ភ្លើងឆេះព្រៃបានរាលដាលនៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា កាលពីថ្ងៃអាទិត្យ ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់។ ភ្លើងឆេះព្រៃនេះបានរាលដាលកាន់តែខ្លាំងជាមួយនឹងកម្លាំងខ្យល់ខ្លាំងនិងអាកាសធាតុស្ងួត។
តួលេខអ្នកស្លាប់មានចំនួន២៣នាក់ ហើយអាចនឹងបន្តកើនឡើងទៀត ខណៈដែលក្រុមការងារជួយសង្គ្រោះបានទៅដល់តំបន់ដ៏ធំសម្បើមនេះ ដែលរងការបំផ្លិចបំផ្លាញក្លាយជាផេះ។ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញដោយមិនអាចយកអ្វីទៅជាមួយបាននោះទេ។
អាជ្ញាធរនិយាយថាភ្លើងឆេះព្រៃមួយក្នុងចំណោមនោះអាចគ្រប់គ្រងបានប្រមាណ២០ភាគរយ ក្រៅពីនោះ អាចគ្រប់គ្រងបានតែ៥ភាគរយប៉ុណ្ណោះ។
ភ្លើងឆេះព្រៃ Woolsey Fire និងភ្លើងឆេះព្រៃ Hill Fire នៅប៉ែកខាងត្បូងរដ្ឋ កាលីហ្វ័រញ៉ា និងភ្លើងឆេះព្រៃ Camp Fire នៅប៉ែកខាងជើងរដ្ឋនេះ បានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែអាកាសធាតុស្ងួតនិងខ្យល់បក់ខ្លាំង។
ក្រុមមន្ត្រីនិយាយថា ភ្លើងឆេះព្រៃ Camp Fire បានក្លាយជាភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃរដ្ឋនេះ ហើយក្លាយជាភ្លើងឆេះព្រៃដែលបានសម្លាប់មនុស្សអស់ច្រើនបំផុតលំដាប់ទីបី។
កាលពីឆ្នាំ២០១៧ ភ្លើងឆេះព្រៃ Tubbs Fire បានដុតបំផ្លាញដីទំហំ១ម៉ឺន៦ពាន់ហិកតានៅសង្កាត់ Lake សង្កាត់ Napa និងសង្កាត់ Sonoma និងត្រូវបានចាត់ទុកថាជាភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃរដ្ឋនេះ។ ភ្លើងឆេះព្រៃ Tubbs Fire នេះ បានសម្លាប់មនុស្សអស់ចំនួន២២នាក់និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាង៥៥០០ខ្នងផងដែរ៕