បទសម្ភាសន៍ VOA៖ លោក​ប្រែដ​ អាដាម៖ កម្ពុជា​វិល​ទៅ​ការគ្រប់គ្រង​មុន​កិច្ច​ព្រមព្រៀង​ប៉ារីស

លោក​ ប្រេដ អាដាម (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យល់​ថា​នេះ​គឺជា ​ល្បែង​ដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​រៀបចំ​ឡើង​ ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ភ័យ​ខ្លាច​ចាញ់​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

កំណត់​និពន្ធ៖ គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈម​នឹង​ការ​រំលាយ​ចោល​ដោយ​សារបណ្តឹង​ទៅ​តុលាការ​កំពូល ​ដែល​ប្តឹង​ដោយ​រដ្ឋាភិបាល​កម្ពុជា​ និង​គណបក្ស​នយោបាយ​ចំនួន​ពីរ​ក្នុង​នោះ​មានគណបក្ស​រាជានិយម​ ហ៊្វុនស៊ីនប៉ិច​ របស់​ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យល់​ថា​នេះ​គឺជា ​ល្បែង​ដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​រៀបចំ​ឡើង​ ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ភ័យ​ខ្លាច​ចាញ់​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។ លោក​ប្រែដ អាដាម (Brad Adams) ​នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ផ្តល់​បទសម្ភាសន៍​ដល់​លោក​ម៉ែន គឹមសេង​នៃ​ VOA ។ ​

Your browser doesn’t support HTML5

លោក​ប្រែដ​ អាដាម៖ កម្ពុជា​វិល​ទៅ​ការគ្រប់គ្រង​មុន​កិច្ច​ព្រមព្រៀង​ប៉ារីស

VOA៖ សូម​ជម្រាប​សួរ​លោក​ប្រែដ អាដាម!

ប្រែដ អាដាម៖ សូម​ជម្រាប​សួរ!

VOA៖ ក្នុងពេល​ថ្មីៗ​នេះ​អង្គការ​ NDI ​ត្រូវ​បាន​បណ្តេញ​ឱ្យ​ចេញ​ពី​ប្រទេស​កម្ពុជា​ ស្ថានីយ​វិទ្យុ​មួយ​ចំនួន​បាន​បិទ​ ហើយ​ប្រធាន​គណបក្ស​ប្រឆាំង​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ជាង​មួយ​ខែ​ហើយ​មក​ដល់​ពេលនេះ។ តើ​ប្រទេស​កម្ពុជា​បាន​វិល​ត្រឡប់​ទៅ​ពេល​មុន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កាលពី​ឆ្នាំ​១៩៩១​ ឬ​យ៉ាងណាដែរ?

ប្រែដ អាដាម៖ ខ្ញុំ​គិត​ថា​ ប្រទេស​កម្ពុជា​បាន​វិល​ត្រឡប់​ទៅ​សម័យ​មុន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ អ្វី​ដែល​យើង​មើល​ឃើញ​នៅ​ពេល​នេះ​គឺ​ជា ​របៀប​ដឹកនាំ​ឯក​បក្ស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ទសវត្សរ៍​១៩៨០។ ហើយ​ពី​មួយថ្ងៃ​ទៅមួយ​ថ្ងៃ ​ពួកគេ​ព្យាយាម​ទាញ​ទម្លាក់​រចនា​សម្ព័ន្ធ ​ដែល​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​កសាង​ឡើង​ចាប់​តាំង​ពី​ការបោះឆ្នោត​រៀបចំ​ដោយ​អង្គការ​សហប្រជា​ជាតិ។ លោក​ហ៊ុន សែន​មិន​លាក់លៀម​ពី​ចេតនា​របស់​គាត់​ទេ​គឺ​ គាត់​ប្រាប់​ពលរដ្ឋ​នូវ​អ្វី​ដែល​គាត់​កំពុង​ធ្វើ។ ដូច្នេះ​នៅ​ពេល​នេះ​គឺ​ មិន​ចាំបាច់​ពិភាក្សា​ថា​ ប្រទេស​កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ទិស​ណា​ទេ។ មិន​ចាំបាច់​ពិភាក្សា​ថា​តើ​ប្រទេស​កម្ពុជា​កាន់​លទ្ធិប្រជាធិបតេយ្យ​ទៀត​ទេ ​ព្រោះ​វា​អត់​មាន​ទេ។ មិន​ចាំបាច់​ពិភាក្សា​ថា​តើ​ សភាជាតិ​ចាំ​តែ​ប្រថាប់​ត្រា​ឱ្យ​គណបក្សប្រជាជន​ទៀត​ទេ​ ព្រោះ​រដ្ឋសភា​នេះ​ចាំតែ​ធ្វើ​អីចឹង​ហើយ។ មិន​ចាំបាច់​មាន​ការពិភាក្សា​ពី​ការ​ប្រើប្រាស់​ច្បាប់ ​ដើម្បី​វាយ​ប្រហារ​លើ​បក្ស​ប្រឆាំង​ទៀត​ទេ ​ព្រោះ​គេ​កំពុង​តែ​ប្រើ​ប្រាស់​វិធី​នេះ​ហើយ។ ដូច្នេះ​យើង​កំពុងតែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល មុន​ពេល​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ សំណួរ​នៅសល់​តែមួយ​គឺ​ថា ​តើ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​អ្នក​មិន​គាំទ្រ​ព្រមទាំង​សហគមន៍​អន្តរជាតិ​ព្យាយាម​ទាញ​ស្ថានការណ៍​ឱ្យ​វិលត្រឡប់​វិញ​ដោយ​វិធី​ណា?

VOA៖ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​និយាយ​ថា ​បើ​គណបក្ស​មួយ​ត្រូវ​គេ​រំលាយ​ បើ​ទោះ​បី​ជា​លោក​មិន​សំដៅ​លើ​គណបក្ស​ណា​ក៏​គេ​ដឹង​ថាគឺ ​គណបក្ស​សង្គ្រោះជាតិ នៅពេលនោះ​គឺ ​នឹង​មាន​គណបក្ស​ចំនួន ​៥​ចូលក្នុង​សភាជាតិ។ ហើយ​មាន​សេចក្តី​រាយការណ៍​ថា​ រដ្ឋសភា​ក៏​ព្យាយាម​កោះ​ប្រជុំ​ដើម្បី​ពិនិត្យ​កែប្រែ​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ដើម្បី​យក​អាសនៈ​ពី​គណបក្ស​ដែលគេ​រំលាយ​នោះ​ចែក​ឱ្យ​គណបក្ស​ដទៃ​ទៀត។ បើ​សិន​ជា​មិន​មាន​ច្បាប់​តើ​លោក​ហ៊ុន សែន​ចាំបាច់​ឱ្យ​មាន​ការ​កែប្រែ​ច្បាប់​នេះ​ធ្វើ​អ្វី?

ប្រែដ អាដាម៖ ខ្ញុំ​មិន​ដឹង​ថា ​ហេតុអ្វី​លោក​ហ៊ុន សែន​ត្រូវ​ការ​ច្បាប់​ទេ ​ហើយ​ខ្ញុំ​គិត​ថា ​ហេតុអ្វី​ចាំបាច់​មាន​សភាជាតិ​ធ្វើ​អ្វី​ទេ​ ពីព្រោះ​ការពិត​គឺ ​ហ៊ុន សែន​ជា​អ្នក​ធ្វើការ​សម្រេច​ចិត្ត​ទាំងអស់។ រដ្ឋសភា​គឺ​ធ្វើ​តាមតែ​អ្វី ដែល​គាត់​និយាយ។ ទោះបី​សភាជាតិ​បោះឆ្នោត ​ឬ​មិនបោះឆ្នោត​ក៏​គ្មានបញ្ហា​អ្វីដែរ​ដោយ​សារ​តែ​នៅ​ពេល​ណា​ដែល​មានច្បាប់​ក៏​គេ​មិន​គោរព​ដែរ។ ឧទាហរណ៍៖ ច្បាប់​បាន​ចែង​ថា​ត្រូវ​មាន​សំឡេង​គាំទ្រ ​២ភាគ៣​ ដើម្បី​លើកលែង​អភ័យឯកសិទ្ធិ​អ្នក​តំណាង​រាស្រ្ត។ គេ​មិន​អនុវត្ត​តាម​ចំណុច​នេះ​ទេ។ អីចឹង​ចាំបាច់​មាន​ច្បាប់​ធ្វើអ្វី​បើ​រដ្ឋាភិបាល​មិន​គោរព​តាម​ផង។ ដូច្នេះ​លោក​ហ៊ុន​សែន​អាច​អនុម័ត​ច្បាប់​អ្វី​ក៏បាន​ដែរ​តាម​ តែ​គាត់​ចង់​ប៉ុន្តែ​វា​មិនមែន​ធ្វើ​ឱ្យ​ច្បាប់​នោះ​មាន​គតិយុទ្ធ​ទេ ​ហើយ​មិន​ធ្វើ​ឱ្យ​ទង្វើ​របស់​គាត់​ស្របច្បាប់​ទេ។ នេះ​គ្រាន់តែ​ជា​ល្បែង​មួយ​ប៉ុណ្ណោះ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​ទទួល​យក​ល្បែង ​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ជ្រើសរើស​មនុស្ស​ថ្មី​ប្រាំ​នាក់​ឱ្យ​មក​កាន់​គណបក្ស ​និង​ប្រគល់​អាសនៈ​ឱ្យ​ទេ។ មែនទែន​ទៅ​គ្មាន​អ្នកណា​ទទួលស្គាល់​រដ្ឋសភា​ហ្នឹង​ថា​ស្របច្បាប់​ទេ​ពីព្រោះ​គាត់​យក​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ​រាប់​លាន​នាក់​ក្នុង​ឆ្នាំ​២០១៣ ​ហើយ​ចាក់​ចោល​ក្នុង​បង្គន់។ សំឡេង​ឆ្នោត​នោះ​មិន​មាន​តម្លៃទៀត​ទេ​ពីព្រោះ​មនុស្ស​ម្នាក់​គឺ​លោក​ហ៊ុន ​សែន​មាន​អំណាច​ជាង​អ្នកបោះឆ្នោត​ទាំងនោះ។ នេះ​ជា​ទង្វើ​មិន​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ​ទេ​សូម្បី​តែ​តាម​ច្បាប់​របស់​កម្ពុជា​ឬ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ក៏ដោយ។ ដំណើរការ​ទាំងមូល​នេះ​គឺ​ដូច​ជា ​រឿង​កំប្លែង​មួយ។ ខ្ញុំ​គិតថា ​គេ​មិន​គួរ​មក​ចាប់អារម្មណ៍​នឹង​សភា​ជាតិ​មួយ​ដែល​ក្លាយ​ជា​អ្នកចូលដៃ​ចូល​ជើង​ក្នុង​ការប្រព្រឹត្តិ​ដូចនេះ​ទេ។

VOA៖ សហគមន៍​អន្តរជាតិ​បាន​សម្តែង​ប្រតិកម្ម​ខ្លាំងៗ​ជាងមុន​នៅពេលនេះ។ ឧទាហរណ៍កាលពីថ្ងៃ​ច័ន្ទ​ សហគមន៍​អឺរ៉ុប​បាន​ចេញ​ប្រតិកម្ម​មួយ​ ដែល​សុំ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​ក្នុង​ការ​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ តើ​ប្រតិកម្ម​ប៉ុណ្ណេះ​គ្រប់​គ្រាន់​ទេ? បើ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​តើ​គួរ​មាន​វិធានការ​ជាក់​លាក់​ណា​ទៀត​ទេ?

ប្រែដ អាដាម៖ អត់​ទេ​ប្រតិកម្ម​ដូច​នេះ​តិច​ពេក ​និង​យឺត​ពេល​ហើយ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ជា​យូរ​មក​ហើយ​ថា​ រឿង​ដូចនេះ​នឹង​កើត​មាន​ឡើង ហើយ​ពួកគេ​ត្រូវ​ទប់ស្កាត់។ ពួកគេ​ត្រូវ​ហ៊ាន​និយាយ​ឡើង។ ពួកគេ​ត្រូវ​ពន្យល់​ថា ​តើ​ផលវិបាក​មាន​អ្វី​ខ្លះ។ ពួកគេ​ត្រូវ​ត្រៀម​អនុវត្ត​តាម​ការ​ព្រមាន​នោះ​ បើ​សិន​ជា​រដ្ឋាភិបាល​ហ៊ាន​ធ្វើ​ដូចអ្វី​ដែល​យើង​ឃើញ​នៅ​ពេល​នេះ។ ប៉ុន្តែ​សហគមន៍​អន្តរជាតិ​មិន​បាន​ធ្វើ​តាម​ទេ។ ពួកគេ​ចង់​រក្សា​មិត្តភាព ​និង​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​លោក​ហ៊ុន សែន។ ឥឡូវ​នេះ​យឺត​ពេល​ហើយ។ ហួសពេល​ដែល​គ្រាន់តែ​ប្រើប្រាស់​ពាក្យ​ពេចន៍​អំពាវនាវ​ឱ្យ​លោក​ហ៊ុន​សែន​ទាញ​ស្ថានការណ៍​មក​ដូច​ដើម​វិញ ​ពីព្រោះ​លោក​ហ៊ុន សែន​គ្មាន​ផែនការ​ទាញ​ស្ថានការណ៍​មក​ដូចដើម​វិញ​ទេ។ មធ្យោបាយ​តែ​មួយ​គត់​ដែល​លោក​ហ៊ុន សែន​នឹង​ទាញ​ស្ថានការណ៍​ឱ្យ​បាន​មក​ដូច​ដើម​វិញ​គឺ​ទាល់​តែ​មាន​ការ​ដាក់​សម្ពាធ​ធំដុំ​។ ការណ៍​នេះ​មានន័យ​ថា​ បញ្ចប់​គ្រប់​ទំនាក់​ទំនង​យោធា​ជាមួយ​នឹង​ប្រទេស​កម្ពុជា ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​និង​ពន្ធ​លើ​ប្រទេស​កម្ពុជា ​ដាក់​ទណ្ឌកម្ម​លើ​លោក​ហ៊ុន សែន និង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​មេបញ្ជាការ​ប៉ូលិស ទាហាន​ និង​កងរាជ​អាវុធ​ហត្ថ ផ្អឹប​ទុក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ​និង​ជន​ទាំងឡាយ​ណា​ដែល​អនុវត្ត​តាម​បញ្ជា​របស់​លោក​ហ៊ុន សែន ដាក់​បម្រាម​លើ​ការ​ដើរ​ហើរ​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល។ ល្គឹកណា​គ្មាន​ចំណាត់​ការ​ដូចនេះ​ទេ​គឺ​លោក​ហ៊ុន សែន​នឹង​មិន​ធ្វើ​អ្វី​ទាំងអស់។ លោក​ហ៊ុន សែន​បាន​សាកល្បង​ប្រតិកម្ម​របស់​សហរដ្ឋ​អាមេរិក ​និង​សហគមន៍​អឺរ៉ុប​ និង​ម្ចាស់​ជំនួយ​ដទៃ​ទៀត ​ហើយ​ពួកគេ​មិន​ធ្វើ​ប្រតិកម្ម​តប​ទាំងអស់។ ឥឡូវនេះ​គាត់​សម្រេច​ចិត្ត​ថា​គាត់​អាច​រួច​ខ្លួន​បាន​ទៀតហើយ។

VOA៖ តើ​លោក​គិត​ថា ​សហគមន៍​អន្តរជាតិ​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​ធ្វើ​តាម​អ្វី​ដែល​ លោក​បាន​ស្នើ​ឡើង​ទេ។ បើ​អីចឹង​មែន​តើ​នឹង​មាន​ផលប៉ះពាល់​អ្វីខ្លះ?

ប្រែដ អាដាម៖ ខ្ញុំ​គិតថា​ ពួកគេ​មានសេចក្តី​ក្លាហាន​ ប៉ុន្តែ​ហ៊ានធ្វើ​តែ​ពេលណា​ហួស​ពេល​ទៅហើយ។ ខ្ញុំ​គិត​ថា​ រឿង​ទាំងអស់​នេះ​នឹង​កើត​មាន​ឡើង​ ប៉ុន្តែ​វា​នឹង​កើត​មានឡើង​ក្រោយពី​លោកហ៊ុន​សែន​បាន​បំផ្លាញ​អស់​ទៅ​ហើយ។ ពេល​នោះ​នឹង​បាន​ផល​តិច​ណាស់។ គេ​គួរ​តែ​ធ្វើ​មុន​ស្ថានការណ៍​កើត​ឡើង។ ពួកគេ​គួរ​តែ​និយាយ​ឱ្យ​ច្បាស់​ថា​តើ ​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ម៉េច​កើតឡើង​ពី​ទង្វើ​របស់​គាត់​ ប៉ុន្តែ​ពួកគេ​មិន​បាន​និយាយ​ឱ្យ​ច្បាស់​លាស់​ទេ។ លោក​ហ៊ុន សែន​តែងតែ​បញ្ជាក់​ចេតនា​យ៉ាង​ច្បាស់​ថា​ គាត់​ចង់​វិល​ត្រឡប់​ទៅ​រក​ការ​គ្រប់​គ្រង​ដោយ​គណបក្ស​តែមួយ។ គាត់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​រយៈពេល​២៥ឆ្នាំមកនេះ។ គាត់​មិន​ទទួល​យក​ភាព​ស្រប​ច្បាប់​នៃ​ការបោះឆ្នោត​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ។ គាត់​មិន​ទទួល​យក​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​ប្រឆាំង។ គាត់​មិន​ទទួល​យក​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ និង​វិទ្យុ​អាស៊ី​សេរី​ កាសែត ​Cambodia Daily ​ឱ្យ​ដំណើរការ​ជា​សារព័ត៌មាន​សេរី​ទេ។ គាត់​មិន​ទទួល​យក​សម រង្ស៊ី​ និង​កឹម​សុខា​ និង​មតិ​ប្រជាពលរដ្ឋ​សាមញ្ញ​នៅ​តាម​បណ្តា​ខេត្ត ​ដែល​និយាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ គាត់​បាន​រង់ចាំ​ឱកាស​នេះ​ដែល​សហគមន៍​អន្តរជាតិ​ទន់ជ្រាយ ​និង​ទន់ខ្សោយ​ ហើយ​កំពុង​ជាប់​រវល់​នឹង​ស្ថានការណ៍​ផ្សេងៗ​ទៀត។ ឥឡូវ​នេះ​យើង​ឃើញ​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​មួយ​ដែល​លោក​ហ៊ុន សែន​ឆ្លៀតប្រើ​ ដោយ​ទាញ​ផល​ចំណេញ​ពី​ភាព​កម្សោយ​ទាំងអស់ ​ដែល​ខ្ញុំ​ទើប​តែ​បាន​បង្ហាញ​ ហើយ​ជា​មូលដ្ឋាន​គឺ បាន​វិល​ត្រឡប់​ទៅ​រក​ការ​គ្រប់​គ្រង​ដែល​មាន​គណបក្ស​តែមួយ។

VOA៖ មាន​ចំណុច​ដ៏សំខាន់​មួយ​គឺ​ ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។ តើ​សហគមន៍​អន្តរជាតិ​គួរ​តែ​ដាក់​ឱសានវាទ​ត្រឹម​ពេល​ណា​ថា ​បើ​សិន​ជា​បញ្ហា​មួយ​ចំនួន​មិន​វិលត្រឡប់​ទៅ​រក​ស្ថានភាព​ដើម​វិញ​ទេ ​ហើយ​កម្ពុជា​មិន​បាន​បំពេញ​កិច្ច​ការ​មួយ​ចំនួន​គឺ​ ការបោះឆ្នោត​នេះ​មិន​អាច​ទទួល​យក​បាន​ទេ?

ប្រែដ អាដាម៖ ប្រសិនបើ​ពួកគេ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ ហើយ​មិន​បាន​ទាញ​ស្ថានការណ៍​មក​រក​ស្ថានភាព​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ត្រៀមខ្លួន​ចូលរួម​ការបោះឆ្នោត​បាន​ទេ​គឺ ​គេ​មិន​អាច​ចាត់​ទុក​ការបោះឆ្នោត​នោះ ស្របច្បាប់​បាន​ទេ។ រដ្ឋសភា​ថ្មី ​និង​រដ្ឋាភិបាល​ថ្មី​កើត​ចេញ​ពី​ការ​បោះឆ្នោត​នេះ​គឺ​ មិន​ស្រប​ច្បាប់​ទេ។ ដូច​ហេតុ​នេះ​ហើយ​ បាន​ជាខ្ញុំ​និយាយ​ថា​ សហគមន៍​អន្តរជាតិ​នឹង​ធ្វើ​សកម្មភាព​ក្រោយ​ពី​រឿង​ទាំងអស់​នេះ​បាន​កើត​ឡើង​ចប់​សព្វគ្រប់​ទៅ​ហើយ។ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​នៅ​បន្ត​ធ្វើ​អីចឹង​ទៀត​គឺ​ជំនួយ​អន្តរជាតិ​មក​កម្ពុជា​នឹង​លែង​មាន​ទៀតហើយ។ មាន​ច្បាប់​នៅ​ក្នុង​ប្រទេស​ជាច្រើន ​ដែល​ហាមឃាត់​មិន​ឱ្យ​ផ្តល់​ជំនួយ​មក​ប្រទេស​កម្ពុជា។ សហគមន៍​អន្តរជាតិ​នឹង​មាន​ចំណាត់​ការ​ប៉ុន្តែ​តែងតែ​កើត​ឡើង​ ក្រោយ​ពី​ស្ថានការណ៍​បាន​ហួស​ពេល​ទៅ​ហើយ។ អីចឹង​ហើយ​បាន​ជា ខ្ញុំ​ខឹង​និង​ខកចិត្ត​នឹង​សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប​ ជប៉ុន​ ធនាគារ​ពិភពលោក​ អង្គការ​សហប្រជាជាតិ​និង​ស្ថាប័ន​ដទៃ​ទៀត​ដែល​មានលទ្ធភាព​និយាយ​យ៉ាង​ច្បាស់​ និង​ទប់​ស្កាត់​ស្ថានភាព​នេះ​មិន​ឱ្យ​កើត​ឡើង​បាន។

VOA៖ តើ គេ​ត្រូវ​តែ​បញ្ចេញ​ប្រតិកម្ម​ដូចនេះ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃទៀត​ ឬប៉ុន្មានសប្តាហ៍​ទៀត​មែន​ទេ? ពីព្រោះ​តុលាការ​កំពូល​ទុក​ពេល​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រហូតដល់​ចុងខែ​នេះ ​ដើម្បី​រៀបចំ ឯកសារ​ការពារ​ខ្លួន​ទល់​នឹង​បណ្តឹង​រំលាយ​គណបក្ស។ តើ​លោក​យល់​យ៉ាង​ណាដែរ​ពីបណ្តឹងនេះ?

ប្រែដ អាដាម៖ ពាក្យបណ្តឹ​នេះ​គឺ​ គួរ​ឱ្យ​អស់​សំណើចណាស់។ ច្បាប់​ដែល​បាន​អនុម័ត​រួចហើយ​ដែល​កំហិត​សកម្មភាព​របស់​គណបក្ស​សង្គ្រោះជាតិ​គឺ ​រំលោភ​លើ​ស្តង់ដារ​សិទ្ធិ​មនុស្ស​សាកល​ដូច​ជា​ ការ​ហាម​ឃាត់​មិន​ឱ្យ​ប្រើ​ឈ្មោះ​លោក​សម រង្ស៊ី​ រូបថត​ និង​អាវយឺត។ ការ​ចាប់​លោក​កឹម សុខា​ដាក់​ពន្ធនាគារ​គឺជា​ រឿង​ចំអកឡកឡឺយ​មួយ​ ដោយ​គ្មាន​ហេតុផល​អ្វី​ទាំងអស់។ តុលាការ​កំពូល​នឹង​ធ្វើ​តាម​តែ​អ្វី​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​ពួកគេ​ឱ្យ​ធ្វើ។ យើង​មិន​អាច​ចាត់​ទុក​តុលាការ​កំពូល​ថា​ជា​តុលាការ​ទេ។ វា​មិនមែន​ជា តុលាការ​ទេ​ វា​ជា​អង្គការ​នយោបាយ​មួយ។ នេះ​ជា​ល្បែង​ដែល​ពួកគេ​លេង​ដែល​ធ្វើ​ដូច​ជា​ ទុក​ពេល​ឱ្យ​ត្រៀម​ការពារ​ខ្លួន​ ប៉ុន្តែ​ដល់ពេល​គឺ​ គេ​សម្រេច​តាម​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ឱ្យ​គេ​ធ្វើ។ គេ​គ្រប់​គ្នា​ដឹង​រឿង​ហ្នឹង​អស់​ហើយ​ថា​ តុលាការ​នេះ​គ្មាន​ឯករាជ្យ​ភាព​ទេ។ គ្មានវិធីណា​នឹង​ផ្លាស់​ប្តូរ​ទិស​ទេ​ទាល់​តែ​ លោក​ហ៊ុន សែន​ប្តូរ​ចិត្ត​របស់​គាត់​ហើយ​លោក​ហ៊ុន សែន​នឹង​មិន​ផ្លាស់​ប្តូរ​ចិត្ត​របស់​គាត់​ទាល់​តែ​គាត់​ភ័យ​ថា​ តម្លៃ​ដែល​គាត់​ត្រូវ​ចំណាយ​ក្នុង​ការធ្វើ​ដូចនេះ​គឺ​ ខ្ពស់​ជាង​ផលប្រយោជន៍ ​ដែល​គាត់​នឹង​ទទួល​បាន​មក​វិញ។ ផលប្រយោជន៍​របស់​គាត់​គឺ​ច្បាស់​ណាស់​ថា​ គាត់​ត្រូវតែ​នៅ​រក្សា​អំណាច​ឱ្យ​បាន​ក្នុង​ពេល​ ដែល​គាត់​នឹង​ត្រូវ​ចាញ់​ឆ្នោត​ឆ្នាំ​ក្រោយ​ ប្រសិន​បើ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ​និង​ត្រឹមត្រូវ។

VOA៖ អីចឹង​នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពីព្រោះ​នៅ​ដំណាច់​ខែ​នេះ ​តុលាការ​ប្រហែល​ជា​នឹង​រៀបចំ​បើក​សវនាការ​ហើយ ​ប្រសិន​បើ​សម្រេច​ថា​ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មែន​គឺ​ បាន​ន័យ​ថា​ដល់​ពេល​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​និយាយ​ថា​ យើង​នឹង​មិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត​ឆ្នាំ​២០១៨​ទេ។ មែន​ទេ?

ប្រែដ អាដាម៖ ជា​ការ​ពិតហើយ។ ពួកគេ​ត្រូវ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ ពួកគេ​នឹង​មិន​ចូលរួម​ គាំទ្រ​ ឬ​ទទួលស្គាល់​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៨ទេ។ វា​ជា​ការបោះឆ្នោត​ខុសច្បាប់​ហើយ​នោះ គឺ​ជា​ទី​បញ្ចប់​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

VOA៖ លោក​ប្រែដ​ លោក​បាន​តាម​ដាន​ស្ថានការណ៍​ប្រទេស​កម្ពុជា​ជា​យូរ​មក​ហើយ។ លោក​ថែម​ទាំង​ធ្លាប់​រស់នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។ ​ ​នៅ​ឆ្នាំ​១៩៩៧​ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ដែរ ​ដោយ​ចោទប្រកាន់​ពី​ការ​ទាក់ទង​នឹង​ក្រុម​ខ្មែរក្រហម​ខុសច្បាប់​ហើយ​ក៏​មាន​រដ្ឋប្រហារ​យោធា​មួយ​ប៉ុន្តែ​ក្រោយ​មក​អ្វីៗ​ល្អ​សម្រាប់លោក​ហ៊ុន សែន​។ តើ​លោក​គិត​ថា​ស្ថានភាព​នៅ​ពេល​បច្ចុប្បន្ន​នេះ​នឹង​ល្អ​សម្រាប់​លោក​ហ៊ុន សែន​ទៀត​ទេ?

ប្រែដ អាដាម៖ លោក​ហ៊ុន សែន​បាន​ធ្វើ​រដ្ឋប្រហារ​ក្តៅ​នៅ​ឆ្នាំ​១៩៩៧។ នៅ​ពេលនោះ​ខ្ញុំ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​គ្រាប់​រ៉ុកែត​បាន​ធ្លាក់​នៅ​ជិត​ផ្ទះ​របស់​ខ្ញុំ។ ​មាន​មនុស្ស​ស្លាប់​ច្រើន​ណាស់​ហើយ​មាន​ព័ត៌មាន​លើ​ទំព័រ​មុខ​នៅ​ពាសពេញ​ពិភពលោក។ ព្រឹត្តិការណ៍​នោះ​ជា​ព័ត៌មាន​សំខាន់​ក្នុង​ការផ្សាយ​របស់​ទូរទស្សន៍​ស៊ី​អឹនអឹន (CNN) ​និង​ប៊ីប៊ីស៊ី (BBC)។ ឥឡូវនេះ​គាត់​ធ្វើ​រដ្ឋប្រហារ​ត្រជាក់​ដោយ​មិន​មាន​ហិង្សា​អ្វី​ទេ ​ប៉ុន្តែ​គាត់​ប្រើប្រាស់​ការ​គំរាមកំហែង​ដដែល​ ប្រើប្រាស់​កម្លាំង​ប៉ូលិស​និង​អំណាច​រដ្ឋ​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង ​ប៉ុន្តែ​វា​ជា​ទិដ្ឋភាព​ខុស​ពីគ្នា ​ដូច្នេះ​ហើយ​បាន​ជា​គេ​មិនសូវ​ចាប់​អារម្មណ៍​ដូចមុន។ លោក​និយាយ​ថា​រឿងរ៉ាវ​បាន​ដំណើរការ​ល្អ​នា​ពេលក្រោយមក ខ្ញុំ​មិនគិត​ថា​អ៊ីចឹង​ទេ​។ តាម​រយៈ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​១៩៩៧​ គឺ​លោកហ៊ុន សែន​បានផ្លាស់ប្តូរ​អ្វីៗ​នៅក្នុង​រយៈពេល​២០ឆ្នាំចុងក្រោយនេះ។ រដ្ឋប្រហារ​ឆ្នាំ​១៩៩៧​ធ្វើ​ឡើង​ដោយ​ហេតុផល​ដូចគ្នា​នឹង​អ្វី​ដែល​គាត់​កំពុង​ធ្វើ​នៅ​ពេល​ឥឡូវនេះ។ ពេលនោះ​គណបក្ស​ប្រជាជន​កម្ពុជា​គិត​ថា ​ពួកគេ​នឹង​ចាញ់​ការបោះឆ្នោត​ឆ្នាំ​១៩៩៨លើ​ដៃ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ និង​គណបក្ស​សម រង្ស៊ី​រួមគ្នា។ ដូច្នេះ​ហើយ​បាន​ជា​គាត់​ធ្វើ​រដ្ឋប្រហារ​ ប៉ុន្តែ​នៅ​ពេល​នោះ​គឺ​ មាន​រយៈពេល​តែ​បួន​ឆ្នាំ​ក្រោយ​ពី​បេសកកម្ម​អ៊ុនតាក់​របស់​អង្គការ​សហប្រជាជាតិ​បាន​ចាកចេញ​ពីកម្ពុជា​ និង​មាន​រយៈពេល​តែ​៦ឆ្នាំ​ក្រោយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះហត្ថលេខា​ហើយ​ពិភពលោក​កំពុងតែ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​ប្រទេស​កម្ពុជា​ ហើយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ជុំ​វិញ​ពិភពលោក​បាន​ទទូច​ឱ្យ​លោក​ហ៊ុន សែន​ទាញ​ស្ថានការណ៍​ត្រឡប់​ថយ​ក្រោយវិញ គឺ​យ៉ាងហោចណាស់​អនុញ្ញាត​ឱ្យ​ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ និងលោកសម រង្ស៊ី​ចូលរួម​ក្នុង​ការបោះឆ្នោត។ ពួកគេ​បាន​ចូលរួម​ ប៉ុន្តែ​វាមិនមែន​ជា​ការបោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​ទេ។ មានអំពើហិង្សាកើតមានឡើង។ មានសាកសព​មនុស្ស​ស្លាប់​អណ្តែត​តាម​ទន្លេបាសាក់​ និង​ទន្លេមេគង្គ។ មានការធ្វើឃាតព្រះសង្ឃ​ និង​សកម្មជន។ នៅពេល​នោះ​ខ្ញុំ​ធ្វើការជាមួយ​នឹង​អង្គការ​សហប្រជាជាតិ​ហើយ​បាន​កត់ត្រា​ករណី​នេះ​ជាច្រើន។ ដូច្នេះ​គណបក្ស​ប្រជាជនកម្ពុជា​អាច​ឈ្នះ​បាន​ទាំង​ប្រផិត​ប្រផើយ​ បើទោះបី​ជា​បាន​ប្រើ​ហិង្សា​និង​លួច​បន្លំ​ដើម្បី​បាន​ឈ្នះ​ក៏ដោយ។ នោះ​មិនមែន​ជាការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​ទេ។ ដូច្នេះ​អ្វីៗ​មិន​ដំណើរ​ការ​ល្អ​ទេ​បន្ទាប់​ពីនោះមក។ នេះ​គឺជា អ្វី​ដែល​លោក​ហ៊ុនសែន​អាច​រក្សា​អំណាច​បាន។ លោក​បាន​សួរខ្ញុំ​ថា ​បើទោះបីជា​លោកហ៊ុន សែន​បាន​ធ្វើ​រដ្ឋប្រហារ​ត្រជាក់​នៅពេល​នេះ​តើ​អ្វីៗ​នឹង​ដំណើរ​ការ​ល្អ​នៅ​ពេល​ក្រោយទេ? ចម្លើយ​របស់​ខ្ញុំ​គឺ​ថា​ ខ្ញុំ​មិន​គិត​ថា​អីចឹង​ទេ។ ខ្ញុំ​មិន​គិត​ថា​អ្វីៗ​នឹង​ដំណើរ​ការ​ល្អ​ទេ​ដរាប​ណា​លោក​ហ៊ុន សែន​នៅ​កាន់​អំណាច​ ពីព្រោះ​គាត់​បាន​បង្ហាញ​ឱ្យ​គេ​ដឹង​ថា​គាត់​គឺ​ជា ​ជន​ផ្តាច់ការ​ដែល​និយម​ហិង្សា។ ប្រទេស​មួយ​មិន​អាច​ជោគជ័យ​បាន​ទេ​បើ​មាន​មេដឹកនាំ​ផ្តាច់​ការ​ដែល​និយម​ហិង្សា​នៅ​កាន់​អំណាច។

VOA៖ ប្រទេស​ម្ចាស់​ជំនួយ​ដទៃ​ហាក់​ដូច​ជា មានការធុញទ្រាន់ ​ប៉ុន្តែ​ចិន​បាន​ចូលមក​ជំនួស​ដោយ​បង្កើន​ការ​វិនិយោគ​ និង​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ តើ​លោក​គិត​យ៉ាងណាដែរ?

ប្រែដ អាដាម៖ ប្រទេស​ចិន​គឺ​ជា​ ហេតុផល​ដ៏​សំខាន់​ដែល​នាំ​ឱ្យ​មាន​រឿងរ៉ាវ​ទាំង​អស់​នេះ​កើត​មាន​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា។ ចិន​បាន​ផ្តល់​សិទ្ធិ​សព្វបែបយ៉ាង​ដល់​លោក​ហ៊ុន សែន​ឱ្យ​ធ្វើ​អ្វីតាម​ចិត្ត។ ពួកគេ​ថែម​ទាំង​និយាយថា​ ពួកគេ​គាំទ្រ​ការ​ចាប់ខ្លួន​លោកកឹម សុខា។ នេះ​គឺជា ​ការ​រំខាន​មួយ​ព្រោះ​ប្រទេស​ចិន​តែងតែ​និយាយ​ថា​ ខ្លួន​ជាអ្នក​លើកស្ទួយ​គោលនយោបាយ​មិន​ចូល​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ទេ។ ចិន​តែងតែ​តវ៉ា​នៅពេល​ណា​ដែល​គេ​និយាយ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​មិន​ល្អ​នៅក្នុង​ប្រទេសចិន​ ប៉ុន្តែ​ឥឡូវ​នេះ​ចិន​ធ្វើ​អន្តរាគមន៍​ជំនួស​មុខ​ឱ្យ​មេដឹកនាំ​ផ្តាច់ការ​នៅ ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក។ ដូច្នេះ​លោកហ៊ុន សែន​គិតថា​ ខ្លួន​មាន​ចិន​ដែល​ជា​មហាអំណាច​នៅពីក្រោយអីចឹង​គាត់​អាច​ធ្វើ​អ្វីតាម​ចិត្ត។ នេះគឺជា ​ការប្រឈមមុខ​មួយ។ ហេតុផល​មួយ​ទៀត​ដែល​លោកហ៊ុន សែន​ត្រូវ​ដឹង​គឺ​ថា​ ហេតុផល​ដែល​ឈាន​ទៅដល់​ការ​ធ្វើ​ការកែទម្រង់​នៅ​ក្នុង​ប្រទេស​ភូមា​គឺ​ដោយសារ​ពលរដ្ឋ​មិន​សប្បាយរីករាយ​ ដែល​ភូមា​ត្រូវ​ពឹង​លើ​ចិន​ខ្លាំង​ពេក។ ខ្ញុំ​ជឿជាក់​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ប្រតិកម្ម​ដូចគ្នា​នេះ​ដែរ។ ប្រទេស​ចិន​មិន​មាន​ចិត្តស្មោះ​ជួយ​ឱ្យ​មាន​ផលប្រយោជន៍​ល្អ​ដល់​ប្រទេស​កម្ពុជា​ និង​ពលរដ្ឋ​កម្ពុជា​ទេ​នៅ​ក្នុងគោល​នយោបាយ​របស់​ចិន។ ប្រទេស​ចិន​ចង់​បាន​ដៃ​គូមួយ​នៅក្នុង​តំបន់ ​ដែល​មាន​ប្រទេស​មួយ​អាច​ធ្វើតាម​អ្វី​ដែល​ចិន​ចង់​បាន។ យើងបាន​ឃើញ​លោក​ហ៊ុន សែន​ធ្វើ​ដូចនេះ​ហើយ ​នៅ​ក្នុង​សមាគម​អាស៊ាន​ដោយ​បាន​រាំង​ខ្ទប់​សេចក្តី​ថ្លែង​ការណ៍​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង។ ប្រទេស​ចិន​មិន​មែន​ជា​អ្នកផ្តល់​ជំនួយ​ទេ​ភាគច្រើន​នៃ​អ្វី​ដែល​ចិន​ផ្តល់ឱ្យ​គឺ​ជា ប្រាក់កម្ចី​ដែល​កម្ពុជា​ត្រូវ​សងវិញ។ ក្នុងខណៈ​ពេល​ដែល​ជំនួយ​ភាគ​ច្រើន​របស់​បស្ចិម​ប្រទេ​សគឺ​ជា​ជំនួយ​អត់​សំណង។ បស្ចិម​ប្រទេស​ផ្តល់​ជំនួយ​មក​កម្ពុជា​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ។​ ប្រទេស​ចិន​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា​ដើម្បី​ធ្វើការ​អភិវឌ្ឍ។​ នេះគឺជា ​លុយ​ដែល​ពលរដ្ឋ​កម្ពុជា​ត្រូវ​តែ​សងវិញ​តាម​រយៈ​ការបង់​ពន្ធ​ និង​បន្ថយ​សេវា​របស់​រដ្ឋ​នៅ​ក្នុង​ពេល​អនាគត។

VOA៖ សូមអរគុណ​លោក​ប្រែដ អាដាម​ដែលបានផ្តល់​បទសម្ភាស​ន៍ដល់​ VOA។

ប្រែដ អាដាម៖ អរគុណច្រើន៕​