អង់គ្លេស ថ្កោលទោស​ធ្ងន់ធ្ងរ​ចំពោះ​ការដាក់​ទណ្ឌកម្ម​របស់​ចិន​លើ​សមាជិក​សភា​និង​អង្គភាព​របស់​ខ្លួន

រូបឯកសារ៖ នាយក​រដ្ឋមន្រ្តី​អង់គ្លេស​លោក Boris Johnson ចាកចេញ​ការិយាល័យ​នាយករដ្ឋមន្រ្តី នៅ​ផ្លូវ Downing Street ដើម្បី​ទៅ​វិមាន​សភា​ក្នុង​ទីក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

រដ្ឋាភិបាល​អង់គ្លេស​ បាន​ប្រកាស​ពី​ការ​គាំទ្រ​ពេញទំហឹង​ទៅ​លើ​សមាជិក​សភា និង​ពលរដ្ឋ​អង់គ្លេស​ដទៃ​ទៀត​ ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​រដ្ឋាភិបាល​ចិន ចំពោះ​ការ​បញ្ចេញមតិ​គាំទ្រ​ជាតិសាសន៍​អ៊ុយហ្គ័រកាន់​សាសនា​ឥស្លាម​នៅ​ក្នុង​ប្រទេស​ចិន។

នាយករដ្ឋ​មន្ត្រីអង់គ្លេស​លោក Boris Johnson បាន​លើក​ឡើង​នៅ​ក្នុង​សារបង្ហោះ​តាម​បណ្តាញ​សង្គម​ Twitter កាល​ពី​ថ្ងៃ​សុក្រ ទី២៦ ខែ​មីនា​ថា៖ «សមាជិក​សភា និង​ពលរដ្ឋ​អង់គ្លេស​ដទៃ​ទៀត ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​ដោយ​រដ្ឋាភិបាលចិន​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​លាតត្រដាង​ពី​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស ដែល​ប្រព្រឹត្ត​ឡើង​ប្រឆាំង​នឹង​ជាតិសាសន៍​អ៊ុយហ្គ័រ​កាន់​សាសនា​ឥស្លាម»។ ​

លោក​ Johnson បាន​ថ្លែង​ថា៖ «សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ប្រឆាំង​នឹង​ការ​រំលោភបំពាន​គឺ​ជា ​សិទ្ធិ​មូលដ្ឋាន ហើយ​ខ្ញុំ​សូម​គាំទ្រ​ពួកគេ​យ៉ាងពេញ​ទំហឹង»។​

​ចិន​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ពលរដ្ឋ​អង់គ្លេស​ចំនួន​ប្រាំ​បួន​នាក់ និង​អង្គភាព​អង់គ្លេស​ចំនួន​បួន​ ដោយ​ចោទប្រកាន់​ថា ពួកគេ​បាន​ «ផ្សព្វផ្សាយ​រឿង​កុហក​យ៉ាងអាក្រក់ និង​ព័ត៌មាន​មិន​ត្រឹមត្រូវ​» ជុំវិញ​ទង្វើរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅ​លើ​ជាតិសាសន៍​អ៊ុយហ្គ័រ»។

​ដូចគ្នា​ផង​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការបទេស​អង់គ្លេស​លោក Dominic Raab និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ Robert buckland បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​ដាក់​ទណ្ឌកម្ម​របស់​ចិន​នេះ។

លោក​រដ្ឋមន្ត្រី​ Raab បាន​សរសេរ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ Twitter ថា៖ «ខណៈ​ចក្រភព​អង់គ្លេស​ចូលរួម​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​នៅ​ក្នុង​ការ​ដាក់ទណ្ឌកម្ម​លើ​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស រដ្ឋាភិបាល​ចិន​បាន​ដាក់​ទណ្ឌកម្ម​មក​លើក្រុម​អ្នក​រិះគន់​ខ្លួន។ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​ច្រានចោល​នូវ​ការ​អះអាង​ពី​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​នៅ​តំបន់ Xinjiang ចិន​គួរ​តែផ្តល់សិទ្ធិ​ដល់​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ ចូល​ទៅ​តំបន់​នោះ​ដើម្បី​បញ្ជាក់​ពី​ការណ៍​ពិត»។

លោក​រដ្ឋមន្ត្រី Buckland បាន​ថ្លែង​ថា៖ «យើង​សូម​ច្រាន​ចោល​យ៉ាង​ដាច់​អហង្ការ​នូវ​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ចិន» ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ពលរដ្ឋ​និង​អង្គភាព​នានា​របស់ចក្រភព​អង់គ្លេស ដែល​រួម​មាន​ក្រុមហ៊ុន​ច្បាប់ ដែល​បាន​ជួយ​ទំនុក​បម្រុង​បុព្វហេតុ​សិទ្ធិ​របស់​ជាតិសាសន៍​អ៊ុយហ្គ័រ។

សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក និង​កាណាដា​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​សមាជិក​ក្រុម​អភិជន​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​តំបន់ Xinjiang កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​កន្លងទៅ​នេះ​ ជុំវិញ​ការ​ចោទប្រកាន់​ពី​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​ទីនោះ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្ត្រ​បញ្ញា