លោក ទន់ សុវណ្ណ មានទឹកមុខរីករាយ ពោរពេញដោយស្នាមញញឹម នៅពេលដែលមិត្តភក្តិរបស់លោក ព្រមទាំងពុទ្ធបរិស័ទ និងព្រះសង្ឃជាង៤០អង្គមកពីរដ្ឋនានាជុំវិញសហរដ្ឋអាមេរិក បានចំណាយពេលវេលាមកជួបលោក ក្នុងពិធីរំឭកគុណ កត្តិញ្ញូធម៌ និងតែងតាំងលោកជាប្រធានកិត្តិយសនៃពុទ្ធិកសមាគមខ្មែរប្រចាំវត្តពុទ្ធិការាម នៅរដ្ឋម៉ារីឡែន កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ក្នុងវ័យ៧៨ឆ្នាំ លោក សុវណ្ណ ត្រូវបានព្រះសង្ឃ និងពុទ្ធសាសនិក ចាត់ទុកជា «ព្រឹទ្ធបណ្ឌិត» និង «អ្នកមានគុណ» ដោយសារលោកបានចូលរួមយ៉ាងសកម្មបំផុត ក្នុងការកសាងវត្ត លើកកម្ពស់ព្រះពុទ្ធសាសនា និងដឹកនាំសហគមន៍ខ្មែរ នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន ឲ្យពលរដ្ឋអាមេរិកាំង និងសហគមន៍នៃជាតិសាសន៍ដទៃទៀតបានស្គាល់ពីវប្បធម៌ ប្រពៃណី និងជាតិសាសន៍ខ្មែរ។ ក្រៅពីបំពេញការងារឲ្យស្ថាប័នរដ្ឋាភិបាលអាមេរិក លោកបានចំណាយពេលវេលាជិត៣៨ឆ្នាំ បម្រើការងារផ្សេងៗជាប្រធានពុទ្ធិកសមាគមខ្មែរនៃវត្តពុទ្ធិការាម តាំងពីវត្តនេះបានចាប់កំណើតឡើងនៅដើមឆ្នាំ១៩៨១។
ថ្លែងនៅក្នុងពិធីរំឭកគុណនេះ ព្រះចៅអធិការវត្ត អ៊ុក ចាន់ហន បានឲ្យដឹងថា វត្ត ទទួលបានការរីកចំរើន និងការអភិវឌ្ឍជាច្រើន ក្រោមការដឹកនាំរបស់លោក ទន់ សុវណ្ណ ដែលព្យាយាមជំនៈគ្រប់ឧបសគ្គដើម្បីដោះស្រាយបញ្ហានានា ដែលវត្តជួបប្រទះ និងស្វែងរកការឧបម្ភត្ថពីគ្រប់មជ្ឈដ្ឋានក្នុងការសម្រេចការងារចាំបាច់របស់វត្ត និងតម្រូវការពុទ្ធសាសនា។
ព្រះអង្គមានសង្ឃដីកាថា៖ «លោកបានយកចំណេះដឹងទាំងនេះមកប្រើប្រាស់ក្នុងកិច្ចការបម្រើឲ្យមនុស្សធម៌ សង្គមជាតិ បម្រើឲ្យព្រះពុទ្ធសាសនា ក្នុងបុព្វេហតុជាតិ។ គាត់បានធ្វើយ៉ាងច្រើន ហើយធ្វើដោយចិត្តជ្រះថ្លា។ ព្រះអង្គដែលធ្វើការកាន់បច្ច័យជាមួយលោកដឹងហើយពីភាពស្មោះត្រង់នឹងសាសនារបស់លោក»។
នេះគឺជាលើកទី១ហើយ ដែលព្រះសង្ឃ ក្រុមអភិបាលវត្តពុទ្ធិការាម និងពុទ្ធសាសនិកទាំងអស់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន បានរៀបចំពិធីរំឭកគុណដល់មេដឹកនាំសហគមន៍របស់ពួកគេ។
តាំងពីឆ្នាំ១៩៨១មក សមិទ្ធផលរបស់លោកមួយចំនួន រួមមាន ការសាងសង់របងវត្តដ៏ធំ ការសាងសង់ក្បាច់បុរាណចេតិយ ការសន្សំនិងបង្កើនថវិកាវត្តពី៥ម៉ឺនដុល្លារដល់ជិត១លានដុល្លារ និងការជួយឧបត្ថម្ភគាំទ្រដល់ព្រះសង្ឃចំនួន២២អង្គ ឲ្យបានទទួលឱកាសមកគង់សិក្សារៀនសូត្រនៅសហរដ្ឋអាមេរិកជាដើម។
លោក សែ គឹមតាន់ សមាជិកម្នាក់នៃក្រុមប្រឹក្សាគណៈកម្មការវត្ត បានថ្លែងប្រាប់ព្រះសង្ឃ និងអ្នកចូលរួមប្រមាណជាង១០០នាក់ អំពីគុណសម្បត្តិរបស់លោក ទន់ សុវណ្ណ ថា៖
«បើសិនជាគ្មានការដឹកនាំរបស់លោកពូទេ ខ្ញុំមិនដែលគិតថា ចេតិយត្រូវបានសាងសង់នៅវត្តនេះទេ។ ខ្ញុំសូមអរគុណយ៉ាងអនេកដល់ការលះបង់របស់លោកពូនៅវត្តយើងនេះ ហើយជាពិសេសគឺការខិតខំប្រឹងប្រែងរបស់លោកពូ។ លោកពូគឺជាមនុស្សដ៏ល្អបំផុត ដែលខ្ញុំមានឱកាសបានធ្វើការជាមួយ។ លោកពូជាមនុស្សឆ្លាតវៃ និងចិត្តល្អ។ ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានធ្វើការជាមួយលោកពូ»។
មានស្រុកកំណើតនៅស្រុកសង្កែ ខេត្តបាត់ដំបង លោក ទន់ សុវណ្ណ បានតស៊ូរៀនសូត្រដោយបញ្ចប់ថ្នាក់បាក់ដុប ហើយបានទទួលឱកាសបន្តការសិក្សានៅសហរដ្ឋអាមេរិកនៅឆ្នាំ១៩៦២។ ក្រោយមក លោកក៏បានចូលរួមបម្រើជាគ្រូបង្រៀននៅតាមស្ថាប័នរដ្ឋ និងមហាវិទ្យាល័យរដ្ឋនានា ចាប់ពីឆ្នាំ១៩៦៦ ក្រោមរដ្ឋាភិបាលលន់ នល់ រហូតដល់ខ្មែរក្រហមបានឡើងកាន់កាប់ប្រទេស ដែលពេលនោះលោកនិងក្រុមគ្រួសារបានភៀសខ្លួនមកសហរដ្ឋអាមេរិក។
ពុទ្ធបរិស័ទជាច្រើននាក់ដែលគោរពប្រតិបត្តិសាសនានៅវត្តនេះ បានស្គាល់លោក ទន់ សុវណ្ណ តាមរយៈកម្មវិធីបុណ្យព្រះពុទ្ធសាសនានានានៅវត្ត ដែលជារឿយៗ ពួកគេតែងតែងឃើញរូបលោកស្វាគមន៍ពុទ្ធបរិស័ទគ្រប់រូបដោយទឹកមុខរីករាយ។
លោកស្រី ប្រាក់ សាមឿន អាយុ៧២ ដែលបានមកប្រតិបត្តិព្រះពុទ្ធសាសនាម្នាក់នៅវត្តពុទ្ធិការាមតាំងពីដើមទសវត្សរ៍១៩៨០មក បានប្រាប់ VOA ថា៖ «គាត់ហ្នឹងក៏ចាស់ទុំហើយ គាត់ធ្វើការនៅវត្តនេះយូរហើយ គាត់បម្រើហ្នឹងណា។ គាត់ក៏ល្អ តាមអ៊ំស្គាល់ អ៊ំដឹង»។
លោកស្រី Khin Swe Myint ត្រូវជាមិត្តភក្តិរបស់លោក ទន់ សុវណ្ណ ដែលអ្នកទាំងពីរបានធ្វើការជាមួយគ្នា ដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនានៅក្នុងសមាគម International Buddhist Association of America (IBAA)។ ក្នុងរយៈពេលជាង១២ឆ្នាំ ធ្វើការនិងប្រាស្រ័យទាក់ទងគ្នាជាមួយលោក ទន់ សុវណ្ណ លោកស្រី Myint បានរៀបរាប់ពីគុណសម្បតិ្តរបស់លោក សុវណ្ណ ថា៖
«លោកបានធ្វើកិច្ចការជាច្រើនដល់សហគមន៍ព្រះពុទ្ធសាសនា ហើយលោកក៏បានជួយដល់ព្រះសង្ឃខ្មែរជាច្រើនអង្គដែរ ហើយជាពិសេសដល់ពុទ្ធបរិស័ទទូទៅ។ ខ្ញុំពិតជាមានមោទនភាពខ្លាំងលើរូបលោក។ ហើយថ្ងៃនេះ ទោះអាកាសធាតុមិនល្អក្តី ក៏ខ្ញុំខំបើកឡានពីក្រុង Arlington មកទីនេះដើម្បីចូលរួម»។
ទោះបីលោកបានចូលនិវត្តន៍ពីតួនាទីជាប្រធានពុទ្ធិកសមាគមខ្មែរក្តី ក៏លោក ទន់ សុវណ្ណ នៅតែប្តេជ្ញាចូលរួមប្រឹក្សាយោបល់ដល់សហគមន៍ខ្មែរបន្តទៀត។ លោក ទន់ សុវណ្ណ និងភរិយា មានចៅបួននាក់ ហើយលោកតែងតែអប់រំពីវប្បធម៌ និងប្រពៃណីខ្មែរដល់ចៅៗរបស់លោក តាំងពីពួកគេនៅក្មេង។ នេះបើតាមលោក James Taggart ដែលជាកូនប្រសាររបស់លោក ទន់ សុវណ្ណ។
លោក Taggart យល់ថា ការចូលនិវត្តន៍របស់លោក ទន់ សុវណ្ណ មានន័យថា លោកនឹងមានពេលវេលាបន្ថែមទៀត ជួបជុំក្រុមគ្រួសារ និងសម្រាកពីការងារបម្រើសហគមន៍របស់លោកដែលមានរយៈពេលជិត៤ទសវត្សរ៍។
«ខ្ញុំគិតថា វាជាការល្អដែលលោកបានចូលនិវត្តន៍។ យើងជាក្រុមគ្រួសារសង្ឃឹមថា នឹងបានចំណាយពេលជាមួយគាត់ ពីព្រោះថា គាត់ជាមនុស្សមានថាមពល ហើយធ្វើការងារមិនចង់ឈប់ ហើយតែងតែមកជួយធ្វើការងារនេះការងារនោះនៅវត្តជានិច្ច។ ដូច្នេះវាជាការល្អ ដែលលោកអាចមានពេលនៅជាមួយគ្រួសារខ្លះ។ តែខ្ញុំគិតថា លោកនៅតែបន្តចូលរួមកិច្ចការសហគមន៍ និងផ្តល់ប្រឹក្សាផ្សេងៗ ហើយវាក៏ជារឿងល្អដល់សហគមន៍ ដែលមានអ្នកដឹកនាំថ្មី ហើយធ្វើការនាំមកនូវការផ្លាស់ប្តូរនានា»។
មុនពិធីរំឭកគុណ និងកត្តិញ្ញូធម៌ដល់រូបលោកបានចាប់ផ្តើម លោក ទន់ សុវណ្ណ បានប្រាប់ VOA ថា លោកមានចិត្តសោមន្សរីករាយ ដែលបានឃើញព្រះសង្ឃ ពុទ្ធបរិស័ទ និងមិត្តភក្តិរបស់លោកចូលរួមក្នុងពិធីនេះ។
«ខ្ញុំមានចិត្តរំភើបពន់ពេកណាស់ ដែលព្រះអង្គដែលនិមន្តមកហ្នឹង បានធ្វើសេចក្តីថ្លែងការពីថាម៉េចគេហៅថា កត្តិញ្ញូធម៌ យល់អំពីរឿងបុគ្គលដែលយើងគួរគោរពបុគ្គលដែលយើងគួរតបស្នងសងគុណហ្នឹងណា។ វាធ្វើឲ្យខ្ញុំមានចិត្តរំភើប។ ខ្ញុំឃើញព្រះសង្ឃក្រាស់ក្រែល ហើយនិងពុទ្ធបរិស័ទដ៏ច្រើន ដែលបានមកជួយគាំទ្រខ្ញុំយ៉ាងនេះ គឺថា ធ្វើឲ្យចិត្តខ្ញុំកាន់តែ មានការគិតរឿងបូជាដល់ពុទ្ធសាសនាតទៅទៀត។ ឃើញទេ បរទេសក៏គេមកច្រើន ដើម្បីគាំទ្រខ្ញុំ ព្រោះខ្ញុំធ្វើការជាមួយគេ គេដឹងថា ខ្ញុំជឿជាក់ស្ម័គ្រក្នុងផ្លូវព្រះពុទ្ធសាសនា។ គេមកគាំទ្រ»។
លោក ទន់ សុវណ្ណ ក៏បានសម្តែងការជឿទុកចិត្តរបស់លោកលើប្រធានពុទ្ធិកសមាគមខ្មែរថ្មី គឺលោក ងូវ សុភក្តិ ដែលលោកក៏ធ្លាប់បានបួសជាព្រះសង្ឃនៅវត្តនេះដែរ។
«តាមមើលទៅ តាមខ្មែរយើងទាំងអស់ នៅក្នុងវត្តនេះ គឺមានតែលោក ងូវ សុភក្តិ ទេ ដែលអាចស្នងធ្វើការជំនួសខ្ញុំបាន ពីព្រោះគាត់ធ្លាប់បួស និងធ្វើការនៅនេះ ហើយធ្វើការទាំងប៉ុន្មាន គឺថា គាត់អាចធ្វើជំនួសខ្ញុំបាន។ ទាស់ត្រង់ថា គាត់មិនសូវ មានពេល និងមិនសូវស្គាល់គេ។ ដូច្នេះ គាត់ពឹងឲ្យខ្ញុំជួយទាក់ទងគេ ហើយខ្ញុំមិនចោលគាត់ទេ ដើម្បីធ្វើការងារជួយឲ្យមានការរីកចំរើនទាំងអស់គ្នា។ គាត់ជាបុគ្គលមួយដែលយើងគួរគោរព ដែលយើងគួរគាំទ្រ និងជួយគាត់»។
លោក ងូវ សុភក្តិ មានស្រុកកំណើតនៅខេត្តកំពត ហើយបានបួសជាសង្ឃនៅវត្តលង្ការ រាជធានីភ្នំពេញ។ នៅឆ្នាំ២០០៧ លោកត្រូវបានចៅអធិការវត្តពុទ្ធិការាម និងលោក ទន់ សុវណ្ណ ធានាឲ្យមកគង់សិក្សារៀនសូត្រធម៌ព្រះពុទ្ធនៅសហរដ្ឋអាមេរិក។
មុននឹងលោក ងូវ សុភក្តិ ទទួលតំណែងជាប្រធានពុទ្ធិកសមាគមខ្មែរប្រចាំវត្ត លោកបានប្រាប់ VOA ពីគុណសម្បត្តិរបស់លោក ទន់ សុវណ្ណ ថា៖ «គាត់ជាមនុស្សល្អ ធ្វើការម៉ត់ចត់ ជួនកាលម៉ោង១១ ម៉ោង១២ ក៏គាត់មកវត្តដែរ ដើម្បីធ្វើការបម្រើឲ្យវត្ត បម្រើព្រះពុទ្ធសាសនា។ គាត់ចំណាយពេលវេលាច្រើន គាត់ជាមនុស្សល្អមែនទែន»។
ក្នុងតួនាទីជាអ្នកដឹកនាំគណៈកម្មការវត្ត លោក ងូវ សុភក្តិ ត្រូវបានព្រះសង្ឃ និងក្រុម ក្រុងអភិបាលវត្ត ជឿទុកចិត្ត និងគោរពលើសមត្ថភាពរបស់លោកក្នុងការដឹកនាំវត្តឲ្យទទួលបានការរីកចម្រើន។ លោកសង្ឃឹមថានឹងធ្វើការងារយ៉ាងសកម្មដើម្បីអភិវឌ្ឍវត្ត និងប្រមូលផ្តុំសហគមន៍ខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោននេះបន្ថែមទៀត លើសមិទ្ធិផលមុនៗដែលលោក ទន់ សុវណ្ណ សម្រេចបាន៕