កីឡាករ​ប្រដាល់ Muhammad Ali បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ​៧៤ឆ្នាំ

លោក Muhammad Ali ដែលជាជ័យលាភី​កីឡា​ប្រដាល់​ទម្ងន់​ធ្ងន់​លំដាប់​ពិភពលោក​ត្រូវបានក្រុមគ្រួសាររាយការណ៍មកថាបាន​ទទួល​មរណភាពហើយ។

លោក Muhammad Ali ដែល​ជា​និមិត្តរូប​កីឡា​ប្រដាល់​អាមេរិក​បាន​ទទួល​មរណភាព​ហើយ បន្ទាប់​ពី​លោក​មាន​ជំងឺ ​Parkinson's ​ដែល​ជា​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ដែល​ធ្វើ​ឲ្យ​ញ័រ​រាងកាយ​និង​ពិបាក​ធ្វើ​ចលនា អស់​រយៈពេល​៣២​ឆ្នាំ។ លោក​បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៧៤​ឆ្នាំ។

អតីត​ជ័យលាភី​កីឡា​ប្រដាល់​ទម្ងន់​ធ្ងន់​លំដាប់​ពិភពលោក​រូប​នេះ​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ដោយ​សារ​តែ​ជំងឺ​ប្រព័ន្ធប្រសាទ​របស់​លោក​ដែល​កើត​មាន​ឡើង​តាំង​ពី​ទសវត្សរ៍​១៩៨០​មក​ម្លេ៉ះ។

លោក Ali ដែល​មាន​ទាំង​អ្នកស្រឡាញ់​ចូលចិត្ត​និង​ជា​អ្នក​ដែលមាន​បញ្ហា​ចម្រូង​ចម្រាស​នោះ បាន​ទទួលប្រជាប្រិយភាព​ខាង​កីឡា​ប្រដាល់​យ៉ាង​សម្បើម​ដែល​ធ្វើឲ្យ​ទស្សនាវដ្តី Sports Illustrated ហៅ​លោក​ថា​ជា​វីរៈបុរស​កីឡា​ប្រចាំ​សតវត្សរ៍​ទី​២០។ ដោយ​ល្បីល្បាញ​ខាង​ភាព​មាន​អំនួត​ ទឹកចិត្ត​ស្រឡាញ់ និង​ការប្រើប្រាស់​ពាក្យ​របស់​លោក លោក​បាន​និយាយ​យ៉ាង​ល្បីល្បាញ​ថា លោក​អាច​ហោះ​សំកាំង​ដូច​ជា​សត្វ​មេអំបៅ​និង​ទិច​ដូចជា​សត្វ​ឃ្មុំ។

លោក Ali គឺ​ជា​កូន​របស់​វិចិត្រករ​ម្នាក់​នៅ​ក្នុង​រដ្ឋ Kentucky ហើយ​លោក​បាន​ចាប់​ផ្តើម​ចូល​ប្រឡូក​ក្នុង​កីឡា​ប្រដាល់​ បន្ទាប់​ពី​ពួក​ជើងកាង​ដែល​នៅ​ក្បែរ​ផ្ទះ​របស់​លោក​បាន​លួច​កង់​របស់​លោក។ គ្រូ​បង្វឹក​របស់​លោក​បាន​និយាយ​ថា ពី​មុន​លោក​មាន​ឈ្មោះ​ថា Cassius Clay ដែល​បាន​ធំឡើង​ដោយ​មាន​ទេពកោសល្យ​និង​ការប្តេជ្ញាចិត្ត។

កាល​ពី​ឆ្នាំ​១៩៦៤ លោក Ali បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កីឡាករ Sonny Liston មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​លោក​បាន​យក​ឈ្នះ​លើ​លោក Liston ហើយ​ទទួល​បាន​នាម​ជា​ជ័យលាភី​កីឡា​ប្រដាល់​ទម្ងន់​ធ្ងន់​លំដាប់​ពិភពលោក​លើក​ដំបូង​បង្អស់​សម្រាប់​លោក​៕