នាយក​រដ្ឋមន្ត្រី​អង់គ្លេស លុប​ចោល​វិធានការ​រឹតត្បិត​កូវីដ១៩​ដែល​នៅ​សេសសល់​ទាំងអស់

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson នៅពេល​លោក​ចាកចេញ​ពី​ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី 10 Downing Street ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

ដូច​ការរំពឹង​ទុក នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ពី​ការបញ្ចប់​វិធានការ​រឹតត្បិត​កូវីដ១៩ទាំង​អស់​នៅ​ក្នុង​ប្រទេសដែល​ត្រូវ​ដាក់​ដំបូង​កាល​ពីចុង​ខែ​វិច្ឆិកា សូម្បី​តែ​លុប​ចោល​ការ​តម្រូវ​ឱ្យនៅ​ដាច់​ពី​គេ​សម្រាប់​អ្នក​ដែល​ធ្វើ​តេស្ត​វិជ្ជមានមាន​ឆ្លង​កូវីដក៏ដោយ។

ថ្លែង​នៅ​ពី​មុខ​សភា លោក Johnson បាន​និយាយ​ថា ប្រទេស​ជាតិ​ នឹង​នៅតែ​លើក​ទឹកចិត្ត​អ្នក​ដែល​ធ្វើ​តេស្ត​វិជ្ជមាន​ ឬ​មាន​រោគសញ្ញា​ឲ្យ​ស្ថិត​នៅ​ផ្ទះ យ៉ាង​ហោចណាស់​រហូត​ដល់​ថ្ងៃ​ទី១ ខែ​មេសា ដែល​នៅ​ពេល​នោះ​រដ្ឋាភិបាល​ នឹងគ្រាន់​តែ​លើក​ទឹកចិត្ត​ពលរដ្ឋ​ដែល​ធ្វើ​តេស្ត​វិជ្ជមាន​ ឬ​មាន​រោគសញ្ញា​«ឲ្យមាន​ការទទួល​ខុសត្រូវ​ដោយ​ខ្លួន​ឯង»។ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា​ទៅ រដ្ឋាភិបាល​ក៏​នឹង​បញ្ឈប់​ការបង់​ប្រាក់​សម្រាប់​ការធ្វើ​តេស្ត​ជំងឺ​កូវីដ១៩នោះ​ដែរ។

លោក Johnson បាន​ប្រកាស​លុប​ចោល​ការរឹតត្បិត​នេះ សូម្បី​នៅពេល​ដែល​លោក​ជូនពរ​ព្រះមហាក្សត្រីយានី Elizabeth ឲ្យ​មាន​ព្រះសុខភាព​ល្អ ​បន្ទាប់ពី​ព្រះអង្គ ​បាន​ធ្វើ​តេស្ត​មាន​វិជ្ជមាន​កូវីដ១៩​កាលពី​ថ្ងៃ​អាទិត្យ​ក៏ដោយ។ លោក​នាយករដ្ឋមន្ត្រី បាន​និយាយ​ថា វិជ្ជមាន​កូវី១៩​របស់​ព្រះមហាក្សត្រីយានី​ជា​ការ​រំឭក​ថា ការ​រាតត្បាត​នៃ​ជំងឺ​នេះ មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។

អ្នក​វិទ្យាសាស្ត្រ រួម​ជាមួយ​អ្នក​នយោបាយ​ខ្លះ​របស់​គណបក្ស​ប្រឆាំង បាន​ព្រមាន​ថា ការ​បញ្ចប់​ការធ្វើ​តេស្ត​ទាំង​អស់​និង​ការតាមដាន នឹង​ធ្វើ​ឲ្យ​ទន់ខ្សោយ​សមត្ថភាព​តាម​ដាន​ជំងឺ​ និង​ឆ្លើយតប​ដល់​ការកើន​ឡើង​នៃ​ការឆ្លង​ថ្មី។

ដោយ​ឡែក​ ​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ចន្ទ បាន​បើក​ឲ្យ​អ្នក​ធ្វើ​ដំណើរ​អន្តរជាតិ​ដែល​មិន​ចាំបាច់ អាច​ចូល​ក្នុង​ប្រទេស​ជា​លើក​ដំបូងឡើង​វិញ​ គឺ​នៅជិត២ឆ្នាំ ​ក្រោយ​ការ​ដាក់​ការ​រឹតត្បិត​កូវីដ១៩​ដ៏​តឹងរ៉ឹង​ចំពោះ​អ្នក​ដំណើរ​អន្តរជាតិ៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារព័ត៌មាន Reuters។