នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានអំពាវនាវគួរឲ្យភ្ញាក់ផ្អើលមួយឲ្យមានទីផ្សារបើកចំហ និងបានដាក់តឿនថា «សម្ពាធនយោបាយ» បានធ្វើឲ្យប្រទេសនីមួយៗឃ្លាតឆ្ងាយពីគ្នា។
លោកថ្លែងដូច្នេះចង់សំដៅដល់ការកើនឡើងនូវទស្សនៈគាំពារតែទំនិញក្នុងប្រទេស នៅមុនពេលមេដឹកនាំលើពិភពលោកជួបប្រជុំគ្នាក្នុងកិច្ចប្រជុំអាស៊ាននៅប្រទេសសិង្ហបុរីចូលមកដល់ក្នុងសប្ដាហ៍នេះ។
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang និងអនុប្រធានាធិបតីអាមេរិកលោក Mike Pence នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ ក្នុងបរិបទដែលជម្លោះពាណិជ្ជកម្មរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងបន្ត។
មេដឹកនាំប្រទេសមួយចំនួនដែលនឹងចូលរួមនៅក្នុងកិច្ចប្រជុំនោះ ត្រូវគេរំពឹងថានឹងប្រកាសពីដំណើរវិវឌ្ឍទៅមុខដ៏សំខាន់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយមួយដែលគាំទ្រដោយប្រទេសចិន និងគ្មានវត្តមានរបស់សហរដ្ឋអាមេរិក ដែលជាការប្រឆាំងទៅនឹងគោលនយោបាយឯកតោភាគីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ចំពោះពាណិជ្ជកម្មអន្តរជាតិ។
ដោយថ្លែងទៅកាន់វេទិកាពាណិជ្ជកម្មមួយនៅមុនកិច្ចប្រជុំអាស៊ានចូលមកដល់ក្នុងសប្ដាហ៍នេះ លោក Lee Hsien Loong បានអំពាវនាវឲ្យក្រុមហ៊ុននៃបណ្ដាប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍វិនិយោគបន្ថែមនៅក្នុងទីផ្សារប្រទេសនីមួយៗទៅវិញទៅមក និងបើកចំហបន្ថែមទៀតសម្រាប់ការប្រកួតប្រជែងបរទេស។
លោក Lee Hsien Loong និយាយដូច្នេះថា៖ «នៅពេលណាដែលទីផ្សាររបស់យើងកាន់តែរួមបញ្ចូលគ្នា និងបើកចំហ នៅពេលនោះក្បួនច្បាប់ និងបរិយាកាសអាជីវកម្មនឹងកាន់តែមានលក្ខណៈប្រសើរជាងមុនសម្រាប់ការវិនិយោគបរទេស។ នៅពេលណាដែលសេដ្ឋកិច្ចរីកចម្រើនកាន់តែខ្លាំង នៅពេលនោះយើងទាំងអស់គ្នានឹងទទួលបានផលប្រយោជន៍កាន់តែច្រើន»៕