ក្រោយ​​ការបោះឆ្នោត​ភូមា​នឹង​ចេញ​ច្បាប់​ថ្មី​អំពី​ធនធាន​រ៉ែ​

  • Ron Corben

មន្រ្តី​ប៉ូលិស​ភូមា​ដាក់​ពង្រាយ​ខ្សែ​លួស​ ខណៈ​ដែល​ពួកគេ​ការពារ​នៅ​ខាង​ក្រៅ​ស្ថានទូត​ចិន​ក្នុង​ក្រុង​យាំងហ្គូន​ ប្រទេស​ភូមា​ កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤។

ច្បាប់ថ្មីរបស់​ប្រទេសមីយ៉ាន់ម៉ា​ ឬ​ភូមា​សម្រាប់​ការ​ជីក​យក​រ៉ែ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវ​អនុម័ត​ និង​ដាក់​ឲ្យ​ប្រើប្រាស់​ បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​វិច្ឆិកា ​ហើយ​វា​នឹង​ទាក់ទាញ​ការ​វិនិយោគ​បរទេស​កាន់​តែ​ច្រើន​ឡើង។

ប៉ុន្តែ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បារម្ភ​ថា​ ច្បាប់​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហគមន៍​មូលដ្ឋាន ដោយសារ​កង្វះ​ការ​ការពារ​ផ្នែក​ច្បាប់​រឹងមាំ។

អ្នក​វិភាគ​និយាយ​ថា​ ក្នុង​វិស័យ​ឧស្សាហកម្ម​រុក​រក​រ៉ែ​នៅ​មីយ៉ាន់ម៉ា​ ឬ​ភូមា​នៅ​តែ​ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ​ ដោយ​ពិនិត្យ​ឃើញ​ថា ​មាន​រ៉ែ​លោហៈ​មាន​តម្លៃ ​ដូចជា​ទង់ដែង​ ស័ង្កសី ​និង​ធាតុ​គីមី​តង់ស្តែន។​

លោក ​John Hancock ​ដែល​ជា​មេធាវី​អូស្រ្តាលី​ និង​អ្នក​ពិគ្រោះ​យោបល់​នៅ​ក្នុង​ទីក្រុង​យាំងហ្គូន​ និយាយ​ថា យោង​តាម​ការ​ស្ទង់​មតិ​លើ​ចំនួន​រ៉ែមាន​តម្លៃ​ដែល​មាន​តាំង​ពី​សម័យ​អាណានិគម​អង់គ្លេស​ បាន​ឲ្យ​ដឹង​ថា ​ប្រជាជន​មាន​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។​

«ខ្ញុំគិត​ថា ​នរណាៗ​ក៏រំពឹង​ទុក​យ៉ាង​ខ្ពស់​ដែរ​សម្រាប់ជោគវាសនា​របស់​ប្រទេស​មីយ៉ាន់​ជាមួយ​នឹង​ការ​ស្ទង់​មតិ​អំពី​រ៉ែ​ និង​ការងារ​ដែល​បាន​ធ្វើ​រួច​នៅ​ក្នុង​ពេល​កន្លង​មក។ វាហាក់​ដូច​ជា​បង្ហាញ​ថា ​ធនធាន​រ៉ែ​មាន​កម្រិត​ខ្ពស់​ ហើយ​មាន​រ៉ែ​ច្រើន​ប្រភេទ។​ មីយ៉ាន់ម៉ាមាន​សង្ឃឹម​ច្រើន​ខាង​ភូគព្ភសាស្ត្រ»។​

ប៉ុន្តែ​ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​និយាយ​ថា​ មីយ៉ាន់ម៉ា​មិន​បាន​ផ្តល់ការ​ការពារ​ផ្លូវ​ច្បាប់​គ្រប់​គ្រាន់​សម្រាប់​វិនិយោគិន​បរទេស​ទេ ​ហើយវា​បាន​ធ្វើឱ្យការ​វិនិយោគ​ពី​ខាង​ក្រៅ​មាន​ចំនួន​តិច​ប៉ុណ្ណោះ។​

ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ថ្មី​អាច​ផ្លាស់​ប្តូរ​បញ្ហា​នេះ​ ព្រោះវា​អាច​បញ្ជាក់​ការ​ទទួល​ខុសត្រូវ​ផ្នែក​ច្បាប់​ ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​តូចៗ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ អាច​ចូល​ទៅ​ក្នុង​ការ​បណ្ដាក់​ទុន​រួម​គ្នា​ជា​មួយ​ក្រុមហ៊ុន​សហគ្រាស​បរទេស​ និង​ផ្តល់​អំណាច​ដល់​បណ្តា​រដ្ឋ​ក្នុង​តំបន់​ដើម្បី​ត្រួត​ពិនិត្យ​បន្ថែម​លើ​ធនធាន​នេះ។​

រ៉ែខ្លះ​នៃ​ធនធាន​រ៉ែដ៏​មាន​តម្លៃ​បំផុត​របស់​ប្រទេស​មីយ៉ាន់ម៉ា​ស្ថិត​នៅ​ក្នុង​តំបន់ជនជាតិ​ភាគតិច​រស់​នៅ​ ​ដូចជា ​រដ្ឋ​ Shan​ និង​ រដ្ឋ​ Kachin​ ជា​កន្លែង​ដែល​កំពុង​មាន​ការ​ប្រយុទ្ធ​គ្នា​ ដែល​រារាំង​ដល់ការ​អភិវឌ្ឍ។​

ភាព​ចម្រូង​ចម្រាស​ និង​ការ​តវ៉ា​បាន​ធ្វើ​ឲ្យ​គាំង​ប្រតិបត្តិការ​របស់​គម្រោង​មួយ​ចំនួន​នៅ​តាម​កន្លែង​នានា។​

ចាប់​តាំង​ពី​ឆ្នាំ​២០១២មក​ ការ​អភិវឌ្ឍ​អណ្តូង​រ៉ែ​ទង់ដែង​មួយ​របស់​ចិន​នៅ​ជិត​ទីក្រុង Monywa នៅ​ភាគ​កណ្តាល​ប្រទេស​ភូមា​ ​បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ និង​ការ​បង្ហូរ​ឈាម​ ដោយ​អ្នក​ស្រុក​ដែល​មាន​កំហឹង​ដោយសារ​តែ​ការ​រឹប​អូស​ដី​ធ្លី​ និង​ការ​បំពុល​បរិស្ថាន។​

លោក​ស្រី​ Meghna Abraham ​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រុម​សិទ្ធិ​មនុស្ស​មួយ​ឈ្មោះអង្គការ​លើក​លែង​ទោស​អន្តរជាតិ​ ឬ ​Amnesty International។​ លោក​ស្រី​បាន​ថ្លែង​ថា ​រ៉ែ​នៅ​ក្រុង ​Monywa ​បាន​គូស​បញ្ជាក់​បញ្ហា​នៅ​ទូទាំង​ឧស្សាហ​កម្ម​នេះ។​

«អ្នក​ខ្លះ​បាន​រាយ​ការណ៍​ពី​គម្រោង​រុក​រក​រ៉ែ​ផ្សេង​ទៀត​ ដែល​ជា​បញ្ហា​ដែល​យើង​កំពុង​មើល​ឃើញ។​ មិន​មាន​ដំណើរ​ការ​ពិគ្រោះ​យោបល់​ត្រឹមត្រូវ​ណា​មួយសម្រាប់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​នោះ​ទេ។ ​នេះ​ជា​ការ​គូស​បង្ហាញ​មួយ​ដែល​ទទួល​ខុស​ត្រូវ​ចំពោះបញ្ហា​ជា​ច្រើន​ដែល​កើត​មានឡើង​នៅ​ក្នុង​ទីក្រុង​ Monywa។ ​ប្រជាជន​ខ្វះ​ការ​ជឿជាក់​ទៅ​លើ​ក្រុម​ហ៊ុន ​និង​អាជ្ញាធរ ​ដោយ​សារ​តែអ្វី​ដែល​ក្រុមហ៊ុន ​និង​អាជ្ញាធបាន​ធ្វើ​ក្នុង​ប្រតិបត្តិ​ការ​រុក​រក​រ៉ែ​ទាំង​អស់​កន្លង​មក»។​

ក្រុមហ៊ុន ​Wanboa ​ដែល​ជីក​រ៉ែ​ស្ពាន់ ​បាន​សរសេរ​នៅ​លើ​គេហ​ទំព័រ​របស់​សាជីវកម្ម​ថា ​ក្រុមហ៊ុន​ទទួល​ស្គាល់​ថា​ ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​សង្គម ការ​ធ្វើ​ផែនការ ​និង​ការ​គ្រប់គ្រង​ធនធាន។​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​បន្ថែម​ទៀត​ថា​ ក្រុមហ៊ុន​គ្រោង​នឹង​ចាប់​ផ្តើម​ផលិតរ៉ែ​ក្នុង​ឆ្នាំ​២០១៥។​

លោក​ Aung Zaw ​ជា​និពន្ធ​នាយក​នៃ​កាសែត ​The Irrawaddy ​ដែល​ផ្សាយ​តាម​គេហទំព័រ។ ​លោក​និយាយ​ថា ​ការ​យក​រ៉ែ​នៅ​ក្រុង​ Monywa ​បាន​គូស​បញ្ជាក់​ពី​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន​នៅ​ក្នុង​ឧស្សាហ​កម្ម​រុក​រក​រ៉ែ​នេះ។​

«លោក​អ្នក​អាច​មើល​ឃើញ​ថា​ ប្រជាជន​កាន់​តែ​ច្រើន​កំពុង​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​សកម្មជន​ត្រូវ​បាន​ដាក់​ពន្ធនាគារ។​ រឿង​ដែល​កាន់តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៅ​ទៀត​នោះ​គឺ​កសិករ​ដែលបាត់​បង់​ដី​ធ្លី​ និងសកម្ម​ជន​ជា​ច្រើន​ដែល​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​រឹបអូស​យក​ដីធ្លី​ និង​ការ​ខូច​ខាត​បរិស្ថាន​ផ្សេង​ទៀត ​ក៏​ត្រូវគេ​ចាប់ដាក់ពន្ធនាគារ​ដែរ។​ គួរ​ឲ្យ​ឈឺ​ចាប់​ខ្លាំង​ណាស់»។​

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា ​ឧស្សាហ​កម្ម​យក​រ៉ែ​នៅ​ប្រទេស​មីយ៉ាន់ម៉ាគួរតែ​មាន​ការ​គ្រប់គ្រង​តាម​ក្រប​ខណ្ឌ​ច្បាប់រឹងមាំ ​ដើម្បី​គ្រប់​គ្រង​ក្រុម​ហ៊ុន​ជា​ច្រើន ​ហើយ​រៀបចំ​ស្តង់ដារ​ សម្រាប់​ទិញ​ដី​ និង​ផ្ដល់​សំណង​ ព្រម​ទាំង​មាន​ច្បាប់​ការពារកម្លាំង​ពលកម្ម​ និងការពារ​បរិស្ថាន​ផង​ដែរ៕