បុរសម្នាក់បានស្លាប់ និង ១១ នាក់ទៀតបានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារមួយក្នុងទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់ប៉ូលិសនៅថ្ងៃអាទិត្យនេះ។
រូបភាព និងវីដេអូផ្សាយផ្ទាល់បង្ហាញពីស្ថានភាពក្រោយការបាញ់ប្រហារនេះ ដែលត្រូវបានបង្ហោះនៅលើ Facebook បានបង្ហាញឲ្យឃើញ ជនរងគ្រោះដេកដួលលើដី ដោយមានមនុស្សនៅក្បែរ។ អគារដែលមានបង្អួចត្រូវគេបាញ់ទម្លុះ ក៏ឃើញនៅក្នុងរូបភាព និងវីដេអូនោះផងដែរ។
គេនៅមិនទាន់ដឹងអំពីមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ ហើយក៏មិនទាន់មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងហេតុការណ៍នេះឡើយ។
កាលពីពេលមុននេះ ប៉ូលិសបានសរសេរនៅលើ Twitter ថា៖ «មនុស្ស ១០ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារត្រូវគ្រាប់កាំភ្លើង។ អ្នកទាំងអស់នៅរស់ ដោយមានស្ថានភាពរបួសផ្សេងៗគ្នា»។
ទីក្រុង Minneapolis បានលេចឮនៅក្នុងដំណឹងក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដោយសារតែវាជាកន្លែងដែលលោក George Floyd ដែលជាបុរសស្បែកខ្មៅ បានស្លាប់ បន្ទាប់ពីត្រូវប៉ូលិសស្បែកសម្នាក់ប្រើជង្គង់សង្កត់កអស់ជាង ៨ នាទី។
ក្រោយពីការស្លាប់របស់លោក Floyd បាតុកម្មបានផ្ទុះឡើងនៅក្នុងទីក្រុងនេះ ដោយជំរុញឲ្យមានការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅទូទាំងពិភពលោក៕