តំណាង​រាស្រ្ត​អង់គ្លេស​ខឹងសម្បា​ចំពោះ​សារ​លោក​ Trump លើ​ Twitter

ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ចង្អុល​ស្លាក​សញ្ញា «Merry Christmas»​ នៅ​លើ​ឆាក​បន្ទាប់ពី​លោក​បាន​មក​ដល់ St. Louis, Missouri សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​២៩ វិច្ឆិកា ២០១៧។

កាលពី​ថ្ងៃពុធ​ ពួក​សមាជិក​សភា​នៃ​ប្រទេស​អង់គ្លេស​មាន​ប្រតិកម្ម​ខឹង​សម្បា​នឹងប្រធានាធិបតី​ Donald Trump ដែល​បាន​បង្ហោះ​តាម​បណ្តាល​សង្គម​ Twitter ជា​ថ្មី​នូវ​វីដេអូ​ប្រឆាំង​នឹង​ពួក​អ្នក​កាន់​សាសនា​ឥស្លាម ដែល​បាន​ត្រូវ​ផ្សាយ​ដំបូង​ដោយ​មេដឹកនាំ​អង់គ្លេស​និយម​នយោបាយ​ស្តាំ​បំផុត​ម្នាក់​ដែល​បាន​ត្រូវ​កាត់ទោស​ពីការ​ថ្លែង​សុន្ទរកថា​បង្ហាញ​សម្អប់។

ពួក​អ្នកតាក់​តែង​ច្បាប់​អង់គ្លេស​មួយ​ចំនួន​បាន​អំពាវ​នាវ​ដល់​លោក​ស្រី​នាយករដ្ឋមន្ត្រី​ Theresa May ឱ្យ​លុបចោល «ទស្សនកិច្ចធ្វើការងារ» មួយ​ដោយ​ប្រធានាធិបតី​ Trump ដែល​កំណត់​នឹង​ធ្វើនៅ​ឆ្នាំ​ក្រោយ។

លោក David Lammy សមាជិក​សភា​អង់គ្លេសខាង​គណបក្ស​ការងារបានមាន​ប្រសាសន៍​ថា «គាត់​មិនមែន​ជា​សម្ព័ន្ធ​មិត្ត​ឬ​ជា​មិត្តភក្តិ​យើងទេ»​ ដោយ​លោក​បានថ្លែង​បន្ថែម​ថា​ប្រធានាធិបតី​ស.រ.អា.រូប​នេះ​មិន​ត្រូវ​ស្វាគមន៍​ក្នុង​ប្រទេស​អង់គ្លេស​ឡើយ។

លោក Sadiq Khan អភិបាលក្រុង​ឡុងដ៏​ បាន​មានប្រសាសន៍​ថា​មានការ​ច្បាស់លាស់​ខ្លាំងឡើងៗ​ថា​ Trump មិនគួរ​ត្រូវស្វាគមន៍​ទេ​ហើយថា​មនុស្ស​ច្រើន​នាក់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​នឹង​ឃើញ​សកម្មភាព Twitter របស់គាត់​ជា​ការ​ក្បត់​ទំនាក់ទំនង​រវាង​ស.រ.អា.​និង​ប្រទេស​អង់គ្លេស។

លោក​ Khan បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា «នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​យើង​គួរ​ប្រើប្រាស់​ឥទ្ធិពល​ដែល​លោកស្រី​និង​រដ្ឋាភិបាល​លោកស្រី​អះអាង​ថា​មាន​ជាមួយ​ប្រធានាធិបតី​ Trump និង​រដ្ឋបាល​គាត់​ដោយ​សុំឱ្យ​គាត់​លុប​ចោល tweets ទាំង​នេះ​និង​សុំ​អភ័យ​ទោស​ដល់​ប្រជារាស្ត្រ​អង់គ្លេស»៕