នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្ស Conservative ដែលដឹកនាំប្រទេស នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែនឹងនៅបន្តតំណែងជានាយករដ្ឋមន្ត្រី រហូតដល់ពេលប្រធានគណបក្សថ្មីត្រូវបានបោះឆ្នោតជ្រើសតាំង។
លោក Johnson បានថ្លែងថា វាជា«ឆន្ទៈដ៏ច្បាស់»របស់គណបក្សបក្ស Conservative ដែលត្រូវតែមានមេដឹកនាំថ្មី។ លោកក៏បានថ្លែងដែរថា ក្នុងអំឡុងពេលនេះ លោកនឹងនៅបន្តតំណែងជាមេដឹកនាំប្រទេស បើទោះបីជាក្រុមអ្នករិះគន់បាននិយាយថា លោកគួរតែត្រូវចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីឲ្យឆាប់តាមតែអាចធ្វើបាន។
ការលាលែងនេះកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីខុទ្ទកាល័យរបស់លោកជាច្រើននាក់ និងរដ្ឋមន្ត្រីថ្នាក់ក្រោម និងជំនួយការក្រសួងជាង ៤០ នាក់ បានលាលែងពីមុខតំណែង ចំពេលមានការអំពាវនាវឱ្យលោក Johnson ចុះចេញពីតំណែង។
លោក Johnson បានបដិសេធរហូតដល់ល្ងាចថ្ងៃពុធ ដោយប្តេជ្ញាបន្តកាន់តំណែងបន្ទាប់ពីរដ្ឋាភិបាលរបស់លោកប្រឈមនឹងរឿងអាស្រូវសីលធម៌ជាច្រើន។
លោក Johnson បានប្រឈមនឹងសំណួរដ៏តឹងតែងពីសមាជិកសភា ដែលខឹងសម្បារ និងសង្ស័យនៅក្នុងអំឡុងពេលសម័យប្រជុំសួរដេញដោលនាយករដ្ឋមន្ត្រីតាមទម្លាប់នៅក្នុងសភា កាលពីថ្ងៃពុធ គឺមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Rishi Sunak និងរដ្ឋមន្ត្រីសុខាភិបាលលោក Sajid Javid បានលាលែងតំណែងបន្តគ្នាតែប៉ុន្មាននាទីប៉ុណ្ណោះ ដោយមិននឹកស្មានដល់។
លោកទាំងពីរបានលាលែងពីតំណែង បន្ទាប់ពីលោក Johnson បានសុំទោសចំពោះការតែងតាំងសមាជិកសភាអភិរក្សនិយមលោក Chris Pincher ឱ្យកាន់តំណែងសំខាន់ក្នុងគណបក្ស បើទោះបីជាមានការចោទប្រកាន់ថា លោកPincher បានលូកស្ទាបបុរសពីរនាក់ នៅឯក្លឹបឯកជនមួយក្នុងទីក្រុងឡុងដ៍ ពេលស្រវឹង។
មន្ត្រីវិមាននាយករដ្ឋមន្ត្រីបាននិយាយពីដំបូងថា លោក Johnson មិនបានដឹងពីការចោទប្រកាន់លោក Pincher នោះទេ ប៉ុន្តែក្រោយមកបានទទួលស្គាល់ថា លោកត្រូវបានគេប្រាប់អំពីការចោទប្រកាន់ពីមុនលើសមាជិកសភានេះក្នុងឆ្នាំ ២០១៩។
នៅក្នុងលិខិតលាលែងពីតំណែង លោក Sunak បានសរសេរថា សាធារណជនអង់គ្លេស «ពិតជារំពឹងថា រដ្ឋាភិបាលនឹងប្រព្រឹត្តត្រឹមត្រូវ មានសមត្ថភាព និងប្រាកដប្រជា។ ខ្ញុំជឿថា ស្តង់ដារនេះមានតម្លៃក្នុងការប្រយុទ្ធការពារហេតុនេះហើយបានជាខ្ញុំលាលែងពីតំណែង»។
ភ្លាមៗនោះ លោក Johnson បានជំនួសលោក Sunak និងលោក Javid ដោយសមាជិកផ្សេងទៀតពីខុទ្ទកាល័យរបស់លោក។ ប៉ុន្តែមន្ត្រីខុទ្ទកាល័យម្នាក់ទៀតគឺលោក Simon Hart រដ្ឋមន្ត្រីទទួលបន្ទុកប្រទេស Wales បានលាលែងពីតំណែងកាលពីល្ងាចថ្ងៃពុធ ដោយនិយាយថា វាហួសចំណុចដែលអាច«បកក្រោយបាន»។
រឿងអាស្រូវចុងក្រោយនេះកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក Johnson បានឆ្លងផុតការបោះឆ្នោតដកសេចក្តីទុកចិត្តនៅក្នុងគណបក្សអភិរក្សរបស់លោក ក្រោយពេលលោកបានទទួលការផាកពិន័យពីប៉ូលិសចំពោះការបំពានច្បាប់បិទសកម្មភាពសង្គម ដើម្បីបង្ការជំងឺកូវីដ១៩ ព្រោះលោកបានរៀបចំពិធីជប់លៀងនៅវិមាននាយករដ្ឋមន្ត្រី៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters)