ក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿនG-7បានការឯកភាពគ្នាជាធ្លុងមួយក្នុងការ គាំទ្រប្រទេសអ៊ុយក្រែនរហូតដល់ប្រទេសនេះទទួលបានជោគជ័យលើប្រទេសរុស្ស៊ី។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ប្រទេសបារាំងនៅថ្ងៃសុក្រនេះស្របពេលដែលចក្រភពអង់គ្លេសកំពុងជំរុញឱ្យមានការផ្តល់អាវុធកាន់តែច្រើនឡើងថែមទៀត ទៅឱ្យរដ្ឋាភិបាលអ៊ុយក្រែន ដើម្បីទប់ទល់ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ នេះបើយោងទៅលើការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោកស្រី Liz Trussបានថ្លែងប្រាប់ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេស G-7 ខណៈលោកស្រីបានចូលរួមនៅក្នុងថ្ងៃទី២នៃកិច្ចប្រជុំនេះថា «វាជារឿងដ៏សំខាន់ខ្លាំងនៅពេលនេះ ដែលយើងត្រូវបន្តដាក់សម្ពាធទៅលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយការផ្តល់អាវុធកាន់តែច្រើនថែមទៀតទៅឱ្យប្រទេសអ៊ុយក្រែន និងការបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី»។
លោកស្រីបន្ថែមទៀតថា«ការឯកភាពរបស់ប្រទេស G-7 នៅក្នុងវិបត្តិនេះមានភាពសំខាន់ខ្លាំងណាស់។
ចំណែករដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បាននិយាយថា ក្រុមប្រទេស G7«មានការឯកភាពគ្នាជាខ្លាំងក្នុងការបន្តជួយដល់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលយូរទៅមុខទៀតដើម្បីប្រយុទ្ធទប់ទល់ការពារអធិបតេយ្យភាពរបស់ខ្លួនរហូតដល់ប្រទេសនេះទទួលបានជោគជ័យ»។
ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេស G-7 កំពុងជួបប្រជុំគ្នារយៈពេល៣ថ្ងៃ នៅក្នុងតំបន់លំហែកាយទេសចរណ៍ Wangels ក្នុងប្រទេសអាល្លឺម៉ង់ដែលបច្ចុប្បន្នកំពុងធ្វើជាប្រធានប្តូរវេននៃក្រុមប្រទេសG-7 នោះ។
សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនជាប្រធានបទដ៏សំខាន់នៃរបៀបវារៈនៅក្នុងកិច្ចប្រជុំនេះ ហើយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba និងរដ្ឋមន្ត្រីការបរទេសម៉ុលដាវីលោក Nicu Popesc ក៏ត្រូវបានអញ្ជើញចូលរួមក្នុងនាមជាភ្ញៀវផងដែរ៕