្គការសុខភាពពិភពលោកប្រកាសថា មេរោគកូរ៉ូណាវីរុសថ្មីជាបញ្ហាអាសន្នរបស់ពិភពលោកនិងក្រើនរំឭកឲ្យប្រទេសនានាចាត់វិធានការក្នុងស្រុករៀងៗខ្លួន ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគនេះ។
ខណៈប្រទេសជាច្រើនបានជម្លៀសប្រជាជនរបស់ខ្លួនចេញពីប្រទេសចិននិងបានបិទជើងហោះហើរចេញចូលប្រទេសចិនផងដែរ រដ្ឋាភិបាលកម្ពុជាថា ខ្លួនមិនផ្លាស់ប្តូរជំហររបស់ខ្លួនទៅលើការបិទជើងហោះហើយពីខេត្តផ្សេងៗនៃប្រទេសចិន និងមិនជម្លៀសប្រជាពលរដ្ឋខ្មែចេញពីទីក្រុងវូហាននោះទេ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់វីអូអេថា៖ «ដូចជាខ្ញុំបានជម្រាបអញ្ចឹងថា ប្រសាសន៍សម្តេចហ្នឹង គឺនៅជាធរមានដដែល អត់មានអីប្រែប្រួលទេ»។
ទំព័រហ្វេសប៊ុក របស់ស្ថានទូតចិន ដែលដកស្រង់ពាក្យសម្តីលោក ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា Wang Wentian បាននិយាយកោតសរសើរកម្ពុជាក្នុងការឆ្លើយតបទៅនឹងជំងឺរលាកសួតថ្មីដែលជាអាសន្នរបស់ពិភពលោក។ ហើយលោកបានរំឭកឡើងនូវប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងក្នុងសន្នីសីទកាសែត មុនពិភពលោកប្រកាសអាសន្នលើមេរោគកូរ៉ូណាវីរុសថ្មី។
លោកWang Wentian និយាយថា ៖ «មានតែវាយោបក់បោកខ្លាំងទើបអាចដឹងពីភាពស៊ូទ្រាំនៃស្មៅ។ មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ»។ ហើយលោក បន្តថា៖«ប្រទេសកម្ពុជាជាមិត្តដែកថែបនៃប្រទេសចិនយ៉ាងពិតប្រាកដមែន»៕