ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បង្កើន​ប្រសិទ្ធភាព​ច្បាប់​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់


សំឡេង​នៃ​ការ​សម្រេច​យល់ព្រម​លើ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​ ៣ ​២៩ ​និង​៣០ ​មាន​សំឡេង​ ៨៣​ លើ ​៨៩។
សំឡេង​នៃ​ការ​សម្រេច​យល់ព្រម​លើ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​ ៣ ​២៩ ​និង​៣០ ​មាន​សំឡេង​ ៨៣​ លើ ​៨៩។
រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេវកម្ម​ដោយ​សំឡេង​គាំទ្រ​យ៉ាង​លើសលប់​ដែល​ចូលរួម​ដោយ​គណបក្ស​ប្រឆាំង។

សំឡេង​នៃ​ការ​សម្រេច​យល់ព្រម​លើ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​ ៣ ​២៩ ​និង​៣០ ​មាន​សំឡេង​ ៨៣​ លើ ​៨៩។

សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេវកម្ម​ត្រូវ​បាន​អនុម័ត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ​ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បាន​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ​ត្រង់​មាត្រា​ ៣ ​មាត្រា ២៩ ​និង​មាត្រា​៣។ មាត្រា​ទាំង​អស់​នោះ​ត្រូវ​បាន​សមាជិក​សភា​បញ្ជាក់​ថា​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដែល​ត្រូវ​ការ​ធ្វើ​ការ​កែលម្អ​បន្ថែម។ ខ្លឹមសារ​សំខាន់​នៃ​ការ​ធ្វើ​វិសោធនកម្ម​នេះ​គឺ​ផ្តោត​សំខាន់​លើ​និយមន័យ​នៃ​ពាក្យ​បច្ចេកទេស ​ការ​បន្ថែម​ច្បាប់ក្រម​ព្រហ្មទណ្ឌ ​ការ​រឹប​អូស​ទ្រព្យសម្បត្តិ​ដែល​បាន​មកពី​អំពើ​ទុច្ចរិត​និង​ស្នើ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​នេះ​ជា​បន្ទាន់។

លោក​ ជាម យៀប ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ ​ធនាគារ ​និង​សវនកម្ម​នៃ​រដ្ឋសភា​ មាន​ប្រសាសន៍​ថា​ ភាព​ចន្លោះប្រហោង​នៃ​ច្បាប់​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ត​ល្មើស​កេង​យក​ផល​ចំណេញ។

«យើង​ឃើញ​ថា​នៅ​មាន​ខ្វះ​ចន្លោះ។ នៅ​មិន​ទាន់​ពេញលេញ។ ជា​ហេតុ​ធ្វើ​ឱ្យ​ចៅក្រម​មួយ​ចំនួន​កាត់ក្តី ​អាច​យក​ទៅ​ធ្វើ​អាជីវកម្ម​ផ្សេង»។

លោក​ជា ចាន់តូ ​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​និង​ជា​អ្នក​តំណាង​រដ្ឋាភិបាល​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន ​នឹង​បង្កើន​ទំនុកចិត្ត​របស់​វិនិយោគ​ទុន​បរទេស​ហើយ​វា​ក៏​ជា​ការ​រួម​ចំណែក​ប្រឆាំង​ភេរវកម្ម​សាកល​របស់​កម្ពុជា​ដែរ។

លោក​ជា ចាន់តូ​បញ្ជាក់​បន្ថែម​ថា៖ «សម្រាប់​លើក​មុខ​មាត់​ប្រទេស​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ​ជា​ពិសេស​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​ជា​កន្លែង​ស្អាតស្អំ​និង​បង្កើន​ទំនុកចិត្ត​វិយោគទុន​ពី​បរទេស»។

សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ជំទាស់​គឺ​លោក​ យឹម សុវណ្ណ​មាន​ប្រសាសន៍​ថា​ជា​រៀងរាល់​ឆ្នាំ​មាន​ប្រាក់​ប្រហែល​ជាង​១.០០០​លាន​ដុល្លារ​ស្ថិត​ក្នុង​បរិបទ​នៃ​ការ​លាង​លុយ​ងងឹត​ក្នុង​ប្រទេស​កម្ពុជា។

«ដូច្នោះ​ហើយ​មាន​តែ​ក្រុមហ៊ុន​ពី​បី​មកពី​ប្រទេស​ចិន​និង​វៀតណា​ម​ដែល​មករក​ស៊ី​នៅ​កម្ពុជា។ ស្គាល់​មន្ត្រី​នោះ​ស្គាល់​មន្ត្រី​នោះ​ចឹ​ង​ទៅ​ក៏​សូកប៉ាន់​ចឹ​ង​ទៅ​ហើយ​ក៏​ចេះតែ​រស់​ចឹ​ង​ទៅ។ រីឯ​ក្រុមហ៊ុន​ដែល​ធំៗ​គេ​រកស៊ី​ត្រឹមត្រូវ​ហ្នឹង​គឺថា​អត់ទាន់​មាន​មក​រកស៊ី​ច្រើន​ទេ។ មាន​ដែរ​តែ​ពី​បី​ប៉ុណ្ណឹង។ ពីព្រោះ​ថា​គាត់​អត់​ហ៊ាន​មក​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​កម្ពុជា។ អីចឹង​ច្បាប់​មាន​ហើយ​ល្អ​ហើយ​តែ​ការអនុវត្ត​គឺ​ថា​អត់​មាន​ប្រសិទ្ធភាព​ទេ»។

សេចក្តី​ព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​មាន​៧ ​ជំពូក ​និង ៣៣​មាត្រា។ កម្ពុជា​គឺ​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហិ្វក​ប្រឆាំង​នឹង​ការសម្អាត​ប្រាក់​កខ្វក់​ Asia Pacific​ Group ​on ​Money​ Laundering ​ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ៕
XS
SM
MD
LG