សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកាំង​សុំ​ឱ្យ​ក្រសួង​ការ​បរទេស​អន្តរាគមន៍​ករណី​លោក ​អ៊ុំ សំអាន

រូបសញ្ញានៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។

សមាគម​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង​ បាន​អំពាវនាវ​ឱ្យ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិកធ្វើ​អន្តរាគម​​ន៍​ដោះលែង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចំនួន​ពីរនាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​សារ​តែ​សកម្មភាព​នយោបាយ​របស់​ពួកគេ។

សមាគម​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង​ បាន​អំពាវនាវ​ឱ្យ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិកធ្វើ​អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចំនួន​ពីរនាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​សារ​តែ​សកម្មភាព​នយោបាយ​របស់​ពួកគេ។​

នៅក្នុង​លិខិត​មួយ​ផ្ញើ​ជូន​លោក​ Scot A. Marciel ​ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ ដែល​ VOA ​ទទួល​បាន​នៅ​ថ្ងៃពុធ​ដែរ​នោះ ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង​បាន​បញ្ជាក់​ថា ​ពួកគេ​មាន​«ការ​រំខាន​ចិត្ត​យ៉ាងខ្លាំង»​ ដោយ​សារ​ការ​ចាប់​ខ្លួន​លោក​ អ៊ុំ សំអាន ​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា បន្ទាប់ពី​លោក​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា ​ក្រោយ​ពី​រស់នៅ​គេច​ខ្លួន​ក្នុង​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​ជាច្រើន​ខែ។

លោក​ ទូច វិបុល ​ប្រធាន​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកាំង​បាន​សរសេរ​ថា៖​«លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ កំពុង​រង​ការគំរាម​កំហែង​យ៉ាង​ខ្លាំងក្លា​ ហើយ​សភាព​ការណ៍​នឹង​បន្ត​អាក្រក់ ​បើ​សិន​ជា​ក្រសួង​ការបរទេស​មិន​ធ្វើ​សកម្មភាព​ឱ្យ​បាន​រហ័ស​ទេ‍‍។ ការ​ចាប់​ខ្លួន​ដោយ​អនាធិបតេយ្យ និង​ការ​ដាក់​ពន្ធនាគារ​នូវ​អ្នក​ដែល​ហ៊ាន​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កំពុង​តែ​កើន​ឡើង​ក្នុង​កម្រិត​មួយ​គួរឱ្យ​ភ្ញាក់ផ្អើល»។

រូបឯកសារ៖ លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញផែនទី​ដែលប្រើ​បោះ​សម្រាប់​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA​)​

លោក​ អ៊ុំ​ សំអាន ​គឺជា​អ្នក​ធ្វើ​សកម្មភាព​យ៉ាង​ខ្លាំង​ក្លា​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ជិតខាង​ជាពិសេស​ប្រទេស​វៀតណាម។ លោក​បាន​រិះគន់​រដ្ឋាភិបាល​ថា​ ប្រើ​ប្រាស់​ផែនទី​ក្លែងក្លាយ​ក្នុង​ការ​កំណត់​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាម។

ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ​គឺ​លោក​ មាជ សុវណ្ណារ៉ា​ ដែល​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២០ឆ្នាំ​ ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​តវ៉ា​ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

ការចាប់​ខ្លួន​លោក​ អ៊ុំ សំអាន​ ទទួល​រងការ​ថ្កោលទោស​ និង​រិះគន់​ពី​គណបក្ស​សង្គ្រោះជាតិ​ និង​អង្គការ​សង្គម​ស៊ីវិល​ថា​ ធ្វើ​ខុស​នឹង​រដ្ឋ​ធម្មនុញ្ញ​ដោយ​សារ​លោក​ជា​អ្នក​តំណាងរាស្រ្ត​ដែល​នៅ​មាន​អភ័យ​ឯកសិទ្ធិ៕