ចក្រភព​អង់គ្លេស​បង្ហាញ​នាវា​ផ្ទុក​យន្តហោះ Queen Elizabeth របស់​ខ្លួន​ដល់​មន្ត្រី​ជ​​ប៉ុន

  • Reuters

រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន លោក Nobuo Kishi ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​ខាង​មុខ​នាវា​ផ្ទុក​យន្ដហោះ Queen Elizabeth របស់​ចក្រភព​អង់គ្លេស នៅ​មូលដ្ឋាន​នាវា​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ក្នុង​ក្រុង Yokosuka ប្រទេស​ជប៉ុន ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។

ចក្រភព​អង់គ្លេស​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញនាវា​ផ្ទុក​យន្តហោះ HMS Queen Elizabeth របស់​ខ្លួន​ដល់​រដ្ឋ​មន្ត្រី​ការពារ​ប្រទេសជប៉ុន​នៅមូលដ្ឋាន​កងទ័ព​ជើង​ទឹក​មួយ​កន្លែង​ជិត​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ ដែល​ជាការ​ចាប់​ផ្តើម​នូវ​វត្តមាន​យោធា​ជា​អចិន្ត្រៃយ៍​មួយ​របស់​អង់គ្លេសនៅ​ក្នុង​តំបន់​ ដើម្បី​ព្យាយាមទប់​ស្កាត់ឥទ្ធិពល​របស់​ចិន​ដែល​កំពុង​កើន​ឡើង។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់ ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រដ្ឋម​ន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក Nobuo Kishi (ណូប៊ូ គីសហ្សី) និង​មេបញ្ជាការ​យោធា​ជាន់​ខ្ពស់ជប៉ុន​ជា​ច្រើន​រូប​ទៀត​ ត្រូវបាន​បង្ហាញ​និង​នាំ​ដើរ​មើល​នាវា​ផ្ទុក​យន្តហោះនោះ​ ដែល​មាន​យន្តហោះប្រយុទ្ធ F-35B ជា​ច្រើន​គ្រឿង​ចត​នៅ​លើ​នោះ​ផង​ដែរ​ ខណៈ​ពេល​ដែល​មន្ត្រី​យោធា​កងទ័ព​ជើង​ទឹក​ចក្រភព​អង់គ្លេសពន្យល់​ពី​របៀប​ដែល​យន្តហោះ​ប្រយុទ្ធ​ហោះ​ឡើង​និង​ចុះ​ចត។

មេបញ្ជាការ​នាវាផ្ទុក​យន្តហោះ លោក Steve Moorhouse បានថ្លែង​ប្រាប់​គណៈប្រតិភូ​ជប៉ុន​ក្នុង​អំឡុង​ទស្សនកិច្ច​នោះថា៖ «គោល​បំណងនៃ​ការដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ​នេះ​ គឺ​ដើម្បី​បញ្ជាក់​ពី​ការ​ចាប់​ផ្តើម​នៃ​ការ​បេ្តជ្ញាចិត្ត​របស់​យើង។ សារសំខាន់​នៃ​តំបន់​នេះ​កំពុង​មាន​ការ​កើន​ឡើង​ដ៏​សំខាន់»។

នាវា​ផ្ទុក​យន្តហោះ​នេះ​មាន​តម្លៃ​៤,១៥​ពាន់​លានដុលា្លរ។​

ក្រោយ​ការ​ចាក​ចេញ​របស់​នាវា​ផ្ទុក​យន្តហោះ​អង់គ្លេស​នេះ​ នាវា​ចម្បាំង​អង់គ្លេស​ពីរ​គ្រឿង​ផ្សេង​ទៀត​ នឹង​ចូល​មក​ជំនួស​ដើម្បី​បន្តវត្តមាន​របស់​កម្លាំង​យោធា​អង់គ្លេស​ក្នុង​តំបន់ ស្របពេល​ដែល​រដ្ឋាភិបាល​ក្រុង​ឡុងដ៍ កំពុង​សម្លឹងទៅ​រក​វត្តមាន​កាន់តែ​ធំ​មួយនៅក្នុង​ពិភព​លោក​ បន្ទាប់​ពី​ខ្លួន​បាន​ចាកចេញ​ពី សមាជិក​សហភាព​អឺរ៉ុប​មក។

លោក Kishi បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​នាវា​ផ្ទុក​យន្តហោះ Queen Elizabeth ថា «ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​នាវា​ចម្បាំង​របស់​ចក្រភព​អង់គ្លេស ជា​ការសំខាន់​បំផុត​មួយ​ដើម្បី​រក្សា​និង​ពង្រឹង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហ»៕