ពលរដ្ឋបួគីណាហ្វាសូ (Burkina Faso) កំពុងចេញមកតាមផ្លូវនានាម្តងទៀតកាលពីថ្ងៃអាទិត្យ នៅពេលនេះដើម្បីតវ៉ាប្រឆាំងកងយោធា ដែលគណបក្សប្រឆាំងនិយាយថា កំពុងព្យាយាមដណ្តើមយកការទម្លាក់ប្រធានាធិបតី Blaise Campaore ចេញពីតំណែង ដែលធ្វើឡើងដោយប្រជាពលរដ្ឋ។ ពួកយោធាបានប្រកាសថា ខ្លួនដឹកនាំប្រទេសកាលពីថ្ងៃសុក្របន្ទាប់ពីមានការតវ៉ាប្រឆាំងពោរពេញដោយហិង្សា៤ថ្ងៃជាប់ៗគ្នានិងយ៉ាងខ្លាំងដែលបណ្តាលឲ្យលោក Campaore ចុះចេញពីតំណែង។
គណបក្សប្រឆាំងនៃប្រទេសបួគីណាហ្វាសូ បានធ្វើការប្រមូលផ្តុំជាសាធារណៈរយៈពេលខ្លីក្នុងរដ្ឋធានី Ouagadougou មុនពេលឆ្ពោះទៅកាន់ការចរចាសម្ងាត់ជាមួយពួកមេដឹកនាំយោធារបស់ប្រទេសនេះ។
គណបក្សប្រឆាំងបានចោទប្រកាន់ពួកកងទ័ពពីការប្លន់បដិវត្តន៍របស់ប្រជាជនហើយបានសន្យាតវ៉ាប្រឆាំងកាន់តែច្រើនឡើង។ លោក Jean Hubert Bazie សមាជិកគណបក្សប្រឆាំង បានអានសេចក្តីប្រកាសកាលពីយប់ថ្ងៃអាទិត្យ។
លោកនិយាយថា គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិល បានបញ្ជាក់ថា ជ័យជម្នះដែលបានមកពីការបះបោររបស់ប្រជាជន ជារបស់ប្រជាជន ហេតុដូច្នេះហើយទើបការដឹកនាំក្នុងអំឡុងពេលផ្លាស់ប្តូររបបគ្រប់គ្រងត្រូវធ្វើឡើងដោយប្រជាពលរដ្ឋ។ ពួកយោធាមិនត្រូវដណ្តើមយកទេ ទោះជានៅក្រោមកាលៈទេសៈណាក៏ដោយ។
សេចក្តីថ្លែងការណ៍ បានប្រាប់ឲ្យដឹងថា អន្តរកាលនេះ ត្រូវតែមានលក្ខណៈប្រជាធិបតេយ្យនិងស៊ីវិល។
បន្ទាប់ពីការលាចេញពីតំណែងរបស់លោកCompaore មន្រ្តីយោធា២នាក់ បានធ្វើសេចក្តីថ្លែងការណ៍រៀងៗខ្លួនទាមទារថា ខ្លួនជាអ្នកដឹកនាំប្រទេស។ ពួកកងទ័ពសម្រុះសម្រួលគ្នាកាលពីថ្ងៃសៅរ៍ ដោយបានជ្រើសរើសតែងតាំងមន្រ្តីយោធាម្នាក់ក្នុងចំណោមមន្រ្តីទាំង២នោះ គឺវរសេនីយ៍ទោ Yacouba Zida ជាប្រធានអន្តរកាល។
លោក Zida មានលំដាប់ថ្នាក់លេខ២នៅក្នុងឆ្មាំឆ្នើមការពារប្រធានាធិបតី។ លោកបានសន្យាធ្វើការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន ក៏ប៉ុន្តែមិនបានបញ្ជាក់ថ្ងៃខែជាក់លាក់ទេ។
លោកបានព្យួររដ្ឋធម្មនុញ្ញ ហើយបានប្រកាសបម្រាមគោចរណ៍នៅពេលយប់ហើយបានបិទព្រំដែនទាំងអស់។
អង្គការសហប្រជាជាតិ សហភាពអាហ្វ្រិកនិងសហគមន៍សេដ្ឋកិច្ចរបស់រដ្ឋអាហ្វ្រិកខាងលិច បានបញ្ជូនគណៈប្រតិភូមួយទៅកាន់ប្រទេសបួគីណាហ្វាសូ។
លោក Mohamed Ibn Chambas តំណាងពិសេសរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការសន្ទនាគ្នាហើយ បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា យើងសង្ឃឹមចង់បានអន្តរកាលមួយដែលដឹកនាំដោយជនស៊ីវិលម្នាក់និងស្របទៅតាមរដ្ឋធម្មនុញ្ញ។ លោកនិយាយទៀតថា ប្រសិនបើ គេមិនធ្វើតាមទេ ផលវិបាកនឹងមានយ៉ាងច្បាស់ក្រឡែត។ លោកនិយាយទៀតថា អង្គការ ECOWAS និងសហភាពអាហ្វ្រិក មានច្បាប់ស្រាប់។ លោកនិយាយទៀតថា ពួកគេត្រូវតែ ធ្វើអ្វីៗទាំងអស់ដែលពួកគេអាចដើម្បីបញ្ចៀសការគាំងដំណើររបស់បួគីណាហ្វាសូ ហើយនឹងការបញ្ជាឲ្យដាក់ទណ្ឌកម្ម»។
រដ្ឋធម្មនុញ្ញចែងថា ប្រធានរដ្ឋសភា កាន់ដំណែងជាប្រមុខរដ្ឋនៅពេលអវត្តមានរបស់ប្រធានាធិបតី។
ទោះជាយ៉ាងណាក៏ដោយ មានសេចក្តីរាយការណ៍ថា លោកប្រធានាធិបតី បានរត់គេចចេញពីប្រទេសហើយកងទ័ពបានរំលាយសភា។ នៅក្នុងករណីបែបនេះ តុលាការធម្មនុញ្ញ អាចតែងតាំងមេដឹកនាំថ្មី។
គណៈប្រតិភូ និយាយថា ការរាលដាលជំងឺអ៊ីបូឡាបានធ្វើឲ្យមេដឹកនាំអន្តរកាលមានសារៈសំខាន់បំផុតដើម្បីធ្វើឲ្យមានរដ្ឋាភិបាលនិងសេវាកម្មសាធារណៈឡើងវិញឲ្យបានឆាប់រហ័សតាមលទ្ធភាពដែលអាចធ្វើបាន។ ប្រទេស Burkina Faso មិនមានករណីនៃជំងឺអ៊ីបូឡាទេ។ ប្រទេសម៉ាលីដែលជាប្រទេសជិតខាង បានប្រកាសករណីមុនដំបូងនៃជំងឺអ៊ីបូឡានៅក្នុងខែតុលា៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន