ប្រេសិត​អង់គ្លេសថា ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប មិន​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា

Lord David Puttnam ប្រេសិតពិសេសរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសផ្នែកពាណិជ្ជកម្មជួបជាមួយលោករដ្ឋមន្រ្តីក្រសួងការបរទេសប្រាក់ សុខុន នៅថ្ងៃអង្គារ ទី០៨ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ប្រេសិត​ពាណិជ្ជកម្ម​អង់គ្លេស​ ​លោក​ Lord David Puttnam​ ​លើក​ឡើង​ថា​ ការ​ប្រែប្រួល​សភាព​ការណ៍​នៅ​ចក្រភព​អង់គ្លេស​ ​ក្រោយ​អង់គ្លេស​​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​​ពាណិជ្ជកម្ម​រវាង​ចក្រភព​អង់គ្លេស​និង​កម្ពុជា​នោះ​ទេ។

ប្រេសិត​ពិសេស​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​របស់​ប្រទេស​អង់គ្លេស​គឺ​លោក​ David Puttnam ​បាន​ប្រាប់រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​លោក​ ​ប្រាក់ សុខុន​ ថា​ ការ​ប្រែប្រួល​សភាព​ការណ៍​នៅ​ប្រទេសអង់គ្លេស​ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អង់គ្លេស​និង​កម្ពុជា​ទេ។​ ​ប៉ុន្តែ​អ្នក​ជំនាញ​សេដ្ឋ​កិច្ច​ យល់​ថា​ ​កម្ពុជា​នឹង​ខាត​បង់​ថវិកា ​ប្រសិន​ជា​អង់គ្លេស​កំណត់​ពន្ធ​នាំ​ចូល​ពី​កម្ពុជា​ខ្ពស់​ជាង​មុន។

ប្រេសិត​ពាណិជ្ជកម្ម​អង់គ្លេស​ ​Lord David Puttnam​ ​លើក​ឡើង​ថា​ ការ​ប្រែប្រួល​សភាព​ការណ៍​នៅ​ចក្រភព​អង់គ្លេស​ ​ក្រោយ​អង់គ្លេសចាកចេញ​ពី​សហភាព​អឺរ៉ុប​ ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនងពាណិជ្ជកម្ម​រវាង​ចក្រភព​អង់គ្លេស​និង​កម្ពុជា​នោះ​ទេ។ ​នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ លោក ជុំ សុន្ទរី​ ដែល​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​ផ្លូវការជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ​លោក​ ​ប្រាក់ សុខុន​ ​នៅ​ទីស្ដីការ​ក្រសួង​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ។​

«គាត់​ថា​សារ​ដែល​គាត់​ជម្រាប​ជូន​នៅពេលនេះ​គឺ​ការប្រែប្រួល​សភាពការណ៍ ដែល​មាន​ការ​ផ្លាស់​ប្តូរ។ សភាពការណ៍​នៅ​អង់គ្លេស​ហ្នឹង នឹង​មិន​មាន​ផល​អ្វី​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេរភាគី ក៏ដូច​ជា​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ»។

ជំនួប​ផ្លូវការ​នេះ​ធ្វើ​ឡើង​ ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​ ​Lord David Puttnam នៅ​ក្នុង​ប្រទេស​កម្ពុជា ជាច្រើន​ខែ​ ក្រោយ​ពី​ប្រជារាស្ត្រ​របស់​ចក្រ​ភព​អង់គ្លេស ​ធ្វើ​ប្រជាមតិ ​បោះ​ឆ្នោត​ចាក​ចេញពីសហភាព​អឺរ៉ុប កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦។​

លោក ជុំ សុន្ទរី​ ​បន្ថែម​ថា​ ​Lord Puttnam​ ​កត់​សំគាល់​ពី​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ​និង​ការ​រីក​ចម្រើន​នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក Bill Longhurst ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ ចាប់ដៃ​ជាមួយ​លោករដ្ឋមន្រ្តី​ក្រសួង​ការបរទេស ប្រាក់ សុខុន នៅ​ថ្ងៃអង្គារ ទី០៨ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅ​រាជធានី​ភ្នំពេញ។ (ឡេង ឡែន/VOA)

Lord Puttnam​ ​ប្រេសិត​ពាណិជ្ជកម្ម​អង់គ្លេស​ ​បដិសេធ​សុំ​មិន​ធ្វើ​កិច្ច​អធិប្បាយ​ចំពោះ​សំនួរ​អ្នក​សារ​ព័ត៌មាន​នោះ​ទេ​ ​ក្រោយ​បញ្ចប់​ការ​ប្រជុំ​នា​ព្រឹក​មិញ​នេះ​ដោយ​លោក​អះអាង​ថា​លោក​ជាប់​រវល់។​

​ប្រជារាស្ត្រ​អង់គ្លេស​ បាន​បោះ​ឆ្នោត​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​នា​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៦​ ​ដោយ​ហេតុ​ផល​សេដ្ឋកិច្ច​របស់​អង់គ្លេស​ក្នុង​តំបន់​អឺរ៉ុប​ ​កំណើន​ជន​ចំណាក​ស្រុក​មក​ដណ្ដើម​ការងារ​ក្នុង​ចក្រភព​អង់គ្លេស​ ​ការ​គំរាម​កំហែង​លើ​អធិបតេយ្យ​ភាព​របស់​អង់គ្លេស​ពី​អំណាច​នីតិ​ប្រតិបត្តិ​ ​ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ គណៈ​កម្មការ​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល​ (Brussels)​ ប្រទេស​ប៊ែលហ្ស៊ិក​ (Belgium)។

យ៉ាងណា​ក៏​ដោយ​ ប្រទេស​អង់គ្លេសនឹង​ត្រូវ​ប្រើ​ពេល​ពីរ​ឆ្នាំ សម្រាប់​ការចរចា​ជាមួយ​ប្រទេស​សមាជិកនៃ​សហភាព​អឺរ៉ុប​លើ​ប្រធាន​បទ​ជា​ច្រើន។​ ​នេះ​បើ​តាម​មាត្រា​៥០នៃ​សន្ធិ​សញ្ញា​ទីក្រុង​ ​Lisbon (Treaty of Lisbon)​ ​ក្នុង​ប្រទេស​ព័រទុយហ្គាល់​ ​ដែល​និយាយ​ពី​ដំណើរ​ការ​នៃ​ការ​ចាក​ចេញ​របស់​រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប។

​លោក​ស្រី​ សឹង សុផារី​ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​ប្រាប់ ​VOA​ ថា​ ​ការ​ចាក​ចេញពីសហភាព​អឺរ៉ុប​របស់ចក្រ​ភព​អង់គ្លេស ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​កម្ពុជា និង​អង់គ្លេស​ទេ។

ទោះ​ជា​យ៉ាង​ណា​លោកស្រី​ បញ្ជាក់​ថា​ ​កម្ពុជា ​អាច​នឹង​ត្រូវ​ធ្វើ​ការងារ​ច្រើន​ជាង​មុន​ជាមួយ​សហភាព​អឺរ៉ុប និង​ចក្រ​ភព​អង់គ្លេស។

«យើង​អាច​មាន​ធ្វើ​ការ​ងារ​ទ្វេ​ដង ពីព្រោះ​អី​ពី​មុន​យើង​ទៅ​សហគមន៍​អឺរ៉ុប ទៅ​តែ​មួយ​ទៅ​ យើង​អាច​ទៅ​គ្រប់​ប្រទេស​ដែល​ជា​សមាជិក ប៉ុន្តែ​ដល់​ពេល UK ដក​ខ្លួន​ចេញពី​សហគមន៍​អឺរ៉ុប យើង​ត្រូវ​ញែក​ការងារ​មួយ​សម្រាប់ UK មួយ​សម្រាប់​អឺរ៉ុប វា​ទៅ​ជា​ការងារ​ពីរ។ វា​អាច​ជា​បន្ទុក​ការងារ​ថែម ប៉ុន្តែ​បើ​និយាយ​ពី​ផល​នៃទំនាក់ទំនង ឬ​ចរាចរណ៍​ទំនិញ​អី វា​អាច​អត់​ប៉ះពាល់​មែន ​ប៉ុន្តែ​ការងារ​យើង​អាច​ធ្វើ​ច្រើន​ជាង​មុន»។​

ដោយ​ឡែក​ ​លោក​ តេង ដឺលុច សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​ ​ប្រាប់​VOAថា​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស ​នឹង​តម្រូវ​ឲ្យកម្ពុជា​រៀប​ចំ​ការ​ចរចា​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ថ្មី​មួយ​ជាមួយ​ចក្រភព​អង់គ្លេស។

លោក​បន្ថែម​ថា ការ​ចរចា​ពាណិជ្ជកម្ម​ទ្វេភាគី​ថ្មី នឹង​ត្រូវ​ចំណាយ​ពេល​ពេល​វេលា​យូរ​ ​និង​អាច​ប៉ះពាល់​ដល់​កម្ពុជា ប្រសិន​ជា​ការ​កំណត់​ពន្ធ​នាំចូល​ពី​កម្ពុជា​ខ្ពស់​ជាងពេល​ដែល​ចក្រភព​អង់គ្លេស​នៅ​ជា​សមាជិក​សហភាព​អឺរ៉ុប។

«វា​អាច​នឹង​មាន​ករណី​អាក្រក់​ជាង​ហ្នឹង​កើតឡើង​ ​ដោយ​សារ​តែ​យើង​ដឹង​ស្រាប់ហើយ​ថា​ ​ក្នុង​ស្ថានភាព​របស់កម្ពុជា​ក្នុង​កិច្ចព្រមព្រៀងលក្ខខណ្ឌ​នៃ​ការ​នាំ​ចេញ​ក្រៅ​លើ​អ្វីៗ​គ្រប់​យ៉ាង​ក្រៅ​ពី​អាវុធ​ហ្នឹង​ ​គឺ​កម្ពុជា​អត់​មាន​បង់​ពន្ធ​អី​ទេ​ ​អញ្ចឹង​វា​ជា​ផល​ចំណេញ។ ប៉ុន្តែ​បើ​សិន​ជា​អង់គ្លេស​ចាកចេញ ហើយ​គាត់​ទាម​ទារ​លក្ខខណ្ឌ​អី​ថ្មី​មួយ​ទៅ​ ​ឬ​ក៏​ការ​យកពន្ធ​ ​ឬ​លើក​លែង​ពន្ធ​ ​ប៉ុន្តែ​មាន​ដែន​កំណត់​ណា​មួយ​ អញ្ចឹងវា​ប្រាកដ​ជា​ប៉ះពាល់»។

បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​ចក្រភព​អង់គ្លេស​ បាន​កើន​ឡើង​ជាលំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​កើន​ឡើង​ពី​ជាង​៧០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣​ មក​ជាង​៨០០លាន​ដុល្លារ​អាមេរិក​ ​នៅ​ឆ្នាំ​២០១៤ នឹង​ប្រហែល ​១ពាន់​លាន​ដុល្លារ​អាមេរិកនៅ​ឆ្នាំ​២០១៥។

ក៏ប៉ុន្តែ​ការ​នាំចេញ​សរុប​របស់​កម្ពុជា​ ​ទៅ​កាន់​ចក្រ​ភពអង់គ្លេស​នៅ​ឆ្នាំ​២០១៤​មាន​ត្រឹមតែ​ប្រមាណ​ ៥៦លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ៕