ឯកសារបែកធ្លាយនោះមានឈ្មោះថា Paradise Papers ឬមានន័យថាឯកសារអាថ៌កំបាំងដែលបានរៀបរាប់ពីឈ្មោះបុគ្គលល្បីៗបំផុតមួយចំនួននៅលើពិភពលោក។ ប្រទេសដែលមានឈ្មោះរៀបរាប់ច្រើនជាងគេនោះគឺ ប្រទេសអង់គ្លេស។ ក្រុមអ្នកឃោសនាបាននិយាយថា ច្បាប់ដែលធូរលុងមានន័យថាប្រទេសអង់គ្លេសកំពុងស្ថិតនៅចំណុចកណ្តាលនៃឧស្សាហកម្មដែលលាក់មុខ ហើយការសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុបគឺធ្វើឲ្យបញ្ហាកាន់តែយ៉ាប់យ៉ឺនឡើង។
លោក Bono អ្នកចម្រៀងនាំមុខក្រុម U2 បានប្រើប្រាស់ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅប្រទេស Malta ដែលជាប្រទេសមានកម្រិតពន្ធទាបដើម្បីវិនិយោគទៅលើផ្សារទំនើបនៅប្រទេសលីទុយអានី (Lithuania)។
ក្រុមតន្ត្រីជនជាតិអៀវឡង់ដែលល្បីឈ្មោះពីការធ្វើយុទ្ធនាការប្រឆាំងនឹងភាពក្រីក្រ បានទទួលរងការរិះគន់កាលពីពេលកន្លងទៅនេះអំពីការបង់ពន្ធរបស់ពួកគេ។ គ្មានការលើកឡើងណាមួយទេថាលោក Bono បានធ្វើខុសច្បាប់នោះ។
ប៉ុន្តែ ក្រុមអ្នកឃោសនាបាននិយាយថាការរៀបចំប្រាក់ចំណេញយកទៅវិនិយោគនៅប្រទេសដែលមានពន្ធកម្រិតទាបបែបនេះគឺជាការលួចយកប្រយោជន៍ពីសាធារណៈ។
លោក MURRAY WORTHY នៃអង្គការ GLOBAL WITNESS បានថ្លែងថា៖ «នេះគឺជាថវិកាដែលបានបាត់បង់ដោយមិនបានយកទៅប្រើក្នុងវិស័យសុខាភិបាល វិស័យអប់រំ ដែលជាសេវាកម្មសាធារណៈសំខាន់ៗ»។
អឺរ៉ុបចង់ដាក់ប្រទេសណាដែលបដិសេធមិនព្រមសហការដើម្បីធ្វើឲ្យមានតម្លាភាពលើបញ្ហាពន្ធចូលក្នុងបញ្ជីស្បែកខ្មៅ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសបារាំង លោក BRUNO LE MAIRE មានប្រសាសន៍ថា៖ «បើសិនជារដ្ឋាភិបាលណាមិនប្រកាន់ខ្ជាប់នឹងការប្តេជ្ញារបស់ពួកគេនោះទេ យើងត្រូវតែដាក់ទណ្ឌកម្មលើរដ្ឋាភិបាលនោះ»។
បុគ្គលដែលមានទ្រព្យសម្បត្តិជាច្រើននាក់នៅលើពិភពលោកបានយកប្រាក់របស់ពួកគេទៅវិនិយោគនៅក្នុងប្រទេសដែលជាដែនដីរបស់ប្រទេសអង់គ្លេស។ នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសបានប្រតិកម្មទៅលើការបែកធ្លាយនេះ។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស អ្នកស្រី THERESA MAY បានមានប្រសាសន៍ថា៖
«យើងចង់ឲ្យបុគ្គលទាំងអស់នោះបង់ពន្ធដែលត្រូវបានកំណត់ឲ្យបង់»។
ក្រុមអ្នកឃោសនាបានបង្ហាញពីការសង្ស័យលើការប្តេជ្ញានោះ ជាពិសេសនៅខណៈពេលដែលការមិនប្រាកដប្រជារបស់សេដ្ឋកិច្ចកំពុងកើនឡើងនោះ។
លោក DUNCAN HAMES នៃអង្គការតម្លាភាពអន្តរជាតិបានថ្លែងថា៖
«ចាប់តាំងពីមានការបោះឆ្នោតលើការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបមក រដ្ឋាភិបាលអង់គ្លេសមិនសូវតឹងរឹងទៅលើតំបន់ដែនដីប្រទេសអង់គ្លេសនិង តំបន់ពិសេស Crown Dependencies ទេ»។
វាមិនត្រឹមតែបញ្ហាគេចវេសបង់ពន្ធនោះទេ ដែលត្រូវបានគេចាប់អារម្មណ៍នោះ។ អង្គការតម្លាភាពអន្តរជាតិបានឲ្យដឹងទៀតថា នៅប្រទេសអង់គ្លេស ច្បាប់និងការអនុវត្តដែលធូរលុងត្រូវបានគេប្រើប្រាស់ដើម្បីប្រែក្លាយទ្រព្យសម្បត្តិដែលខុសច្បាប់ឲ្យស្របច្បាប់វិញតាមរយៈគណនីក្រៅប្រទេស។ របាយការណ៍មួយបានអះអាងថា បុគ្គលត្រឹមតែ៦នាក់តែប៉ុណ្ណោះមានមុខងារគ្រប់គ្រងកម្មសិទ្ធិនៃក្រុមហ៊ុនចំនួនដល់ទៅ៤លានក្រុមហ៊ុន។
លោក DUNCAN HAMES បានបន្តថា៖
«យើងពិនិត្យមើលត្រឹមតែករណីចំនួន៥០ដែលទាក់ទិននឹងអំពើពុករលួយនិងប្រព័ន្ធលាងប្រាក់កខ្វក់តាមរយៈគណនីក្រៅប្រទេស។ ហើយយើងបានរកឃើញក្រុមហ៊ុនអង់គ្លេសច្រើនជាង៧៥០ក្រុមហ៊ុនដែលបានប្រើប្រាស់ប្រព័ន្ធទាំងអស់នោះ ដែលមានទឹកប្រាក់រហូតដល់៨០ពាន់លានដុល្លារ»។
ក្រុមហ៊ុនចំនួន៤៤ដែលបានត្រូវគេកំណត់អត្តសញ្ញាណក្នុងការស៊ើបអង្កេតនេះបានចុះឈ្មោះជាផ្លូវការដែលមានប្រអប់សំបុត្រតែមួយគឺប្រអប់សំបុត្រលេខ១១នៅក្នុងក្រុមហ៊ុនបញ្ញើសំបុត្រស្ថិតនៅកណ្តាលទីក្រុងឡុងដ៍។ សេវាកម្មបញ្ញើសំបុត្រនេះគឺជាចំណុចដ៏ខ្សោយមួយ នេះបើយោងតាមសម្តីរបស់លោក Hames។
លោក DUNCAN HAMES បានបន្តថា៖
«រោងចក្រក្រុមហ៊ុនទាំងអស់ គឺបានចុះបញ្ជីនៅកន្លែងតែមួយគត់ដែលមានក្រុមហ៊ុនរាប់ពាន់បានចុះបញ្ជី»។
គ្មានការចោទប្រកាន់ណាមួយដែលធ្វើទៅលើក្រុមហ៊ុនបញ្ញើសំបុត្រពាក់ព័ន្ធនឹងអំពើពុករលួយ ឬ ការលាងប្រាក់កខ្វក់តាមរយៈគណនីក្រៅប្រទេសនោះទេ។ ម្ចាស់ក្រុមហ៊ុននេះបានប្រាប់ VOA ថាពួកគេធ្វើតែអ្វីដែលស្របច្បាប់ និង ប្រកាន់តាមច្បាប់របស់ចក្រភពអង់គ្លេសទាំងអស់។
ទោះជាយ៉ាងណាក្តី ជាមួយនឹងទ្រព្យសម្បត្តិខុសច្បាប់ដែលត្រូវបានប៉ាន់ស្មានថាមានចំនួនប្រហែលជា១០០ពាន់លានបានឆ្លងកាត់ទីក្រុងឡុងដ៍ជារៀងរាល់ឆ្នាំ ក្រុមអ្នកឃោសនានិយាយថាច្បាប់ទាំងអស់នេះត្រូវការរឹតបន្តឹងជាបន្ទាន់៕
ប្រែសម្រួលដោយ លឹម ហ្គេចហៀង