ការ​ឡើង​តម្លៃ​អចលនទ្រព្យ​នៅ​​ទីក្រុង​ឡុងដ៍​ធ្វើ​ឲ្យ​ក្រុង​នេះ​ក្លាយ​ជា​កន្លែង​សម្រាប់​លាង​លុយ​កខ្វក់

  • Henry Ridgwell

នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស David Cameron (រូប​ឆ្វេង) ថត​រូប​ជាមួយ​សមភាគី​វៀតណាម​របស់​លោក​ គឺ​លោក Nguyen Tan Dung នៅ​ឯ​ការិយាល័យ​រដ្ឋាភិបាល​នៅ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥។

យោងតាម​ក្រុម​សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ​ លុយ​រាប់​ពាន់​លាន​ដុល្លារ​ដែល​គេ​ហៅ​ថា​ជា​ «លុយ​កខ្វក់» បាន​មក​ពី​ការ​ប្រព្រឹត្ត​បទ​ល្មើស​ ជា​ពិសេស​លុយមក​ពី​ប្រទេស​រុស្ស៊ី​ កំពុង​ត្រូវ​បាន​លាង​តាម​រយៈ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​ទីក្រុង​ឡុងដ៍។ ​

ក្នុង​រយៈពេល​៥ឆ្នាំ​កន្លង​ទៅ​ តម្លៃអចលនទ្រព្យ​ធំៗ​នៅ​ទីក្រុង​ឡុងដ៍​បាន​កើន​ឡើង​ដល់​ទៅ​៤២​ភាគរយ​ ហើយ​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​និយាយ​ថា ការ​ឡើង​ថ្លៃ​នេះ​ មួយ​ចំណែក​បណ្តាល​មក​ពី​លុយ​ «កខ្វក់»​ ដែល​បាន​ពី​ការ​ប្រព្រឹត្ត​បទល្មើស។

នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​អង់គ្លេស​នា​ពេល​ថ្មីៗ​នេះ ​ដែល​មាន​ចំណងជើង​ថា «ពី​រុស្ស៊ី​ជាមួយ​នឹង​សាច់​ប្រាក់ From Russia With Cash» សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ​ម្នាក់​ឈ្មោះ​ Roman Borisovich បាន​ដើរ​តួជារដ្ឋ​មន្រ្តី​រុស៊្សី​ម្នាក់​ ហើយ​កំពុង​រក​ទិញ​អចលនទ្រព្យ​នៅ​ពេល​ទៅ​ជួប​ជាមួយ​ភ្នាក់​ងារ​ទិញ​លក់​អចលន​វត្ថុ​មួយ​ចំនួន​នៅ​កណ្តាល​ទីក្រុង​ឡុងដ៍​ ដោយ​ប្រើប្រាស់លុយបាន​ពី​ការ​លួច​ប្លន់។ លោក​បាន​ពិពណ៌នា​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ ប្រាប់​ VOA តាម​រយៈ​ប្រព័ន្ធ Skype។

«ពួកគេ​ពិតជា​ចង់​បាន​លុយ​នោះ​ណាស់។​ ទោះបីជា​នៅ​ពេលខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា​ លុយ​ទាំង​នោះគឺជា​លុយ​សម្រាប់​ទិញ​ថ្នាំ​ (ឱសថ)​ ហើយ​ខ្ញុំ​បាន​លួច​លុយ​ទាំង​នោះ​ក៏ដោយ​ ហើយ​ជាក់ស្តែង អ្នក​ដែល​ឈឺ​ មិន​ទទួល​បាន​ការ​ថែទាំ​សុខភាព​នោះ​ទេ»។

គ្រប់​ភ្នាក់ងារ​ទាំង​អស់​បាន​ផ្តល់​យោបល់​ឲ្យ​ទិញ​អចលនវត្ថុ​តាម​រយៈ​ក្រុមហ៊ុននៅ​ក្រៅ​ប្រទេស​ ដើម្បី​បិទ​បាំង​អត្តសញ្ញាណ​របស់​អ្នក​ទិញ។​ មានភ្នាក់ងារ​មួយ​បាន​ផ្តល់​យោបល់​ឲ្យ​យក​ចំណេញ​ពី​ការ​ហូតពន្ធនៅ​ប្រទេស​ស៊ីប​ (Cyprus)​ និងទឹកដី​នៅ​កោះ​ Jersey ដែល​ពឹង​ផ្អែក​លើ​ចក្រភព​អង់គ្លេស​ ឲ្យ​មាន​ការ​បង្កើត​ក្រុមហ៊ុន​មួយ​ដែល​ហៅ​ថា «ក្រុមហ៊ុន​មិន​ធ្វើ​ជំនួញ​ផ្ទាល់»។​

«ហើយ​ភ្នាក់ងារ​មួយ​នេះ​ ស្ម័គ្រ​ចិត្ត​ឲ្យ​យើង​ជួប​ជាមួយ​ហិរញ្ញិក​ជា​ច្រើន​នៅ​កោះ​ Jersey ​ដើម្បី​បង្កើត​បង្កើត​ក្រុមហ៊ុន​មួយ​ជាមួយ​គ្នា ហើយ​មេធាវី​ប្រទេស​ជនជាតិ​ស៊ីប​ម្នាក់ នឹង​ចាត់​ចែង​រឿង​គ្រប់​យ៉ាង​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុមហ៊ុន​នេះ»។

តួលេខ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​១៩១ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​នៅ​ក្រៅ​ប្រទេស។​ នៅ​ពេល​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​លោក​នាយក​រដ្ឋ​មន្រ្តី​ David Cameron បាន​និយាយថា​ ភាគ​ច្រើន​ជា​ជំនួញ​ស្រប​ច្បាប់​ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា​ នៅ​មាន​បញ្ហា​មួយ​ចំនួន។

«យើង​ត្រូវ​តែ​បញ្ឈប់​មន្រ្តី​ពុករលួយ​ឬ​ក្រុម​ជន​ឧក្រិដ្ឋ​ ដែល​ប្រើប្រាស់​ក្រុមហ៊ុន​មិន​ធ្វើជំនួញ​ដោយ​ផ្ទាល់​ដែល​បានវិនិយោគ​លុយ​កខ្វក់​របស់​ពួកគេ​ទៅ​លើ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ឡុងដ៍​ដោយ​គ្មាន​ការ​តាម​ដាន»។​

លោក​ Justin Urquhart Stewart បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន ​Seven Investment Management ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​បាន​និយាយ​ថា​ រដ្ឋាភិបាល​បាន​ដឹង​ពី​ការ​ចោទ​ប្រកាន់​អំពី​ករណី​លាង​លុយ​នេះ​ជាយូរ​ណាស់​មក​ហើយ។

«នេះ​ជា​លុយ​កខ្វក់​ ដែល​បាន​មក​ពី​ការ​ប្រព្រឹត្ត​បទ​ល្មើស ប្រហែល​បាន​ពី​អំពើ​ភេរវកម្ម​ ដូច្នេះ​ បញ្ហា​នេះ​ត្រូវ​តែ​ដោះស្រាយ​ឥឡូវ​នេះ»។​

នៅ​ក្រោម​ច្បាប់​របស់​ចក្រភព​អង់គ្លេស​ ភ្នាក់ងារ​អចលនទ្រព្យ​ត្រូវ​រាយការណ៍​ការ​មន្ទិល​សង្ស័យ​ណា​មួយ​ដែល​គេ​យកលុយប្រើ​សម្រាប់​ទិញ​អចលនទ្រព្យ​ ដែល​លុយ​នោះ​ទទួល​បាន​តាម​រយៈ​ការ​ប្រព្រឹត្ត​បទល្មើស​ ប៉ុន្តែ ភ្នាក់ងារ​ជាច្រើន​និយាយ​ថា ពួកគេ​មិន​មែន​ជា​អ្នក​ស៊ើបអង្កេត​ការ​ក្លែងបន្លំ​ដែល​មាន​ភាព​ស្មុគស្មាញ​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ