មាន​ការផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​និង​ស្ថានីយ៍​រថភ្លើង​ក្នុង​រដ្ឋធានី​ព្រុចសែល

ជន​រង​គ្រោះ​ទទួល​ការ​សង្គ្រោះ​បឋម​ពី​ក្រុម​អ្នក​ជួយ​សង្គ្រោះ កាល​ពី​ថ្ងៃទី​២២ ខែ​មីនា​នេះ នៅ​ជិត​ស្ថានីយ៍​រថ​ភ្លើង Maalbeek ក្នុង​ទីក្រុង​ព្រុចសែល បន្ទាប់​ពី​មាន​ការ​ផ្ទុះ​នៅ​ស្ថានីយ៍​នេះ​នៅ​ជិត​ស្ថាប័ន​សហភាពអឺរ៉ុប។

មាន​ការផ្ទុះ​គ្រាប់​បែក​យ៉ាង​ហោច​ណាស់​ចំនួន​៣​គ្រាប់​កាល​ពី​ព្រឹកថ្ងៃ​អង្គារ​នេះ ​នៅ​ក្នុង​រដ្ឋធានី​ព្រុចសែល ​ដោយ​២​គ្រាប់​បាន​ផ្ទុះ​នៅ​អាកាស​យានដ្ឋាន​ និង​១​គ្រាប់​ទៀត​ផ្ទុះនៅ​ស្ថានីយ៍​រថភ្លើង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ចេញ​ផ្សាយ​ថា មាន​មនុស្ស​ជាង​២០​នាក់​បាន​ស្លាប់​ ហើយ​មាន​មនុស្ស​ជា​ច្រើន​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ការផ្ទុះ​គ្រាប់​បែក​នៅ​អាកាសយានដ្ឋាន។ ​

វីដេអូមួយ​បង្ហាញ​ថា មនុស្ស​ម្នា​បានព្យាយាម​ចាក​ចេញ​ពី​អាកាស​យានដ្ឋាន Zaventem ​ខណៈ​ដែល​មាន​ការផ្ទុះ​គ្រាប់​បែក​ចំនួន​២​ដង​នៅ​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក​ម៉ោង​ក្នុង​ស្រុក ដែល​បាន​បណ្តាល​ឲ្យ​បែក​កញ្ចក់​បង្អួច​ធំ ហើយ​បាចសាចអំបែង​កញ្ចក់​និង​ក្បឿង​នៅ​ទី​នោះ ហើយ​ផ្សែង​បាន​បក់​ឡើង​ទៅលើ​អាកាស។ សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​ថា​ ក៏​មាន​ការផ្ទុះ​គ្រាប់​បែក​ទី​៣ផង​ដែរ។

ព្រះរាជអាជ្ញា​ប៊ែលហ្ស៊ិក​ម្នាក់​បាន​បញ្ជាក់​ថា មាន​ការបោក​គ្រាប់​បែក​អត្តឃាត​យ៉ាង​ហោច​ណាស់​ចំនួន​មួយ​នៅ​អាកាស​យានដ្ឋានក្នុង​រដ្ឋធានី​ព្រុចសែល។ សារព័ត៌មាន​ក្នុង​ស្រុក​ក៏​បាន​រាយការណ៍​ថា មាន​លឺ​សម្លេង​ស្រែក​ជា​ភាសា​អារ៉ាប់​នៅ​អាកាស​យានដ្ឋាន​នោះ​ មុន​ពេល​ដែល​គ្រាប់​បែក​ផ្ទុះ​ឡើង។ ​

មាន​ការផ្ទុះ​គ្រាប់​បែក​យ៉ាង​ហោច​ណាស់​ចំនួន​១​គ្រាប់​ទៀត​នៅ​ស្ថានីយ៍​រថភ្លើង Maalbeek នៅក្នុង​ទីប្រជុំជន​ក្នុង​រដ្ឋធានី​ព្រុចសែល ដែល​មាន​ស្ថាប័ន​សហភាព​អឺរ៉ុប​ជាច្រើន​នៅ​ជុំវិញ​នោះ នៅ​វេលាម៉ោង​ប្រហែល​៩​ព្រឹក​ម៉ោង​ក្នុង​ស្រុក ដែល​មាន​មនុស្ស​ម្នា​ច្រើន​កុះករ។​

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ពិពណ៌នា​មនុស្ស​ម្នា​ដែល​ចាក​ចេញ​ពី​ស្ថានីយ៍​រថភ្លើង​ ដែល​មាន​ភ្លើង​ឆេះ​ របួស​ និង​មាន​ការភ័យ​ខ្លាច​។

ក្រុមអាជ្ញាធរ​ប៊ែលហ្ស៊ិក​បាន​ប្រកាស​ថា ប្រទេស​របស់​ខ្លួន​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​កម្រិត​ទី​៤​ដែល​ជា​កម្រិត​ខ្ពស់​បំផុត៕