ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​ចាប់ផ្ដើម​ពិភាក្សា​អំពី​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប

លោក Michel Barnier ប្រធាន​ចរចា​ស្តី​ពី​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ ចូលរួម​ក្នុង​កិច្ចប្រជុំ​តុ​មូល​នៅ​ទីស្នាក់ងារ​កណ្តាល​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧។

អ្នក​តំណាង​នានា​មក​ពី​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក ដើម្បី​ចាប់ផ្ដើម​នូវ​ដំណើការ​ចរចា​ដ៏​ស្មុគស្មាញ​អំពី​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប។

កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ក្រោយ​មក បន្ទាប់ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​បាន​បោះ​ឆ្នោត​សម្រេច​ឲ្យ​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប។

ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប មាន​ពេល​រហូត​ដល់​ចុង​ខែ​មីនា ឆ្នាំ ២០១៩ ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​កិច្ច​ព្រមព្រៀង​មួយ និង​ដើម្បី​ឲ្យ​កិច្ច​ព្រមព្រៀង​នោះ​ទទួល​បាន​ការ​អនុម័ត​ពី​រដ្ឋសភា​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ទាំង​អស់។

អ្នក​ចរចា​ដែល​ជួប​ប្រជុំ​គ្នា​នេះ នឹង​ត្រូវ​សម្រេច​លើ​បញ្ហា​មួយ​ចំនួន​ដូចជា ច្បាប់​សម្រាប់​ការ​ធ្វើ​ដំណើរ​រវាង​ចក្រភព​អង់គ្លេស និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៃ​សហភាព​អឺរ៉ុប កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​លាន​នាក់​មក​ពី​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​សហភាព​អឺរ៉ុប ដែល​កំពុង​រស់នៅ​ក្នុង​ចក្រភព​អង់គ្លេស ក៏​ដូចជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ចក្រភព​អង់គ្លេស​ពីរ​បី​លាន​នាក់ ដែល​កំពុង​រស់នៅ​ក្នុង​បណ្ដា​ប្រទេស​នានា​នៃ​សហភាព​អឺរ៉ុប​ផង​ដែរ។

កិច្ច​ពិភាក្សា​នេះ ក៏​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​មិន​យូរ​ប៉ុន្មាន​ផង​ដែរ បន្ទាប់ពី​មាន​ការ​បោះ​ឆ្នោត​ជា​បន្តបន្ទាប់ ដែល​អំពាវនាវ​ដោយ​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោកស្រី Theresa May ដោយ​ការ​បោះ​ឆ្នោត​ទាំង​នោះ​ត្រូវ​បាន​លោកស្រី Theresa May សង្ឃឹម​ថា នឹង​ជួយ​ជំរុញ​ជំហរ​របស់​លោកស្រី​នៅ​ក្នុង​ការ​ចរចា ប៉ុន្តែ​ផ្ទុយ​មក​វិញ​បែរ​ជា​ធ្វើ​ឲ្យ​គណបក្ស​របស់​លោកស្រី​ចុះ​ខ្សោយ​ទៅ​វិញ៕