បន្ទាប់ពីរលកនៃការវាយប្រហារដោយកាំជ្រួចមីស៊ីលដែលរុស្ស៊ីបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ប្រឆាំងនឹងប្រទេសអ៊ុយក្រែនមក ក្រសួងការពារជាតិចក្រភពអង់គ្លេសបានប្រាប់ឱ្យដឹងថ្ងៃសុក្រនេះថា ការវាយប្រហារបែបនេះទំនងនឹងកើនឡើង។
ក្រសួងការពារជាតិចក្រភពអង់គ្លេសបានឱ្យដឹងទៀតថា រុស្ស៊ីត្រូវការពេលវេលា«ដើម្បីស្តុកទុកកាំជ្រួចមីស៊ីលដែលទើបផលិតថ្មីៗមកពីឧស្សាហកម្ម មុនពេលខ្លួនអាចផ្តល់ធនធានធ្វើការវាយប្រហារធំល្មមគ្រប់គ្រាន់ ដើម្បីទប់ទល់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបាន»។
រុស្ស៊ីបានចាប់ផ្តើមវាយប្រហារកាំជ្រួចមីស៊ីលហ្វូងនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៦នាក់ដែរ និងធ្វើឱ្យមនុស្សរាប់សែននាក់ទៀតគ្មានថាមពលកំដៅនិងអគ្គីសនីប្រើប្រាស់។
នេះជាការវាយប្រហារទ្រង់ទ្រាយធំបំផុតមួយទៅលើអ៊ុយក្រែននៅក្នុងពេល៣សប្តាហ៍កន្លងទៅ ខណៈពេលកងទ័ពអ៊ុយក្រែននិយាយថា ពួកគេបានបាញ់ទម្លាក់កាំជ្រួចមីស៊ីល៣៤គ្រាប់ក្នុងចំណោមកាំជ្រួចមីស៊ីលទាំងអស់៨១គ្រាប់ដែលរុស្ស៊ីបានបាញ់ ដែលជាចំនួនតិចជាងកាលពីពេលមុន និងយន្តហោះគ្មានមនុស្សបើកដ្រូនដែលធ្វើនៅប្រទេសអ៊ីរ៉ង់ចំនួន៤គ្រឿង។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodomyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកថា «មិនថាតើសកម្មភាពរបស់រុស្ស៊ីប្រកបដោយគ្រោះថ្នាក់យ៉ាងណានោះទេ រដ្ឋនិងប្រជាពលរដ្ឋរបស់យើងនឹងមិនចុះញ៉ម» នោះឡើយ។
លោកប្រធានាធិបតីក៏មានប្រសាសន៍ដែរថា លោកបានជួបជាមួយសមាជិកគណៈកម្មាធិការវប្បធម៌របស់អ៊ុយក្រែន ដើម្បីពិភាក្សារកមធ្យោបាយដើម្បីពង្រឹងសមត្ថភាពរបស់វប្បធម៌អ៊ុយក្រែនដើម្បីទាក់ទងជាមួយពិភពលោក ដើម្បីឱ្យបានទទួលការគាំទ្រសម្រាប់អ៊ុយក្រែន។
លោកនិយាយទៀតថា «វិស័យការទូត សារព័ត៌មាននិងវប្បធម៌ ជាវិស័យ៣ ដែលត្រូវខិតខំឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យពិភពលោកយល់ពីការតស៊ូរបស់យើងហើយនឹងជួយយើង»។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហារជាការសងសឹកចំពោះការវាយប្រហារកាលពីពេលថ្មីៗនេះទៅលើតំបន់ Bryansk ភាគខាងលិចប្រទេសរុស្ស៊ី ដោយរដ្ឋាភិបាលក្រុងមូស្គូបានចោទប្រកាន់ថា ជាការធ្វើវិទ្ធង្សនារបស់អ៊ុយក្រែន។ អ៊ុយក្រែនបានបដិសេធការអះអាងនេះ ហើយបានព្រមានថា រដ្ឋាភិបាលក្រុងមូស្គូអាចប្រើការចោទប្រកាន់ទាំងនេះដើម្បីធ្វើជាហេតុផលក្នុងការបង្កើនការវាយប្រហាររបស់ខ្លួន៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន The Associated Press ទីភ្នាក់ងារព័ត៌មាន Agence France-Presse និងទីភ្នាក់ងារព័ត៌មាន Reuters។