ចក្រភពអង់គ្លេសនឹងចូលរួមជាមួយប្រទេស១១ផ្សេងទៀត នៅក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)ដ៏សំខាន់មួយ។ នេះបើយោងទៅលើនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Rishi Sunak ដែលបានប្រកាសឱ្យដឹងនៅថ្ងៃសុក្រនេះ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតមួយបន្ទាប់ពីបានចរចាគ្នាអស់រយៈពេលជិត២ឆ្នាំរបស់ប្រទេសនេះ ក្រោយពីការចាកចេញពីសមាជិកភាពរបស់សហភាពអឺរ៉ុប ឬBrexit នោះ។ នេះបើយោងទៅលើសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ចក្រភពអង់គ្លេស នឹងក្លាយជាសមាជិកថ្មីបំផុតមួយ ចាប់តាំងពីការបង្កើតឡើងនូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកកាលពីឆ្នាំ២០១៨មក និងក្លាយជាប្រទេសអឺរ៉ុបដំបូងគេបង្អស់ ដែលបានចូលរួមនៅក្នុងប្លុកមួយនេះ។
ក្រុមប្រទេសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ មានប្រជាជនសរុបជាង៥០០លាននាក់ និងតំណាងឱ្យផលទុនសរុបសាកល GDP ចំនួន១៥ភាគរយ នៅពេលដែលចក្រភពអង់គ្លេសបានក្លាយជាសមាជិកទី១២របស់ខ្លួន។ នេះបើតាមការប្រកាសរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសលោក Sunak។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការទទួលចក្រភពអង់គ្លេសជាសមាជិករបស់ប្លុកពាណិជ្ជកម្មមួយនេះ កើតមានឡើង បន្ទាប់ពីការមានការពិភាក្សាចរចាគ្នាយ៉ាងតឹងតែងមក ដែលបានដាក់ប្រទេសនេះទៅក្នុងក្រុមស្នូលនៃប្រទេសដែលមានសន្ទុះសេដ្ឋកិច្ចខ្លាំង ហើយក៏ជាភ័ស្តុតាងមួយដែរ សម្រាប់ប្រទេសអង់គ្លេសក្នុងការ «ចាប់យកឱកាសនៃសេរីភាពធ្វើពាណិជ្ជកម្មថ្មីមួយរបស់ខ្លួន ក្រោយចាកចេញពីសហភាពអឺរ៉ុប»។
ការវិវត្តនេះ បង្ហាញពីការសន្យាដ៏សំខាន់សម្រាប់អ្នកគាំទ្ររបស់ប្រទេសអង់គ្លេស លើការចាកចេញពីសហភាពអឺរ៉ុប ដែលថា ក្រៅពីសហភាពអឺរ៉ុបចក្រភពអង់គ្លេសក៏នៅអាចចូលរួមជាមួយប្លុកពាណិជ្ជកម្មដទៃផ្សេងៗទៀតដែរ ដែលមានសន្ទុះសេដ្ឋកិច្ចកើនលឿនឆាប់រហ័សជាងប្លុកមួយដែលនៅជិតផ្ទះរបស់ខ្លួននោះ។
ប៉ុន្តែក្រុមអ្នករិះគន់វិញ អះអាងដោយលើកហេតុផលថា ការចូលរួមរបស់អង់គ្លេសទៅក្នុងប្លុកពាណិជ្ជកម្មថ្មីមួយនេះ គឺជាការតស៊ូមួយរបស់ខ្លួន ដើម្បីជួសជុលសេដ្ឋកិច្ចដែលបានខូចខាត ដោយសារតែការចាកចេញពីសហភាពអឺរ៉ុបតែប៉ុណ្ណោះ ដែលសហភាពអឺរ៉ុបគឺជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានសន្ទុះសេដ្ឋកិច្ចរួមមួយ៕