រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​​លាលែង​ពី​តំណែង​ចំ​ពេល​មាន​ការខ្វែង​គំនិត​​អំពី​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប

លោក​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស Boris Johnson អញ្ជើញ​ទៅ​ដល់​វិមាន 10 Downing Street ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨។

លោក ​Boris Johnson ​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​ បាន​លាលែង​ពីតំណែង​កាលពី​ថ្ងៃ​ចន្ទចំ​ពេល​មាន​ការ​ខ្វែង​គំនិត​ក្នុង​ខុទ្ទកាល័យ​ស្តី​អំពី​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប។ ​នេះបើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ការិយាល័យ​របស់​នាយក​រដ្ឋ​មន្ត្រី។

នៅក្នុង​លិខិត​លាលែងពី​តំណែង​របស់លោក​ លោក​ Boris Johnson​ បាន​សរសេរថា ​ ផែន​ការ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May ​ដែល​នៅ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សហភាព​អឺរ៉ុប​ប្រៀប​ដូច​ការ​ប្រសូត​ទារក​ពាក់កណ្តាល​ខ្លួន​ ហើយចក្រភព​អង់គ្លេស​កំពុង​ឆ្ពោះ​ទៅ​រក​ការ​នៅ​ក្រោម​ «អាណានិគម»​ សហភាព​អឺរ៉ុប។​ លោក​បាន​សរសេរ​ថា «ក្តីសុបិន​អំពី ​Brexit ​កំពុង​ស្លាប់ដោយ​ការ​សង្ស័យ​ខ្លួន​ឯង​ចំពោះ​រឿង​មិន​ចាំបាច់»។

លោកស្រី ​Theresa May ​នាយក​រដ្ឋមន្ត្រីអង់គ្លេសបាន​ថ្លែងថា៖ ​«យើង​មិន​យល់ស្រប​គ្នា​អំពី​វិធីល្អ​បំផុត​នៃ​ការការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​របស់​យើង​ក្នុងការ​គោរព​លទ្ធផល​នៃ​ការ​ធ្វើ​ប្រជាមតិ»។ លោកស្រី​បាន​ថ្លែង​សំដៅ​ទៅ​ដល់​ការ​ធ្វើ​ប្រជាមតិ​នៅ​ខែ​មិថុនា​ឆ្នាំ ​២០១៦ដែល​ប្រជាពលរដ្ឋ​អង់គ្លេស​បាន​បោះឆ្នោត​ឱ្យ​ចាក​ចេញ​សហភាព​អឺរ៉ុប។​ អ្នកស្រី​បាន​បន្តថា​ ប៉ុន្តែ​លោកស្រី​ចង់​កោត​សរសើរ​លោក​រដ្ឋមន្ត្រី​អំពី​យុទ្ធសាស្ត្រ​ចាកចេញ​ពី​សហភាព​អ៊ឺរ៉ុប ​សម្រាប់​ការងារ​ដែល​លោក​បាន​ធ្វើ​ដើម្បី​បង្កើត​ខុទ្ទកាល័យ​ថ្មី ​ដែលមាន​ច្បាប់អនុម័ត​ដោយ​សភា​ ហើយ​វា​សំខាន់​បំផុត​សម្រាប់​ច្រើន​ជំនាន់​ទៅ​មុខ​ទៀត។ ​

ការ​លាលែង​ពីតំណែង​របស់​លោក​ Johnson ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពីលោក ​David Davis ​រដ្ឋ​មន្ត្រី​ខុទ្ទកាល័យ​ Brexit ​បាន​លាឈប់​ពី​តំណែង។ ​ចាប់តាំងពី​នោះ​មក ​លោកស្រី​ Theresa May ​បាន​តែងតាំង​លោក Dominic Raab ​ជំនួស​លោក Davis ។ ​លោក David Davis ​បាន​និយាយ​ថា ​វិធីសាស្ត្រ​របស់​លោកស្រី ​Theresa May ក្នុងការ​ចាកចេញ​ពី​សហភាព​អឺរ៉ុបគឺ​ជា «យុទ្ធសាស្ត្រ​គ្រោះថ្នាក់»៕​