ប៉ុន្មានម៉ោងក្រោយមានព័ត៌មានល្អកាលពីថ្ងៃចន្ទ ជុំវិញការរកឃើញវ៉ាក់សាំងសាកល្បងជំងឺកូវីដ១៩ ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពនោះ ប្រទេសប្រេស៊ីលបានប្រកាសបញ្ឈប់ការសាកល្បងដំណាក់កាលចុងក្រោយនៃវ៉ាក់សាំងជំងឺកូវីដ១៩ ដែលមានសក្តានុពលមួយ។
ទីភ្នាក់ងារត្រួតពិនិត្យសុខាភិបាលរបស់រដ្ឋាភិបាលប្រេស៊ីល បានប្រកាសកាលពីថ្ងៃចន្ទ ថាខ្លួនបានផ្អាកការធ្វើតេស្តវ៉ាក់សាំងសាកល្បងដែលមាន ឈ្មោះថា CoronaVac ដែលត្រូវស្រាវជ្រាវផលិតដោយក្រុមហ៊ុនឱសថចិន Sinovac បន្ទាប់ពីមាន«ហេតុការណ៍ធ្ងន់ធ្ងរមួយ» បានកើតមានឡើងទៅលើអ្នកស្ម័គ្រចិត្តទទួលវ៉ាក់សាំងម្នាក់ កាលពីថ្ងៃទី២៩ ខែតុលា។
ការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩នេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Butantan ដែលមានមូលដ្ឋានក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។ លោក Dimas Covas នាយកវិទ្យាស្ថានស្រាវជ្រាវ Butantan ដែលគ្រប់គ្រងដោយរដ្ឋនោះ បានថ្លែងបា្រប់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយថា អ្នកស្ម័គ្រចិត្តរូបនោះបានស្លាប់ ប៉ុន្តែការស្លាប់របស់គាត់ មិនមែនបណ្តាលមកពីវ៉ាក់សាំងនោះទេ។
វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទី៣ហើយ ដែលត្រូវបានផ្អាក បន្ទាប់ពីអ្នកស្ម័គ្រចិត្តម្នាក់បានធ្លាក់ខ្លួនឈឺបន្ទាប់ពីទទួលវ៉ាក់សាំងនោះ។ កន្លងមកក្រុមហ៊ុនឱសថអាមេរិកដ៏ធំមួយគឺ Johnson & Johnson ក៏បានផ្អាកដំណើរការសាកល្បងវ៉ាក់សាំងរបស់ខ្លួនក្នុងដំណាក់កាលចុងក្រោយដែរ កាលពីខែមុន ខណៈពេលដែលក្រុមហ៊ុនផលិតឱសថមួយទៀតរបស់អាមេរិកគឺ AstraZeneca បានផ្អាកដំណើរការសាកល្បងវ៉ាក់សាំង ដែលខ្លួនបានសហការផលិតជាមួយសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេសកាលពីខែកញ្ញា បន្ទាប់ពីអ្នកស្ម័គ្រចិត្តជនជាតិអង់គ្លេសម្នាក់ ចេញរោគសញ្ញារលាកឆ្អឹងខ្នងមក។
នៅមុនព័ត៌មានពីប្រេស៊ីលនោះ មានព័ត៌មានល្អមួយកាលពីថ្ងៃច័ន្ទពីភ្នាក់ងារស្បៀងអាហារនិងឱសថសហរដ្ឋអាមេរិកហៅកាត់ថា FDA ដែលបានអនុញ្ញាតចំពោះការប្រើប្រាស់ក្នុងគ្រាសង្គ្រោះបន្ទាន់នូវថ្នាំមានអង់ទីគ័រដំបូងដែលមានឈ្មោះថា bamlanivimab ចំពោះអ្នកជំងឺកូវីដ១៩ ដែលឈឺកម្រិតខ្សោយ និងមធ្យម។
នៅទូទាំងពិភពលោកនៅពេលនេះមានការផ្ទុះរាតត្បាតជាថ្មីនៃជំងឺកូវីដ១៩ ជាពិសេសនៅទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិកដែលចូលដល់រដូវត្រជាក់ ហើយគិតត្រឹមថ្ងៃអង្គារ ជំងឺកូវីដ១៩ បានឆ្លងដល់មនុស្សជាង៥០លាននាក់ សម្លាប់មនុស្សជាង១,២លាននាក់ និងមានអ្នកជាសះស្បើយប្រមាណ៣៣លាននាក់៕