នាយករដ្ឋមន្រ្តី​អង់គ្លេស​លាលែង​ចេញ​ពី​តំណែង​ដោយសារ​បរាជ័យ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ Brexit

នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​លោក​ស្រី Theresa May ​ថ្លែង​សារ​​នៅ​លើ​ដង​ផ្លូវ​នៅ​ខាង​ក្រៅ​ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​ ក្នុង​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា ២០១៩។

នាយករដ្ឋមន្រ្តី​ចក្រភព​អង់គ្លេស​លោកស្រី ​Theresa May​ បាន​ថ្លែង​ថា​ លោក​ស្រី​នឹង​ចុះ​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្រ្តី​របស់​ប្រទេស​នេះ​ បន្ទាប់​ពី​លោក​ស្រី​បាន​ទទួល​បរាជ័យ​ដល់​ទៅ​បី​ដង​ ដើម្បី​បញ្ជុះ​បញ្ជូល​ឲ្យ​ពួក​សមាជិក​សភា​គាំទ្រ​កិច្ច​ព្រម​ព្រៀង​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​លោក​ស្រី​ឬ​ហៅ​កាត់​ថា ​Brexit។

លោកស្រី ​May​ បាន​និយាយ​ទាំង​អួល​ដើមក​ថា៖ «ឥឡូវ​នេះ​វា​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា​ អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ប្រទេស​គឺ​គួរ​តែ​មាន​នាយក​រដ្ឋមន្រ្តី​ថ្មី​មក​ដឹកនាំ​កិច្ច​ប្រឹងប្រែង​នេះ។ ដូច្នេះ​នៅថ្ងៃ​នេះ​ខ្ញុំ​សូម​ប្រកាស​ថា​ ខ្ញុំ​នឹង​ចុះ​ចេញ​ពី​តំណែង​ជា​មេដឹក​នាំ​គណបក្ស​នៅ​ត្រឹម​ថ្ងៃ​សុក្រ​ទី៧​ខែ​មិថុនា​ខាង​មុខ»។

គណបក្ស​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ជ្រើស​រើស​មេដឹកនាំ​ថ្មី​ ហើយ​អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​នឹង​ត្រូវ​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ថ្មី​នៅ​សប្តាហ៍​បន្ទាប់។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី​នៅ​ខាង​ក្រៅ​ការិយាល័យ​នាយករដ្ឋមន្រ្តី ​Downing Street ​លោកស្រី ​May​ បាន​ថ្លែង​ថា​វា​គឺ​ជា​វិប្បដិសារី​ខ្លាំង​បំផុត​សម្រាប់​លោក​ស្រី​ ដោយសារ​តែ​លោក​ស្រី​គ្មាន​លទ្ធភាព​បង្កើត​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ចាក​ចេញ​នេះ​បាន។

ការលា​ចេញ​ពី​តំណែង​របស់​លោកស្រី​ May​ ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​សម្រាប់​តំណែង​នាយក​រដ្ឋមន្រ្តី​ថ្មី​របស់​ប្រទេស​អង់គ្លេស។ លោក​ស្រី​បាន​ថ្លែង​ថា​ លោក​ស្រី​សូម​ជូនពរ​ឲ្យ​នាយក​រដ្ឋ​មន្រ្តី​ថ្មី​ជោគ​ជ័យ​នៅ​ក្នុង​ការងារ​ដែល​លោក​ស្រី​បាន​បរាជ័យ៕