ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro កាលពីថ្ងៃព្រហស្បតិ៍បានបណ្តេញរដ្ឋមន្ត្រីសុខាភិបាលលោក Luiz Henrique Mandetta ពីតំណែងចំពោះរឿងខ្វែងគំនិតគ្នាអំពីរបៀបឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ១៩។
លោកប្រធានាធិបតី Bolsonaro បានអះអាងថា ការបិទសកម្មភាពក្នុងប្រទេសនិងរឹតត្បឹតអាជីកម្មនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ។
ការបណ្តេញលោក Mandetta ចេញពីតំណែងកើតមានឡើងក្រោយពីអភិបាលរដ្ឋ São Paulo គឺលោក João Doria បានបង្កើនសន្តិសុខសម្រាប់ភរិយានិងកូនរបស់លោក ក្រោយពីបានទទួលការគំរាមកំហែង ដែលលោកថាទាក់ទងនឹងការរិះគន់របស់លោកចំពោះរបៀបដែលប្រធាធិបតីប្រេស៊ីលបានចាត់ការក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។
លោក Nelson Teich ដែលជាអ្នកជំនាញខាងជំងឺមហារីកនាំមុខគេរបស់ប្រេស៊ីល ដែលនៅមានទំនាក់ទំនងការងារបានជាមួយលោក Bolsonaro នឹងជំនួសលោក Mandetta ដែលមានទំនាស់ខ្លាំងជាមួយប្រធានាធិបតីក្នុងរឿងដូចជាវិធានការឲ្យដាក់នៅដាច់ដោយឡែកពីសង្គម។
ក៏ប៉ុន្តែរដ្ឋមន្ត្រីថ្មី Teich ក៏យល់ស្របជាមួយនឹងរដ្ឋមន្ត្រីមុន ដែរថា ការរក្សាគម្លាតពីគ្នាក្នុងសង្គមជាមួយមធ្យោបាយសម្រាប់ទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែលោក Bolsonaro តែងនិយាយថាការធ្វើដូច្នេះប៉ះពាល់សេដ្ឋកិច្ច។
អ្នកជំនាញសុខាភិបាលនៅប្រេស៊ីលនិងក្រៅប្រទេសបានរិះគន់លោក Bolsonaro ថាមិនយកចិត្តទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដែលមកត្រឹមថ្ងៃព្រសហ្បតិ៍បានឆ្លងដល់ជាង ៣០.០០០ករណី និងមានអ្នកស្លាប់ជិត ២.០០០នាក់ហើយនៅប្រេស៊ីល៕