លោក Bush និង​លោក​ Obama នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុងពិធី​គោរពវិញ្ញាណក្ខន្ធ​លោក McCain

ម្ឈូស​ដាកសាកសព​របស់ John McCain ត្រូវ​បាន​គេ​សែង​​ទៅកាន់​ទី​បញ្ចុះ​សព​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃសៅរ៍​ទី​០១​ កញ្ញា ឆ្នាំ ២០១៨។

អតីត​ប្រធានាធិបតី​ស.រ.អា.ពីរនាក់​នឹង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​សៅរ៍​នេះនៅ​ក្នុងពិធី​គោរពវិញ្ញាណក្ខ័ន្ធ​លោក John McCain សមាជិក​ព្រឹទ្ធសភា​ស.រ.អា.ប្រចាំ​រដ្ឋ​ Arizona យូរយាមក​ហើយ​នៅឯព្រះវិហារ​ Cathedral ជាតិ​ក្នុង​រដ្ឋធានី​ Washington។​

លោក George W. Bush ប្រធានាធិបតី​ស.រ.អា.ខាង​គណបក្សសាធារណរដ្ឋ​និង​លោក​ Barack Obama ប្រធានាធិបតី​អាមេរិកាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នឹងរំលឹកអំពី​មិត្តភក្តិរូប​នេះ​របស់អស់​លោកនៅក្នុង​ពិធីមួយ​ដែល​លោក McCain បានគ្រោង​នៅ​ពេល​លោក​ប្រយុទ្ធ​នឹង​ជំងឺមហារីកខួរក្បាល។​ លោក McCain បាន​ចាញ់​លោក Bush នៅ​ក្នុងការ​ប្រកួត​ប្រជែង​ដើម្បី​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​កាលពី​ឆ្នាំ២០០០ហើយ​លោកបានចាញ់លោក Obama នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកាំង​កាល​ពី​ឆ្នាំ២០០៨។

គេបាន​តម្កល់សព​លោក McCain នៅ​ក្នុង​អាគារ​សភា​ស.រ.អា. Capitol កាល​ពី​ថ្ងៃ​សុក្រ។ ​ភរិយា​របស់​លោក McCain គឺ​លោកស្រី Cindy កូន៧នាក់​របស់​លោក​និងម្តាយ​លោកដែល​មានអាយុ១០៦ឆ្នាំជាមួយនិង​សមាជិក​សភា​ស.រ.អា.រាប់រយ​នាក់​បានចូល​រួម​ក្នុង​ពិធីមួយកាលពី​ថ្ងៃ​សុក្រ​នៅក្នុង​កន្លែង​មានដំបូលក្រឡូមនៃអាគារសភាជូន​ជា​កិត្តិយស​ដល់​លោក McCain។

ក្បួន​ដឹក​ម្ឈូសសពលោក McCain នៅ​ថ្ងៃសៅរ៍​នេះ​ពី​អាគារ​សភា Capitol ទៅ​កាន់ព្រះ​វិហារ​ Cathedral ជាតិនឹង​ឈប់នៅ​ឯកន្លែង​អនុស្សាវរីយ៍សង្គ្រាមវៀតណាម​ដែល​នៅ​ទី​នោះ​លោកស្រី​ Cindy McCain នឹង​ដាក់កម្រងផ្កា​មួយ​ជូន​ជា​កិក្តិយស​ដល់ជន​ដែលបានបូជា​ជីវិត​នៅក្នុង​សង្គ្រាម​នោះ។​

បន្ថែម​ពីលោក Obama និង​លោក Bush ជន​ឯ​ទៀតៗ​ដែល​មានកំណត់ថ្លែង​សម្តែង​ការ​គោរព​ដល់​វិញ្ញាណក្ខន្ធ​លោក McCain មាន​រួមបញ្ចូល​លោក​ Lindsey Graham សមាជិក​ព្រឹទ្ធសភា​ស.រ.អា., លោក​អតីត​រដ្ឋមន្ត្រីការបរទេស​ស.រ.អា.​ Henry Kissinger ដែល​បានផ្តល់ការ​ណែនាំអំពី​បញ្ហា​ប្រទេស​វៀតណាមដល់​លោក Richard Nixon ដែល​ជា​ប្រធានាធិបតី​អាមេរិកាំង​នៅ​ពេលនោះ ព្រម​ទាំង​ពួក​សមាជិក​គ្រួសារ​លោក​ McCain ផងដែរ។​

​អ្នកលើក​ម្ឈូស​លោក McCain មានរួម​បញ្ចូល​តារាភាព​យន្ត Warren Beatty លោក​អតីត​អនុប្រធានាធិបតី​ Joe Bidenលោក Michael Bloomberg អតីត​អភិបាល​បុរី​ញូវយ៉ក និង​អ្នកប្រឆាំង​រុស្ស៊ីលោក Vladimir Kara-Murza៕