បុគ្គលិកបម្រើការខាងផ្នែកសុខាភិបាលនៅក្នុងប្រទេសប្រេស៊ីលបានទទូចឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ធ្វើការស៊ើបអង្កេតរដ្ឋាភិបាលលោកប្រធានាធិបតី Jair Bolsonaro អំពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ចំពោះរបៀបដែលរដ្ឋាភិបាលលោកបានចាត់ចែងក្នុងវិបត្តិជំងឺកូវីដ១៩។
ពាក្យបណ្តឹងមួយដែលមានភ្ជាប់នឹងឯកសារភស្តុតាងផងពីសហជីពនានាដែលសរុបតំណាងឲ្យអ្នកបម្រើការក្នុងវិស័យសុខាភិបាលប្រេស៊ីលចំនួនជាង១លាននាក់ត្រូវបានដាក់ទៅកាន់តុលាការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់មួយនេះ។
ក្រុមសហជីពបានចោទរដ្ឋាភិបាលលោក Bolsonaro ថា៖ «ការធ្វេសប្រហែសដែលនាំឲ្យមានទោសព្រហ្មទណ្ឌ នៅក្នុងរបៀបដែលខ្លួនបានចាត់ចែងការផ្ទុះរាតត្បាតជំងឺកូវីដ១៩ ដោយបានបង្កគ្រោះថ្នាក់ដល់បុគ្គលិកសុខាភិបាលនិងសាធារណជន»។
កន្លងមក ប្រធានាធិបតីប្រេស៊ីលលោក Bolsonaro បានខ្វែងគំនិតខ្លាំងជាមួយអភិបាលរដ្ឋនានា ដោយលោកបានប្រឆាំងនឹងវិធានការបិទសកម្មភាពសង្គមនិងសេដ្ឋកិច្ចដើម្បីទប់ស្កាត់ការឆ្លង ដោយលោកថាការរឹតត្បិតនេះធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច។
លោក Bolsonaro ផ្ទាល់បានធ្វើតេស្តឃើញវិជ្ជមានថាមានកូវីដ១៩កាលពីជិត៣សប្តាហ៍មុន ហើយមកទល់នឹងពេលនេះ ប្រទេសប្រេស៊ីលជាកន្លែងរាតត្បាតកូវីដ១៩ខ្លាំងជាងគេនៅអាមេរិកឡាទីន ដោយមានអ្នកឆ្លងជាង២,៤លាននាក់ និងអ្នកស្លាប់ជាង៨៧.០០០នាក់៕