ទីភ្នាក់ងារ Copernicus ដែលជាទីភ្នាក់ងារអាកាសធាតុសហភាពអឺរ៉ុបបានថ្លែងថា ក្នុងរយៈពេល ១០ ខែជាប់ៗគ្នានេះ នៅក្នុងខែមីនា កម្តៅក្នុងពិភពលោកបានឡើងដល់កំណត់ត្រាប្រចាំខែថ្មីមួយ ដោយទាំងសីតុណ្ហភាពខ្យល់ និងមហាសមុទ្រក្នុងពិភពលោកឡើងខ្ពស់ជាងពេលណាៗទាំងអស់សម្រាប់ខែមីនា។
ខែមីនា ឆ្នាំ២០២៤ ជាមធ្យមមានសីតុណ្ហភាព ១៤,១៤ អង្សាសេ ដែលនេះលើសពីកំណត់ត្រាមុនៗចាប់ពីឆ្នាំ២០១៦ ប្រមាណ ០,១អង្សា នេះបើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារ Copernicus។ សីតុណ្ហភាពនេះក្តៅជាងកាលពីចុងសវត្សរ៍ឆ្នាំ១៨០០ រហូត១,៦៨អង្សាសេ ដែលជាសីតុណ្ហភាពមូលដ្ឋានមុនពេលមានការដុតឥន្ធនៈហ្វូស៊ីលចាប់ផ្តើមកើនឡើងយ៉ាងលឿន។
ចាប់តាំងពីខែមិថុនាឆ្នាំមុនមក ពិភពលោកបានបំបែកកំណត់ត្រាកម្តៅជារៀងរាល់ខែ ដោយរលកកម្តៅសមុទ្រនៃមហាសមុទ្រធំៗក្នុងពិភពលោកក៏រួមចំណែកផងដែរ។
អ្នកវិទ្យាសាស្ត្រថ្លែងថា កម្តៅកំណត់ត្រាថ្មីក្នុងអំឡុងពេលនេះមិនគួរឱ្យភ្ញាក់ផ្អើលទាំងស្រុងនោះទេ ដោយសារតែមានបាតុភូត El Nino ។ បាតុភូតនេះជាលក្ខខណ្ឌអាកាសធាតុដែលធ្វើឱ្យក្តៅនៅតំបន់ប៉ាស៊ីហ្វិកកណ្តាល និងផ្លាស់ប្តូរគំរូអាកាសធាតុសាកល។
អ្នកស្រី Jennifer Francis អ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលស្រាវជ្រាវអាកាសធាតុ Woodwell បានថ្លែងថា៖ «ប៉ុន្តែការរួមបញ្ចូលគ្នារបស់វាជាមួយនឹងរលកកម្តៅសមុទ្រដែលមិនមែនធម្មជាតិបានធ្វើឱ្យកំណត់ត្រាទាំងនេះគួរឱ្យភ្ញាក់ផ្អើល»។
អ្នកស្រី Francis បានថ្លែងថា ជាមួយនឹងការធ្លាក់ចុះនៃបាតុភូត El Nino កម្រិតសីតុណ្ហភាពជាមធ្យមក្នុងសាកលលោកជារៀងរាល់ខែគួរតែធ្លាក់ចុះ។
អ្នកវិទ្យាសាស្ត្រអាកាសធាតុថា កម្តៅដែលមានកំណត់ត្រាថ្មីនេះភាគច្រើនគឺដោយសារការប្រែប្រួលអាកាសធាតុដោយសារមនុស្សគឺពីការបំភាយកាបូនឌីអុកស៊ីត និងមេតានចេញពីការដុតធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិ។
អ្នកស្រី Francis បានថ្លែងថា៖ «បញ្ហានេះនឹងមិនផ្លាស់ប្តូរទេ រហូតទាល់តែកំហាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសឈប់កើនឡើង ដែលមានន័យថា យើងត្រូវតែបញ្ឈប់ការដុតឥន្ធនៈហ្វូស៊ីល បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងដាំដុះចំណីអាហាររបស់យើងឱ្យមានចិរភាពជាងមុនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
អ្នកស្រីបានថ្លែងថា រហូតមកដល់ពេលនោះ យើងគួររំពឹងថា នឹងមានកំណត់ត្រាថ្មីៗបន្ថែមទៀត។
នៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ ពិភពលោកបានកំណត់គោលដៅរក្សាកម្តៅត្រឹម ឬក្រោម ១,៥ អង្សាសេ ធៀបនឹងកម្រិតចាប់តាំងពីសម័យមុនឧស្សាហកម្ម។ ទិន្នន័យសីតុណ្ហភាពរបស់ទីភ្នាក់ងារ Copernicus ធ្វើឡើងប្រចាំខែ និងប្រើប្រព័ន្ធវាស់ស្ទង់ខុសគ្នាតិចតួចជាងកម្រិតនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលធ្វើការវាស់ស្ទង់ជាមធ្យមដោយយករយៈពេលលើសពី ២ ឬ ៣ ទសវត្សរ៍។
អ្នកស្រី Samantha Burgess នាយករងនៃទីភ្នាក់ងារ Copernicus បានថ្លែងថា សីតុណ្ហភាពបំបែកកំណត់ត្រាក្នុងខែមីនា មិនខុសពីខែផ្សេងទៀតក្នុងឆ្នាំមុន ដែលបំបែកកំណត់ត្រាដោយភាគរយធំជាងមុននោះទេ។
ដោយសំដៅដល់ខែកុម្ភៈ ឆ្នាំ២០២៤ និងខែកញ្ញា ឆ្នាំ២០២៣ អ្នកស្រី Burgess បានថ្លែងថា «យើងមានខែជាច្រើនដែលមានកំណត់ត្រាមិនធម្មតាជាងនេះទៅទៀត»។ អ្នកស្រីបានបន្ថែមថា ប៉ុន្តែ «រឿងនេះមិនស្ថិតនៅក្នុងទិសដៅត្រឹមត្រូវនោះទេ»។
ឥឡូវនេះ ពិភពលោកប្រឈមនឹងរយៈពេល ១២ ខែដែលមានសីតុណ្ហភាពប្រចាំខែជាមធ្យម ១,៥៨ អង្សាសេលើសពីកម្រិតកំណត់ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នេះបើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារ Copernicus។
នៅក្នុងខែមីនា សីតុណ្ហភាពលើផ្ទៃសមុទ្រក្នុងពិភពលោកជាមធ្យមមានកម្រិត ២១,០៧ អង្សាសេដែលនេះជាតួលេខប្រចាំខែខ្ពស់បំផុតក្នុងកំណត់ត្រា និងខ្ពស់ជាងកំណត់ត្រាក្នុងខែកុម្ភៈបន្តិច។
អ្នកស្រី Burgess បានថ្លែងថា៖ «យើងត្រូវការសកម្មភាពជាសាកលដែលមានមហិច្ឆតាជាងនេះបន្ថែមទៀតដើម្បីធានាថា យើងអាចឈានដល់តុល្យភាពឧស្ម័នស្រូបកម្តៅក្នុងបរិយាកាស (net zero) លឿនតាមដែលអាចធ្វើទៅបាន»៕