រដ្ឋមន្រ្តីសុខាភិបាលប្រស៊ីល បានបញ្ជាក់ពីចំនួនមនុស្សស្លាប់ដោយជំងឺកូវីដ១៩ ថាមាន៤០៧នាក់កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការកើនឡើងដ៏ខ្លាំងបំផុតក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីមេរោគនោះ បានផ្ទុះឡើងនៅក្នុងប្រទេសនៅតំបន់អាមេរិកខាងត្បូងនេះ។
ភាគច្រើននៃការស្លាប់នេះមាននៅក្នុងទីក្រុង Sao Paulo ដែលជាទីកន្លែងផ្ទុះឡើងនៃការរាលដាលជាសាកលនៃមេរោគកូរ៉ូណានៅក្នុងប្រទេស ដែលអភិបាលក្រុងលោក Bruno Cavas បានព្រមានថា ការរាលដាលដ៏ខ្លាំងបំផុតនោះ មិនទាន់មកដល់ទេ។
ការខូចបង់ដោយសារមេរោគកូរ៉ូណានៅក្នុងប្រទេសប្រស៊ីល កើតមានឡើងនៅពេលដែលប្រធានាធិបតី Jair Bolsonaro បានចាប់ផ្តើមគាំទ្រដកចេញវិធានការឲ្យនៅឃ្លាតឆ្ងាយពីគ្នាដែលភិបាលរដ្ឋនិងអភិបាលក្រុងជាច្រើនគាំទ្រឲ្យដាក់ដើម្បីរាំងខ្ទប់ការរាលដាលនៃមេរោគកូរ៉ូណា។
លោក Nelson Teich រដ្ឋមន្រ្តីសុខាភិបាលថ្មីរបស់ប្រស៊ីល បានបង្ហាញនូវការគាំទ្រលោកប្រធានាធិបតី Jair Bolsonaro ដែលបានបណ្តេញរដ្ឋមន្រ្តីសុខាភិបាលមុនមួយដោយសារការគាំទ្ររបស់លោកដល់វិធានការឲ្យស្ថិតនៅក្នុងផ្ទះរបស់អភិបាលរដ្ឋដែលលោកប្រធានាធិបតី Bolsonaro និយាយថា ធ្វើបែបនេះកំពុងធ្វើឲ្យគ្រោះថ្នាក់ដល់សេដ្ឋកិច្ច។
លោករដ្ឋមន្រ្តីសុខាភិបាល Teich និយាយថា នៅសប្តាហ៍ក្រោយលោក នឹងបញ្ចេញរបៀបថ្មីរបស់រដ្ឋបាលលោកក្នុងការដោះស្រាយការផ្ទុះឡើងនូវមេរោគកូរ៉ូណានេះ។
ប្រទេសប្រស៊ីល បានរាយការណ៍ថា មានការឆ្លងជាង៤ម៉ឺន៣ពាន់ករណីនិងមនុស្សស្លាប់៣,៣០០រយនាក់។
រហូតមកទល់ពេលនេះ មនុស្សជិត៥ម៉ឺននាក់ បានធ្វើតេស្តមានមេរោគកូរ៉ូណានៅក្នុងប្រទេសប្រស៊ីល៕