ប៉ូលិស​អង់គ្លេស​បន្ត​ស្វែងរក​ព័ត៌មាន​បន្ថែម​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ Manchester

សារ​មួយ​ត្រូវ​បាន​សរសេរ​នៅ​លើ​ផ្លូវ​ដើរ​នៅ​ក្នុង​ក្រុង Manchester ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់​ពី​ការ​វាយប្រហារ​អត្តឃាត​គ្រាប់​បែក​នៅ​ក្នុង​ការ​ប្រគុំ​តន្ត្រី​ Ariana Grande។

ប៉ូលិស​អង់គ្លេស​កំពុង​តែ​ព្យាយាម​កំណត់​ភ្លាមៗ​អំពី​អត្តសញ្ញាណ​របស់​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​ប្រគុំ​តន្ត្រី​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ នៅ​ក្នុង​ទីក្រុង Manchester ថា​តើ​ជនសង្ស័យ​ប្រព្រឹត្ត​ឡើង​ដោយ​ម្នាក់​ឯង​ ឬ​ជា​ផ្នែក​មួយ​នៃ​បណ្តាញ​ភេរវកម្ម​ដែល​ធំ​ជាង​នេះ។ ​

បុរស​ដែល​បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្រោយ​ពី​ការ​ប្រគុំ​តន្ត្រី​របស់​នាង Ariana Grande នៅ​កន្លែង​ប្រគុំ​តន្ត្រី Manchester ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ឈ្មោះ Salman Abedi។ នេះ​បើ​យោង​តាម​សម្តី​របស់​ប៉ូលិស។ ​

លោក​ស្នងការ​ប៉ូលិស Ian Hopkins បាន​កំណត់​អត្តសញ្ញាណ​ជន​ឈ្មោះ Abedi អាយុ​២២​ឆ្នាំ ថា​ជា​អ្នក​វាយប្រហារ​ ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អ្វី​ផ្សេង​ទៀត​នោះ​ទេ។

ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម​បាន​អះអាង​ទទួល​ខុសត្រូវ​ថា​ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​កាល​ពី​ថ្ងៃ​ច័ន្ទ ដែល​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​ចំនួន​២២​នាក់ និង​បាន​ធ្វើ​ឲ្យ​របួស​៥៩​នាក់​ផ្សេង​ទៀត ហើយ​ភាគច្រើន​គឺ​ជា​ក្មេង​ស្រីៗ។

ក្រុម​រដ្ឋឥស្លាម​អះអាង​ថា ទាហាន​របស់ caliphate គឺ​ជា​អ្នក​ធ្វើ​ការវាយប្រហារ​នេះ ដែល​ពួកគេ​ពណ៌នា ជនរងគ្រោះ ថា​ជា​អ្នក​ធ្វើ​សង្គ្រាម​សាសនា៕