អង់គ្លេស​បើក​ស្ថានទូត​ឡើង​វិញ​នៅ​​អ៊ីរ៉ង់​

បុគ្គលិក​ស្ថានទូត​ស្តាប់​ប្រសាសន៍​លោក​រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​ Philip Hammond នៅ​អំឡុង​ពេល​បើក​ឡើង​វិញ​សារជាថ្មី​នូវ​ស្ថានទូត​អង់គ្លេស​នៅ​ក្រុង​តេរ៉ង់ ប្រទេស​អ៊ីរ៉ង់ នា​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ២០១៥។

ប្រទេស​អង់គ្លេស​បាន​បើក​ស្ថាន​ទូត​របស់​ខ្លួន​ឡើង​វិញ​នៅ​ក្នុងរដ្ឋ​ធានី​នៃ​ប្រ​ទេស​អ៊ីរ៉ង់​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ជិត​៤០​ឆ្នាំ​បន្ទាប់​ពី​ស្ថាន​ទូត​នោះបាន​បិទ​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​ពួក​បាតុករ ​ដែល​បាន​វាយ​សង្គ្រប់អាគារស្ថាន​ទូត​។ លោក Philip Hammond រដ្ឋ​មន្រ្តី​ការបរទេសនៃ​ប្រទេស​អង់គ្លេស​បាន​ស្ថិត​នៅក្នុង​រដ្ឋ​ធានី​តេរ៉ង់ ​ដើម្បី​ចូលរួម​ពិធី​ដែល​នៅ​ទី​នោះ​លោក​បានប្រកាស​បើក​ស្ថាន​ទូត​។

លោក​បាន​ហៅ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​ជា​ពេល​វេលា​ប្រវត្តិសាស្រ្តមួយ​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ​ដោយ​លោក​បាន​កត់​សម្គាល់​ថា ​វា​ជា​ដំណើរ​បំពេញ​ទស្សនកិច្ចដោយ​មនុស្ស​ម្នាក់ ​ដែល​កំពុង​កាន់​អំណាច​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក។

មុន​ពិធី​នោះ ការិយាល័យ​ការបរទេស​របស់​អង់គ្លេស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ស្ថានទូត​អ៊ីរ៉ង់​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ក៏​នឹង​បើក​នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ ដែល​នៅ​ដំណាក់កាល​ដំបូង​មាន​កម្រិត​ត្រឹម​ជា​ភារ​ធារី ​ក្នុង​គោល​បំណង​ដំឡើង​ថ្នាក់​ឯក​អគ្គ​រដ្ឋ​ទូត​នៅ​ស្ថានទូត​ទាំង​ពីរ​ប្រទេសក្នុង​ពេល​ប៉ុន្មាន​ខែខាង​មុខ។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​អង់គ្លេស Hammond ​បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ជាមួយ​អ៊ីរ៉ង់ ​ដោយ​បាន​មាន​ប្រសាសន៍​ថា មិត្ត​ភាព​ខាង​ការទូត​បាន​ត្រូវ​កត់​សម្គាល់​ជា​លើក​ដំបូង​ដោយ​ការបោះឆ្នោត​របស់ប្រធានា​ធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ​ប្រកាន់​នយោបាយ​ផ្លូវ​កណ្តាល​។ លោករដ្ឋ​មន្រ្តី​ការ​បរទេស​អង់គ្លេសមាន​ប្រ​សាសន៍​ទៀត​ថា «ការ​បោះឆ្នោត​របស់​ប្រធានា​ធិបតី Riuhani និង​កិច្ច​ព្រម​ព្រៀងនុយក្លេអ៊ែរ​កាល​ពី​ខែ​មុនជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត។ ខ្ញុំ​ជឿ​ជាក់​ថា ​យើង​មាន​សក្តានុពលធ្វើ​ឲ្យ​រីក​ចម្រើន​ទៅ​មុខ។

ការិយាល័យការបរទេស​អង់​គ្លេស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​គណៈប្រតិភូ​ដ៏​តូច​មួយ​របស់​អង់គ្លេស​បាន​អម​ដំណើរ​លោករដ្ឋ​មន្រ្តី​ការ​បរទេស Hammond ដើម្បី​ពិភាក្សា​ឱកាស​ខាង​ពាណិជ្ជ​កម្ម​នៅ​ពេល​អនាគត​ ដែល​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្រ្តកាល​ពី​ខែ​មុន៕