លោករដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស Boris Johnson បានបោះបង់សញ្ជាតិអាមេរិករបស់លោក នេះបើយោងតាមបញ្ជីមកពីក្រសួងរតនាគារជាតិសហរដ្ឋអាមេរិក។
លោក Johnson បានកើតនៅក្នុងទីក្រុងញូវយ៉កកាលពី៥២ឆ្នាំមុន នៅពេលដែលឪពុករបស់លោកសិក្សានៅឯសាកលវិទ្យាល័យ Columbia។ លោក Johnson មានសញ្ចាតិពីរចាប់តាំងពីពេលនោះរហូតដល់ឆ្នាំមុន ពេលដែលលោកត្រូវបានគេប្រកាសថា លោកបានបោះបង់សញ្ជាតិអាមេរិករបស់លោក។
គេមិនទាន់ដឹងប្រាកដនៅឡើយថា នៅពេលណាលោក Johnson បានបោះបង់សញ្ជាតិរបស់លោកទេ ពីព្រោះតែបញ្ជីនោះបានចេញផ្សាយជារៀងរាល់៣ខែម្តងហើយលោកមិនបានប្រកាសការសម្រេចចិត្តរបស់លោកជាសាធារណៈទេ។
លោក Johnson បានជួបប្រទះបញ្ហាជាមួយពួកអាជ្ញាធរពន្ធដារសហរដ្ឋអាមេរិកកាលពីអតីតកាល ហើយនៅឆ្នាំ២០១៥ លោកបានត្រូវបង្ខំឲ្យបង់ពន្ធនៅពេលដែលលោកលក់ផ្ទះរបស់លោកនៅទីក្រុងឡុងដ៍ដែលលោកបានហៅថា ជាការគួរឲ្យអស់សំណើចយ៉ាងខ្លាំង ពីព្រោះលោកមិនបានរស់នៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីលោកមានអាយុ៥ឆ្នាំមកម៉្លេះ។
ច្បាប់ពន្ធដារអាមេរិកដែលមានលក្ខណៈខុសប្លែកពីប្រទេសផ្សេងទៀត បានបង្ខំឲ្យពលរដ្ឋអាមេរិកាំងបង់ពន្ធប្រាក់ចំណូលដោយមិនគិតថាពួកគេរស់នៅទីកន្លែងណា ឬថាតើប្រាក់នោះពួកគេរកបានមកពីណានោះទេ។
អ្នកអភិរក្សនិយម Johnson បានក្លាយជារដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសនោះបានបោះឆ្នោតផ្តាច់ចំណងទាក់ទងជាមួយសហភាពអឺរ៉ុប។
មុនធ្វើជារដ្ឋមន្រ្តីការបរទេស លោក Johnson បានធ្វើជាអភិបាលក្រុងឡុងដ៍៕