ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាលោក Dominic Williams បានលើកឡើងអំពីកង្វល់របស់លោកចំពោះសិទ្ធិនយោបាយនៅកម្ពុជា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃអង្គារ។
ក្នុងចំណោមប្រទេសនៅប្លុកសេរី អង់គេ្លសជាដៃគូពាណិជ្ជកម្មសំខាន់មួយរបស់ប្រទេសកម្ពុជា ហើយបានបន្តតាមដានយ៉ាងដិតលើស្ថានភាពនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដែលអ្នកសង្កេតការណ៍មួយចំនួនមើលឃើញថា មិនទាន់មានភាពល្អប្រសើរនៅឡើយ។
បើតាមសេចក្តីប្រកាសព័ត៌មានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអង់គ្លេសនៅទីក្រុង ភ្នំពេញនាថ្ងៃពុធនេះ លោកឯកអគ្គរាជទូត Dominic បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤។ ក្នុងជំនួបនោះ ភាគីទាំងពីរបានផ្តល់ការកត់សម្គាល់អំពីបរិយាកាសវិជ្ជមានសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា និងការបើកដំណើរការថ្មីៗនៃនីតិវិធីអន្តោប្រវេសន៍ឌីជីថល។ បញ្ហាប្រឈមនៃការបោកប្រាស់តាមអ៊ិនធឺណិតក៏ត្រូវបានលើកមកពិភាក្សាផងដែរ។
បន្ថែមលើនោះ លោកឯកអគ្គរាជទូត Dominic បានលើកឡើងពីកង្វល់របស់ចក្រភពអង់គ្លេសអំពីសិទ្ធិនយោបាយនៅកម្ពុជា។
ជំនួបរវាងលោកឯកអគ្គរាជទូត Dominic និងលោក ស សុខា កើតឡើងចំពេលប្រទេសកម្ពុជាប្រារព្ធខួប ៣១ ឆ្នាំនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញដែលបានមកពីការជួយជ្រោមជ្រែងរបស់អង្គការសហប្រជាជាតិ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅកម្ពុជាលោក ឯម សុវណ្ណារ៉ា យល់ថា អង់គ្លេសជាហត្ថលេខីមួយលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ដែលនាំមកឱ្យកម្ពុជានូវប្រព័ន្ធនយោបាយសេរីពហុបក្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន។ លោកជឿថា អង់គ្លេសមានតួនាទីក្នុងការពង្រឹងសិទ្ធិនយោបាយរបស់ពលរដ្ឋកម្ពុជាដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣។
លោកថ្លែងថា៖ «ដូច្នេះ អង់គ្លេសគាត់មានតួនាទីភារកិច្ចក្នុងការជួយជំរុញកម្ពុជាជាប្រទេសម្ចាស់ផ្ទះហ្នឹង ជាអ្នកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងឱ្យបានពេញលេញ ដោយសារតែកន្លងមក មានលោកខាងលិច មានអង់គ្លេស អឺរ៉ុប មានអាមេរិកជាដើមតែងតែលើកឡើងកង្វះខាតនៃការអនុវត្តនូវគោលការណ៍ច្បាប់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ឬក៏គេហៅថា គោលការណ៍ដែលភាគីកម្ពុជាថា សន្យានឹងអនុវត្តហ្នឹង»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃពុធនេះថា អង់គ្លេសគឺជាប្រទេសប្រជាធិបតេយ្យចាស់ទុំមួយដែលប្រកាន់ខ្ជាប់ការគោរពសិទ្ធិមនុស្ស ដែលអាចជួយបំពេញចន្លោះខ្វះខាតរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យបានពេញលេញនៅកម្ពុជា។
ដោយឡែក រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការជួបសម្តែងមតិគួរសមរវាងលោក Dominic ជាមួយនឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ដោយមានការលើកពីបញ្ហានៃការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត គឺជារឿងល្អមួយ បើទោះបីជាអង់គ្លេសមិនទាន់មានវត្តមានចូលរួមជាមួយកម្ពុជាក្នុងការបង្ក្រាបអំពើឆបោកអនឡាញក៏ដោយ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំមិនដឹងខាងណាដឹងទេ! ព្រោះខ្ញុំអត់ទាន់ដឹងទេ ក៏ដូចជាមិនដែលឃើញ អត់មានក្នុង Report [របាយការណ៍]ផង»។
ទាក់ទិនអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អង់គ្លេស បានសម្រេចដាក់ទណ្ឌកម្មកាលពីពេលថ្មីៗនេះលើលោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច ដោយការបង្កកទ្រព្យសម្បត្តិរបស់សេដ្ឋីរូបនេះ ក្រោយលោកត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលផ្តើមចេញពីមុខជំនួញរបស់លោក ដូចជាការជួញដូរមនុស្សនៅក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ (Scam) និងសកម្មភាពឧក្រិដ្ឋផ្សេងទៀត ដូចជាការវិនិយោគបោកប្រាស់តាមរូបិយបណ្ណគ្រីបតូ(cryptocurrency)។
ភ្លាមៗក្រោយការប្រកាសដាក់ទណ្ឌកម្មនោះ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះ «ការសម្រេចចិត្តដោយអយុត្តិធម៌» ក្នុងការដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ និងក្រុមហ៊ុនរបស់លោក៕