សារទូរលេខការទូតមួយបានបង្ហាញថា ស្ថានទូតស.រ.អា.នៅកម្ពុជាបានដឹងអំពីភាពមិនត្រឹមត្រូវរបស់សកម្មជនតស៊ូមតិប្រឆាំងអំពើជួញដូរមនុស្ស។
កាសែតល្បីឈ្មោះមួយក្នុងប្រទេសកម្ពុជាបានបោះពុម្ពផ្សាយកាលពីថ្ងៃច័ន្ទថា ស្ថានទូតស.រ.អា.ក្នុងរាជធានីភ្នំពេញបានដឹងថា សកម្មជនប្រឆាំងនឹងការជួញដូរមនុស្សល្បីល្បាញម្នាក់ បានភូតកុហក់អំពីសាវតារបស់ខ្លួន ហើយគម្រោងមួយរបស់សកម្មជននេះត្រូវបានសង្ស័យថា ចំណាយលុយមិនត្រឹមត្រូវ។ តែក្រោយមកមានការបញ្ជាក់ច្បាស់ថា ស្ថានទូតស.រ.អា.សម្រេចមិនចាត់វិធានការទេ។
កាសែតភ្នំពេញបុស្តិ៍បានរាយការណ៍នៅថ្ងៃច័ន្ទនេះថា ស្ថានទូតស.រ.អា.ក្នុងរាជធានីនៃប្រទេសកម្ពុជាបានដឹងជាច្រើនឆ្នាំមកហើយថា សកម្មជនប្រឆាំងការជួញដូរមនុស្សគឺអ្នកស្រី ម៉ម សូម៉ាលី នៃអង្គការ AFESIP ដែលមិនសមនឹងទទួលបានការគោរពនោះ បានជាប់ទាក់ទងនឹងការប្រព្រឹត្តអំពើបោកប្រាស់។
ស្ថានទូតស.រ.អា.ក៏មានការសង្ស័យផងដែរថា អង្គការមិនរកកម្រៃក្នុងស្រុកឈ្មោះអង្គការ AFESIP ដែលផ្តល់ជម្រកដល់ជនរងគ្រោះនៃការជួញដូរផ្លូវភេទក្នុងប្រទេសកម្ពុជា បានចំណាយថវិកាមិនត្រឹមត្រូវ។ អ្នកស្រី ម៉ម សូម៉ាលី បានបង្កើតអង្គការ AFESIP នេះ កាលពីឆ្នាំ១៩៩៦។
បន្ថែមពីលើនេះទៀត ស្ថានទូតស.រ.អា.បានដឹងផងដែរថា គុណភាពនៃការផ្តល់ការថែទាំផ្លូវចិត្ត និងសុខាភិបាលនៅឯអង្គការ AFESIP នោះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសភាពពោរពេញដោយក្រៀមក្រំ ហើយខ្វះខាតការគាំទ្រ ដែលនាំឲ្យបុគ្គលិក និងអ្នកហាត់ការជាច្រើននាក់ ដែលមិនបញ្ចេញឈ្មោះក្នុងអង្គការនេះ បានលាឈប់ពីការងារ។
បើទោះជាមានរឿងដូច្នោះក្តី ស្ថានទូតស.រ.អា.បានសម្រេចមិនអើពើចំពោះការចោទប្រកាន់នានា ដោយសំអាងថា ការចាត់វិធានការអាចធ្វើឲ្យប៉ះពាល់ដល់ថវិកាសម្រាប់អង្គការប្រឆាំងនឹងអំពើជួញដូរមនុស្សផ្សេងទៀត ហើយវានឹងធ្វើឲ្យប៉ះពាល់ដល់ជនរងគ្រោះដែលស្នាក់នៅក្នុងមណ្ឌលរបស់អង្គការ AFESIP។
អត្ថបទកាសែតភ្នំពេញបុស្តិ៍សរសេរភាគច្រើនផ្អែកទៅលើសារទូរលេខស្ថានទូតស.រ.អា.កាលពីខែឧសភាឆ្នាំ២០១២ ដែលកាសែតនេះទទួលបានបន្ទាប់ស្នើសុំតាមច្បាប់សិទ្ធិទទួលបានព័ត៌មានទៅកាន់រដ្ឋាភិបាលស.រ.អា.។
សារទូរលេខ ដែលដាក់ចំណងជើងថា «ម៉ម សូម៉ាលីស្ថិតនៅក្រោមការពង្រីកមើលដោយមីក្រូទស្សន៍» ឬហៅជាភាសាអង់គ្លេសថា “Somaly Mam Under Microscope” ដែលកាសែតនេះបានចែករំលែកជូនវីអូអេដើម្បីផ្សព្វផ្សាយនោះ បានបង្ហាញឲ្យឃើញច្បាស់ពីហេតុផលនៅពីក្រោយការបន្តគាំទ្ររបស់ស្ថានទូតស.រ.អា.ចំពោះសកម្មជននេះ បើទោះណាជាស្ថានទូតបានដឹងថា មានបញ្ហាក៏ដោយ។
សារទូរលេខនោះបានកត់សម្គាល់ថា អ្នកស្រី ម៉ម សូម៉ាលី ជាកម្លាំងវិជ្ជមានក្នុងកិច្ចប្រឹងប្រែងប្រឆាំងនឹងអំពើជួញដូរមនុស្ស ហើយជាអ្នកនាំពាក្យដ៏ទូលំទូលាយ និងមានប្រសិទ្ធភាព ដែលបានផ្សព្វផ្សាយឲ្យយល់ដឹងអំពីការជួញដូរមនុស្ស ហើយនឹងជាអ្នករៃអង្គាសប្រាក់ដ៏សំខាន់ សម្រាប់អន្តរាគមន៍ប្រឆាំងនឹងការជួញដូរមនុស្ស។
សារទូរលេខដដែលបានបញ្ជាក់ទៀតថា បើទោះជាមានក្តីបារម្ភច្រើនថា ថវិកាទំនងជាត្រូវគេចាយវាយមិនត្រឹមត្រូវ ហើយជម្រកអង្គការ AFESIP អាចខ្វះការថែទាំប្រកបដោយគុណភាពក្តី តែកិច្ចប្រឹងប្រែងរបស់អ្នកស្រី ម៉ម សូម៉ាលី នៅតែតំណាងឲ្យជម្រើសវិជ្ជមានមួយសម្រាប់ជនរងគ្រោះ ដែលត្រូវរំលោភបំពានផ្លូវភេទដ៏សែនអាក្រក់ បើពុំដូច្នោះទេពួកគេនឹងជួបការប្រឈមខ្លាំង។
ទាក់ទងទៅនឹងការថែទាំផ្នែកសុខាភិបាលវិញ ប្រភពព័ត៌មានបានប្រាប់ស្ថានទូតថា ក្រុមជនរងគ្រោះដែលស្នាក់នៅក្នុងមណ្ឌលអង្គការ AFESIP បានទទួលការថែទាំផ្នែកផ្លូវចិត្តតែម្តងគត់ក្នុងរយៈពេលបីខែ បើទោះណាជាមានតម្រូវការចាំបាច់ខ្លាំងប៉ុណ្ណាក៏ដោយ។
ជាការណ៍ពិត បុគ្គលិកមណ្ឌលនេះត្រូវគេរាយការណ៍មកថា គ្មានសមត្ថភាពជួយដល់ជនរងគ្រោះក្នុងស្ថានភាពមានប្រតិកម្មថ្នាំជាបន្ទាន់នោះទេ សូម្បីតែក្នុងកម្រិតធម្មតាបំផុតក្តី។
សារទូរលេខបានបញ្ជាក់ច្បាស់ថា បុគ្គលិកស្ថានទូតបានដឹងអំពីការចោទប្រកាន់នានាមកលើអ្នកស្រី ម៉ម សូម៉ាលី ហើយនឹងវិបត្តិក្នុងការចំណាយលុយដែលពលរដ្ឋអាមេរិកាំងបង់ពន្ធ តែស្ថានទូតបានជ្រើសរើសមិនចាត់វិធានការ។
អ្នកនាំពាក្យសា្ថនទូតស.រ.អា.ម្នាក់បានបដិសេធមិនផ្តល់អត្ថាធិប្បាយចំពោះព័ត៌មានក្នុងសារទូរលេខ ហើយនឹងអត្ថបទរបស់កាសែតភ្នំពេញបុស្តិ៍ ទាក់ទងនឹងការទទួលខុសត្រូវរបស់បុគ្គលិកស្ថានទូតចំពោះករណីនេះក្នុងការការពារលុយបង់ពន្ធរបស់ពលរដ្ឋអាមរិកាំងនោះទេ។
អ្នកស្រី ម៉ម សូម៉ាលី ក្លាយជាតួអង្គល្បីល្បាញរយៈពេលជាច្រើនឆ្នាំក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិដើម្បីប្រយុទ្ធនឹងអំពើជួញដូរមនុស្ស។
កាលពីឆ្នាំ២០០៩ ទស្សនាវដ្តី Time ដែលបោះពុម្ពផ្សាយដំណឹងក្នុងប្រទេសអាមេរិកបានដាក់ឈ្មោះអ្នកស្រី ម៉ម សូម៉ាលី ថាជាមនុស្សដ៏មានឥទ្ធិពលដ៏ខ្លាំងបំផុតម្នាក់ក្នុងចំណោមមនុស្ស១០០នាក់ក្នុងពិភពលោក។ បីឆ្នាំមុននោះ បណ្តាញផ្សព្វផ្សាយព័ត៌មានពិភពលោកគឺទូរទស្សន៍ CNN បានដាក់ឈ្មោះអ្នកស្រី ម៉ម សូម៉ាលី ថាជាជើងឯកក្នុងកម្មវិធី Hero របស់ CNN ។
អង្គការមិនរកកម្រៃក្នុងប្រទេសអាមេរិកមួយបានយកឈ្មោះតាមឈ្មោះអ្នកស្រី គឺអង្គការ The Somaly Mam Foundation ហើយបានរៃអង្គាសប្រាក់រាប់លានដុល្លារស.រ.អា.សម្រាប់អង្គការ AFESIP ហើយបានទាក់ទាញចំណូលចិត្តរបស់ក្រុមតារាល្បីៗជនជាតិអាមេរិកាំង ដូចជា Susan Sarandon និង Sheryl Sandberg នាយកផ្នែកគ្រប់គ្រងមន្ត្រីប្រតិបត្តិការរបស់ក្រុមហ៊ុន Facebook ជាដើម។
ក៏ប៉ុន្តែក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ របាយការណ៍ព័ត៌មានបន្តបន្ទាប់បានបង្កឲ្យមានការសង្ស័យអំពីរឿងរ៉ាវដែលត្រូវបាននិទានប្រាប់ដោយក្រុមស្ត្រីខ្លះ ដែលអង្គការ Foundation របស់អ្នកស្រី ម៉ម សុមាលី បានដាក់ថាជាជនរងគ្រោះដោយការជួញដូរមនុស្ស។ ថ្មីៗនេះ សំណួរជាច្រើនត្រូវគេសួរអំពីការណ៍ពិតខ្លះ នៅពីក្រោយរឿងផ្ទាល់ខ្លួនរបស់អ្នកស្រី ម៉ម សុម៉ាលី ដែលមានការបោះពុម្ពផ្សាយយ៉ាងល្អថា អ្នកស្រីជាជនរងគ្រោះនៃការជួញដូរមនុស្ស។
សេចក្តីរាយការណ៍អវិជ្ជមានជាច្រើនបានចេញផ្សាយកាលពីឆ្នាំ២០១២ និងឆ្នាំ ២០១៣ក្នុងកាសែត The Cambodia Daily ដែលបោះពុម្ពផ្សាយជាភាសាអង់គ្លេស ហើយកាលពីឆ្នាំទៅ នៅក្នុងទស្សនាវដ្តី Newsweek។
ការបោះពុម្ពផ្សាយរបស់ The Newsweek នៅទីបំផុត បានធ្វើឲ្យមានការស៊ើបអង្កេតលើអង្គការ The Somaly Mam Foundation។ ភ្លាមៗបន្ទាប់នោះ អ្នកស្រី ម៉ម សូម៉ាលី ត្រូវបង្ខំឲ្យលាឈប់ពីមុខតំណែង។ កាលពីខែកញ្ញា The Somaly Mam Foundation បានបិទទ្វាររបស់ខ្លួន។
ដោយគ្មានភាពរអាចិត្តនោះ អ្នកស្រី ម៉ម សូម៉ាលី បានបង្កើតអង្គការមួយទៀតឈ្មោះ «មូលនិធិថ្មីរបស់ម៉ម សូម៉ាលី»ឬ «The New Somaly Mam Fund» កាលពីចុងឆ្នាំទៅ ដើម្បីជំនួសអង្គការមូលនិធិ ដែលមិនដំណើរការក្នុងការប្រឹងប្រែងរៃអង្គាសថវិកានោះ។
ភាពចម្រូងចម្រាសនៅតែបន្តនៅជុំវិញអ្នកស្រី ម៉ម សូម៉ាលី ដោយសារអ្នកស្រីបានដាក់បង្ហោះរូបភាពនៃការចុះសួរសុខទុក្ខក្នុងមណ្ឌល AFESIP ដែលស្រ្តី និងក្មេងស្រីៗត្រូវគេបង្ហាញអត្តសញ្ញាណ។ ហើយនៅក្នុងចុងសប្តាហ៍នេះ កាសែតភ្នំពេញបុស្តិ៍បានរាយការណ៍ថា អង្គការថ្មីរបស់អ្នកស្រី ម៉ម សូម៉ាលីគឺ The New Somaly Mam Fund ត្រូវបានអង្គការល្បីល្បាញដ៏គួរឲ្យគោរព និងមិនរកប្រាក់កម្រៃជាច្រើន យកធ្វើជាដៃគូ តែនៅពេលសារព័ត៌មានបានទាក់ទងសួរព័ត៌មាន អង្គការមិនរកកម្រៃទាំងនោះបដិសេធមិនទទួលស្គាល់ការចាត់ចែង ដែលត្រូវបានលើកឡើងនោះទេ។
វីអូអេបានព្យាយាមទាក់ទងអ្នកស្រី ម៉ម សូម៉ាលី ដើម្បីសុំអត្ថាធិប្បាយ តែមិនអាចទាក់ទងបានទេ។
លោក Sao Chhoeurth នាយកកម្មវិធីអង្គការ AFESIP បានទម្លាក់ទូរស័ព្ទចុះ ពេលវីអូអេទូរស័ព្ទសួរអំពីដំណឹង ដែលចុះផ្សាយដោយកាសែតភ្នំពេញបុស្តិ៍កាលពីថ្ងៃច័ន្ទ ដោយលោកបញ្ជាក់ថា លោកពុំបានឃើញអត្ថបទនោះទេ ហើយលោកថ្លែងថា លោកមិនអាចផ្តល់អត្ថាធិប្បាយចំពោះការចោទប្រកាន់លើការចំណាយថវិកាមិនត្រឹមត្រូវនោះទេ ដោយសារថ្ងៃនេះជាថ្ងៃសម្រាក។
មូលនិធិម៉ម សូម៉ាលី ឬ The Somaly Mam Foundation ត្រូវបានបង្កើតកាលពីឆ្នាំ២០០៧ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមារីក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយចាប់តាំងពីពេលនោះមក អង្គការនេះបានមានកេរ្តិ៍ឈ្មោះរបស់ខ្លួនតាមរយៈគម្រោងនេះ។
ក៏ប៉ុន្តែ ជាច្រើនឆ្នាំក្រោមមក ការអះអាងខ្លះរបស់អ្នកស្រី ម៉ម សូម៉ាលី បានធ្វើឲ្យមានការជ្រួញងឿងឆ្ងល់ច្រើនដែរដូចជាថា ការប្រើជនរងគ្រោះរបស់អង្គការនេះ ដែលសង្ស័យថា ជនរងគ្រោះដោយការជួញដូរផ្លូវភេទ ដើម្បីផ្សព្វផ្សាយ ហើយនឹងការប្រើប្រាស់ជនរងគ្រោះសម្រាប់ស្វែងរកថវិកា។
ការសម្រេចចិត្តរបស់អង្គការ ដែលបានអនុញ្ញាតឲ្យលោក Nicholas Kristoff អ្នកកាសែត New York Time ផ្សព្វផ្សាយតាម Tweet ផ្ទាល់ពីបនស្រី ដែលត្រូវបង្ក្រាបក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១១នោះ ក៏បានទទួលការរិះគន់យ៉ាងធ្ងន់ធ្ងរផងដែរ៕
ប្រែសម្រួលដោយ លោកសុខ ខេមរា និងនាងលី ម៉ូរីវាន់