អង្គការឃ្លាំមើលសិទ្ធិមនុស្សកំពុងកោះហៅឲ្យមានការចាត់វិធានការជាបន្ទាន់ដើម្បីចាប់ខ្លួនមេដឹកនាំក្រុមឧទ្ទាមក្នុងប្រទេសរវ៉ាន់ដា ឈ្មោះ Sylvestre Mudacumura។ អង្គការនេះបាននិយាយថា ក្រុមនេះដែលមានឈ្មោះថា កម្លាំងប្រជាធិបតេយ្យដើម្បីរំដោះប្រទេសរវ៉ាន់ដា (FDLR) បានបន្តជាប់ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មសង្គ្រាមនៅភាគខាងកើតប្រទេសកុងហ្គោ បីឆ្នាំបន្ទាប់ពីចៅក្រមនៅតុលាការទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួន។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កំពុងស្វែងរកចាប់ខ្លួនមេដឹកនាំឈ្មោះ Sylvestre Mudacumura មកកាត់ទោសពីបទឧក្រិដ្ឋ ដែលបានប្រព្រឹត្តឡើងដោយពួកជនសកម្មប្រយុទ្ធនៅក្រោមបញ្ជារបស់គាត់ក្នុងឆ្នាំ២០០៩ និង២០១០។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បាននិយាយថា នៅក្នុងអំឡុងឆ្នាំទាំងនោះ ខ្លួនបានធ្វើកំណត់ត្រានៃការសម្លាប់ជនស៊ីវិលជាង៧០០នាក់ប្រព្រឹត្តឡើងដោយក្រុម FDLR។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សថ្លែងថា ចាប់តាំងពីឆ្នាំ២០១២ ពូកយុទ្ធជន FDLR បានសម្លាប់ជនស៊ីវិល៩៤នាក់ បានចាប់រំលោភសេពសន្ថវៈស្ត្រី និងក្មេងស្រីរាប់សិបនាក់ បានបង្ខំកុមារឲ្យចូលម្រើក្នុងក្រុមរបស់ពួកគេ និងបានបំផ្លាញផ្ទះសម្បែងរាប់មិនអស់។
កុ្រម FDLR ត្រូវបានដឹកនាំដោយក្រុមស្នូលមួយនៃអតីតទាហានរវ៉ាន់ដា និងកងជីវពល ដែលបានរត់ភៀសខ្លួនទៅកាន់ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅឆ្នាំ១៩៩៤ បន្ទាប់ពីប្រទេសរវ៉ាន់ដាបានកើតមានអំពើប្រល័យពូជសាសន៍។
លោកស្រី Ida Sawyer អ្នកស្រាវជ្រាវនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងប្រទេសកុងហ្គោបានប្រាប់វីអូអេថា ឈ្មោះ Mudacumura បានបម្រើការជាមេបញ្ជាការយោធានៃក្រុមFDLR នេះចាប់តាំងពីឆ្នាំ២០០៣មកម្ល៉េះ។
កងទ័ពកុងហ្គោបានធ្វើការវាយលុកប្រឆាំងនឹងក្រុម FDLR កាលពីឆ្នាំ២០០៩ និង២០១០ ហើយបានចាប់ផ្តើមការវាយលុកមួយផ្សេងទៀតកាលពីខែកុម្ភៈឆ្នាំនេះ ដែលពួកគេឲ្យឈ្មោះថា Sukola2 ជាភាសា Swahili មានន័យថា«បោសសម្អាត»។ ក៏ប៉ុន្តែលោកស្រី Sawyer និយាយថា ការវាយលុកនោះមិនបានធ្វើឲ្យមានផលប៉ះពាល់អ្វីច្រើននោះទេ។
«ប្រតិបត្ដិការនោះរហូតមកដល់ពេលនេះ ទទួលបានជោគជ័យមួយមានកម្រិត ហើយពួកគេទំនងជាមិនបន្ថែមកិច្ចខិតខំប្រឹងប្រែងផ្សេងទៀតដើម្បីអនុវត្តប្រតិបត្ដិការដែលបានកំណត់ ដើម្បីចាប់ខ្លួនឈ្មោះ Mudacumura »។
រដ្ឋាភិបាលនិយាយថា យុទ្ធជនរបស់ក្រុម FDLR ប្រហែល២៥០នាក់ត្រូវបានចាប់ខ្លួន និងសមាជិកដទៃទៀតត្រូវបានសម្លាប់ ប៉ុន្តែ បើយោងតាមលោកស្រី Sawyer ពួកគេទាំងនេះ គ្រាន់តែជាពួកយុទ្ធជនកម្រិតទាបធម្មតាទេ។
លោកស្រីក៏បានលើកឡើងដែរថា កងទ័ពកុងហ្កោប្រហែលជាខ្វះឆន្ទៈ ក្នុងការវាយប្រហារឲ្យអស់ពីកម្លាំងកាយចិត្តទៅលើក្រុម FDLR ដោយហេតុថា រហូតដល់ពេលនេះ ពួកគេបានប្រយុទ្ធតែជាមួយនឹងសត្រូវជាសាមញ្ញ នោះគឺក្រុមមួយដែលគាំទ្រដោយប្រទេសរវ៉ាន់ដា ឈ្មោះថា ចលនាឧទ្ទាម CNDP និង M23។
អង្គការឃ្លាំមើលសិទ្ធិមនុស្សទទួលស្គាល់ថា ជនស៊ីវិលបានទទួលរងគ្រោះយ៉ាងខ្លាំងនៅរាល់ពេលដែលក្រុម FDLR នេះស្ថិតក្រោមការវាយប្រហារ។
«យើងបានឃើញរួចមកហើយនៅក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងក្រុម FDLR កាលពីពេលមុន គឺការវាយប្រហារដ៏រន្ធត់ទៅលើជនស៊ីវិល នៅស្របពេលដែលភាគីទាំងសងខាងបានស្វែងរកការដាក់ទោសលើប្រជាជនស៊ីវិលដោយចោទថា ជនស៊ីវិលទាំងនោះគាំទ្រសត្រូវរបស់ពួកគេ។ យើងមិនចង់ឃើញរឿងដូច្នោះសារជាថ្មីទេ។ ហេតុដូច្នេះហើយ បានជាយើងអំពាវនាវឲ្យរដ្ឋាភិបាល និងអង្គការសហប្រជាជាតិដែលមានបេសកកម្មរក្សាសន្តិភាព ផ្តោតការយកចិត្តទុកដាក់យ៉ាងពិតប្រាកដ ក្នុងការចាប់ខ្លួន និងតាមចាប់មេបញ្ជាកំពូលៗនៃក្រុម FDLR រួមទាំងឈ្មោះ Mudacumura ផងដែរ»។
បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិហៅកាត់ថា MONUSCO បានដកខ្លួនចេញពីប្រតិបត្ដិការ Sokola 2 បន្ទាប់ពីឧត្តមសេនីយ៍កុងហ្គោពីរនាក់ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភបំពានសិទ្ធិមនុស្សយ៉ាងដ៏ធ្ងន់ធ្ងរ ត្រូវបានផ្តល់តំណែងដឹកនាំក្នុងប្រតិបត្តិការនេះ។
ប្រធានបេសកកម្ម MONUSCO លោកMartin Kobler បានប្រាប់វីអូអេពីបេសកកម្ម និងរដ្ឋាភិបាល បានខិតជិតនឹងដោះស្រាយបញ្ហានេះ និងបន្តកិច្ចសហប្រតិបត្តិការលើ Sokola 2។ លោកក៏បាននិយាយអំពី Mudacumuraផងដែរ។
«យើងតែងតែមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយតុលាការ ICC ដើម្បីទទួលបានព័ត៌មាននៃការវិវត្តលើឈ្មោះ Sylvestre Mudacumura នេះ។ នៅដំណាក់កាលមួយ យើងធ្លាប់បានព្យាយាមបញ្ចុះបញ្ចូលគាត់ឲ្យប្រគល់ខ្លួនដោយស្ម័គ្រចិត្តទៅតុលាការ ICC។ វាជាការសំខាន់ណាស់ដែលយើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពនោះ។ ឈ្មោះ Sylvestre Mudacumura ត្រូវតែចាកចេញពីព្រៃ។ គាត់ត្រូវតែមករកពួកយើង។ យើងនឹងនាំគាត់ទៅទីក្រុងឡាអេ ហើយទីក្រុងឡាអេនឹងទទួលយកគាត់ទៅប្រឈមមុខនឹងយុត្តិធម៌»។
អ្នកស្រាវជ្រាវលោក Christoph Vogel ដែលបានសិក្សាពីក្រុមប្រដាប់អាវុធនៅប្រទេសកុងហ្គោ បានប្រាប់វីអូអេថា ឈ្មោះ Mudacumura នេះ មានសុខភាពមិនល្អទេ ហើយអាចនឹងពិបាកក្នុងការរត់គេចខ្លួនពីក្រុមប្រតិបត្ដិការស្វែងរកចាប់ខ្លួន។
លោកបានបន្ថែមថា មានការខ្វែងគំនិតគ្នាក្នុងរង្វង់រដ្ឋាភិបាលសាធាណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទាក់ទិននឹងគោលនយោបាយដើម្បីចាត់ការលើក្រុម FDLR ហើយនៅខណៈដែលក្រុមរក្សាសន្តិភាព MONUSCO អាចនឹងតាមប្រមាញ់ឈ្មោះ Mudacumura ដោយខ្លួនឯងនោះ ប្រតិបត្តិការនេះគួរតែមានកិច្ចសហការជាមួយកងកម្លាំងរបស់កុងហ្គោ៕
ប្រែសម្រួលដោយ ពៅ ហេងឡាលីន