រដ្ឋាភិបាលដឹកនាំនិងជ្រើសតាំងដោយជនស៊ីវិលនៅមីយ៉ាន់ម៉ាស្វះស្វែងបង្កើតប្រព័ន្ធប្រាប់ដំណឹងមុនមានការវាយប្រហារតាមអាកាសសម្រាប់សាធារណជន បន្ទាប់ពីមានការទម្លាក់គ្រាប់បែកលើភូមិមួយនៅតំបន់ភាគប្រទេស ដែលបានសម្លាប់ជនស៊ីវិលជិត ២០០នាក់ ក្នុងនោះមានកុមារ ៣៨នាក់ កាលពីពាក់កណ្តាលខែមេសា។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងរដ្ឋបាលនេះប្រាប់វីអូអេកាលពីសប្តាហ៍កន្លងទៅ។
រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃរដ្ឋាភិបាលរួមរូបជាតិ (National Unity Government) លោក Aung Myo Min បានប្រាប់វីអូអេថា៖ «ជាការសំខាន់សម្រាប់យើងក្នុងការស្វែងរកមធ្យោបាយដើម្បីបញ្ឈប់ការវាយប្រហារពីអាកាសដ៏ប្រល័យរបស់របបសឹកមីយ៉ាន់ម៉ាលើជនស៊ីវិល»។
លោកបានថ្លែងបន្តថា៖ «យើងនឹងបង្កើតប្រព័ន្ធប្រាប់ដំណឹងជាមុនដល់សាធារណជនអំពីការវាយប្រហារតាមអាកាស»។
«យើងត្រូវបង្ហាញសារៈសំខាន់នៃ [ប្រព័ន្ធប្រាប់ដំណឹងជាមុន] នេះទៅសហគមន៍អន្តរជាតិ។ យើងត្រូវមាន «ប្រព័ន្ធផ្តល់សញ្ញាតាមអាកាស» មួយ ដែលអាចផ្តល់ដំណឹងជាមុនដល់មនុស្សទូទៅ។ ច្បាប់ការពារជាតិអាមេរិកឆ្នាំ២០២៣ស្តីពីភូមាអំពាវនាវមិនឲ្យផ្តល់ជំនួយគ្រោះថ្នាក់ ដូច្នេះយើងត្រូវដាក់បញ្ចូលបញ្ហាបែបនេះ»។
សាក្សីបានប្រាប់វីអូអេថា មនុស្សប្រហែល ៣០០នាក់បានប្រមូលផ្តុំនៅខាងក្រៅភូមិ Pazigyi ក្រុង Kanbalu ក្នុងតំបន់ Sagaing នាពេលព្រឹកព្រហាមថ្ងៃទី១១ ខែមេសា ដើម្បីរំឭកការសម្ពោធការិយាល័យរដ្ឋបាលតូចមួយរបស់រដ្ឋាភិបាលរួបរួមជាតិ នៅពេលយន្តហោះយោធាមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកលើទីនោះ។
មានផ្ទះជាង ២០០ខ្នងនៅក្នុងភូមិនេះ។ អ្នកភូមិ ដែលភាគច្រើនជាកសិករដែលមានជីវភាពខ្វះខាត ក៏ប្រកបរបររែងមាសតាមទន្លេក្បែរនោះផងដែរ។ ដូចភូមិភាគច្រើននៅតំបន់ Sagaing ដែរ ភូមិ Pazigyi មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់របបសឹកនោះទេ ហើយអ្នកភូមិគាំទ្ររដ្ឋាភិបាលរួបរួមជាតិយ៉ាងខ្លាំង។
បីថ្ងៃបន្ទាប់ពីការវាយប្រហារនោះ លោក Bala Gyi អ្នកទៅផ្តល់ជំនួយដំបូងគេពីអង្គការជំនួយក្នុងស្រុកមួយ បានថ្លែងប្រាប់វីអូអេថា៖ «យ៉ាងហោចណាស់មនុស្ស ១៧០នាក់ ក្នុងនោះស្រ្តី ២៤នាក់ និងកុមារ ៣៨នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីរបបសឹកបានទម្លាក់គ្រាប់បែកមកលើភូមិ Pazigyi កាលពីថ្ងៃទី១១ ខែមេសា»។ វីអូអេមិនអាចបញ្ជាក់ដោយឯករាជ្យអំពីចំនួនមនុស្សស្លាប់ដោយសារការទម្លាក់គ្រាប់បែកនោះទេ។
លោក Bala Gyi បានលើកឡើងថា បន្ថែមពីនេះ មនុស្ស ៣០នាក់បានរងរបួស ក្នុងនោះ ២០នាក់មានសភាពធ្ងន់ធ្ងរ រួមមានស្រ្តីមានផ្ទៃពោះម្នាក់ និងកុមារអាយុ ៨ឆ្នាំម្នាក់។ នៅក្នុងចំណោមអ្នកដែលបានស្លាប់នោះ សាកសពចំនួន១៧១នាក់ ត្រូវបានបូជាហើយ។
លោកក៏បានបន្តថា នេះគឺជា ការវាយប្រហារតាមអាកាសលើកដំបូងនៅក្រុង Kanbalu។ លោកបាននិយាយថា ដោយសារតែមិនមានប្រវត្តិនៃការវាយប្រហារតាមអាកាសលើតំបន់នេះ អ្នកភូមិ Pazigyi មិនបានគិតថា ពួកគេស្ថិតក្នុងហានិភ័យនៃការទម្លាក់គ្រាប់បែកនោះទេ។
លោកថ្លែងថា៖ «តាមបទពិសោធន៍របស់ខ្ញុំក្នុងការប្រមូលសាកសព ស្ថានភាពនៃសាកសពទាំងនោះគឺ អាក្រក់ខ្លាំង។ សាកសពខ្លះត្រូវបែកជាបំណែក។ ក្នុងករណីខ្លះ សាកសពត្រូវបែកខ្ទេច។ យើងបានប្រមូលសាកសព និងបំណែកសាកសព ហើយបូជា ក្នុងពេលបីថ្ងៃបន្ទាប់នោះ»។
អ្នកនាំពាក្យរបបសឹកភូមាលោកលោកឧត្តមសេនីយ៍ Zaw Min Tun បានបញ្ជាក់អំពីការវាយប្រហារនេះ ប៉ុន្តែបានបន្ទោសកងកម្លាំងក្រុមប្រឆាំងពីហេតុផលដែលនាំឲ្យមានការស្លាប់ច្រើននេះ។
អង្គការសហប្រជាជាតិទាមទារឲ្យមានការទទួលខុសត្រូវ
អង្គការសហប្រជាជាតិនិងបណ្តារដ្ឋាភិបាលបស្ចឹមលោក ក៏ដូចជារដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសទាំងប្រាំពីរ ដែលរីកចម្រើនជាងគេផ្នែកឧស្សាហកម្ម បានបង្ហាញក្តីខឹងសម្បាប្រឆាំងការវាយប្រហារចុងក្រោយបង្អស់មកលើជនស៊ីវិលនេះ ដោយថ្កោលទោសរបបសឹកមីយ៉ាន់ម៉ាចំពោះការវាយប្រហារតាមអាកាស និងទាមទារឲ្យមានមានអ្នកទទួលខុសត្រូវ។
ដោយហៅមីយ៉ាន់ម៉ាតាមឈ្មោះដើមថា ភូមា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Vedant Patel បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការវាយប្រហារតាមអាកាសនេះ។ លោកបានបន្តថា៖ «ការវាយប្រហារដ៏ប្រល័យទាំងនេះបង្ហាញកាន់តែច្បាស់ពីការមិនអើពើរបស់របបនេះចំពោះជីវិតមនុស្ស និងការទទួលខុសត្រូវចំពោះវិបត្តិនយោបាយ និងវិបត្តិមនុស្សធម៌ដ៏អាក្រក់នៅភូមា បន្ទាប់ពីរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១»។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Gutteres «ថ្កោលទោសការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់លោក Stephane Dujarric អ្នកនាំពាក្យលោកអគ្គលេខាធិការអ.ស.ប.។ លោកក៏បានបញ្ជាក់ថា លោក Gutteres «លើកឡើងសាជាថ្មីពីការអំពាវនាវរបស់លោកឲ្យរបបយោធាបញ្ចប់យុទ្ធនាការហិង្សាប្រឆាំងនឹងប្រជាជនមីយ៉ាន់ម៉ានៅទូទាំងប្រទេស»។
ឧត្តមស្នងការជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលោក Volker Türk បាននិយាយកាលពីថ្ងៃទី១១ ខែមេសាថា លោក «មានការតក់ស្លុតយ៉ាងខ្លាំង» ដោយសារការវាយប្រហារតាមអាកាសដ៏ប្រល័យនេះ ដែលលោកនិយាយថា បានសម្លាប់សិស្សសាលា នៅពេលពួកគេកំពុងតែសម្តែងរបាំ។
សោកនាដកម្មក្រោយការវាយប្រហារតាមអាកាស
លោក Ye Naing បុរសវ័យ ៣១ឆ្នាំ ដែលបាត់បង់សាច់ញ្ញាតិ រួមទាំងឪពុកម្តាយ និងកូនស្រីពៅ បានរំឭកអំពីសោកនាដកម្មនេះប្រាប់វីអូអេ តាមទូរស័ព្ទ បីថ្ងៃបន្ទាប់ពីការវាយប្រហារនោះ។
លោកបានថ្លែងថា៖ «ខ្ញុំបានស្ម័គ្រចិត្តចូលរួមរៀបចំពិធីបើកសម្ពោធការិយាល័យរដ្ឋាភិបាលរួបរួមជាតិនៅក្នុងគេហដ្ឋានថ្មីរបស់លោកអភិបាល។ គ្រួសាររបស់ខ្ញុំនៅខាងក្រៅ ហើយខ្ញុំបានចូលទៅការិយាល័យតែម្នាក់ឯងមួយស្របក់ ប្រហែលម៉ោង៨ព្រឹក។ ខ្ញុំកំពុងនិយាយទូរស័ព្ទ នៅពេលខ្ញុំឮសំឡេងផ្ទុះលាន់ឮយ៉ាងខ្លាំងមួយប្រហែលម៉ោង ៨:១៥នាទី។ ខ្ញុំមិនបានដឹងថា អ្វីកើតឡើងនោះទេ។ កន្លែងទាំងមូលគឺមានពោរពេញដោយផ្សែង។ ខ្ញុំមិនអាចមើលឃើញអ្វីទាំងអស់»។
«ខ្ញុំចាប់ផ្តើមរត់ដោយស្រឡាំងកាំងរកកូនស្រីពៅនិងឪពុកម្តាយខ្ញុំ។ អ្វីៗទាំងអស់ក្លាយជាគំនរផេះធំមួយ។ មានបំណែកសាកសពគ្រប់ទីកន្លែង។ ខ្ញុំឃើញរាងកាយរបស់ឪពុកខ្ញុំដាច់ជាពីរ ដែលខ្ញុំរកឃើញផ្នែកខាងក្រោមខ្លួនរបស់គាត់ ប៉ុន្តែបាត់ផ្នែកខាងលើ។ ខ្ញុំមិនអាចរកឃើញសពម្តាយនិងកូនស្រីខ្ញុំទេ»។
លោកបន្តថា៖ «ខណៈពេលយើងកំពុងស្វះស្វែងរកសាច់ញ្ញាតិនៅក្នុងចំណោមសាកសព ឧទ្ធម្ភាគចក្រយោធាបានហោះពីលើនិងបាញ់រះមកលើពួកយើង។ យើងព្យាយាមរត់ពួននៅក្រោមស្ពាន។ ស្រ្តីម្នាក់ដែលមិនអាចរត់ទាន់ ទ្រូងរបស់គាត់ត្រូវបានបាញ់ហើយផ្ទុះ។ ខ្ញុំបានឃើញដោយផ្ទាល់ភ្នែក»។
លោក Ye Naing បានបញ្ជាក់ថា៖ «កូនស្រីរបស់ខ្ញុំឈ្មោះ Hnin Yu Wei មានអាយុត្រឹម ៣ឆ្នាំប៉ុណ្ណោះ។ នាងបានចេញទៅក្រៅ ដើម្បីទៅហូបអ្វីមួយជាមួយជីដូននាង។ សាកសពពួកគេនៅមិនទាន់រកឃើញទេ»។
លោក Zaw Min Tun បានចោទប្រកាន់កងកម្លាំងការពារពលរដ្ឋ (PDF)ហើយថា នេះជាការផ្ទុកមីន ប៉ុន្តែលោក Ye Niang បានបដិសេធថា មិនមែនដូច្នោះទេ។
លោក Ye Naing បាននិយាយថា៖ «មិនមានអាវុធនៅក្នុងអគារនោះទេ។ គ្រាប់បែកបានធ្លាក់និងផ្ទុះ ដោយសម្លាប់មនុស្ស រួមទាំងកុមារជាច្រើន។ ប្រសិនបើអាវុធនៅក្នុងអគារបានបង្កឲ្យមានការផ្ទុះ ដូចអ្វីដែលយោធាបាននិយាយមែននោះ ខ្ញុំគឺជាអ្នកស្លាប់ដំបូងគេ។ មិនមានមីន មិនមានគ្រាប់បែកទេ។ យើងមិនមានអាវុធទេ»។
យោងតាមលោក Bala Gyi មានកងការពារក្នុងស្រុកនៅភូមិ Pazigyi ប៉ុន្តែអាវុធរបស់ពួកគេគឺញញួរធ្វើដោយដៃ ហើយមិនមានកងកម្លាំងប្រដាប់អាវុធនោះទេ។ លោកបាននិយាយថា មិនមានការប្រើប្រាស់គ្រាប់មីនទេ នៅពេលកងការពារបានចូលមកក្នុងភូមិនោះ។ មិនមានគ្រាប់មីនសោះឡើយ។
លោក Zaw Min Tun បានបញ្ជាក់ពីការវាយប្រហារពីអាកាសមកលើភូមិ Pazigyi ដោយនិយាយថា ការផ្ទុះមិនមែន «ដោយសារការវាយប្រហាររបស់យើងនោះទេ។ នៅជុំវិញទីនោះ ក្រុមភេរវកម្មនៃរដ្ឋាភិបាលរួបរួមជាតិ និងកងកម្លាំងការពារពលរដ្ឋ (PDF) របស់ពួកគេកំពុងធ្វើប្រតិបត្តិការ។ យើងបានទទួលព័ត៌មានជាក់លាក់ថា អាវុធដែលយើងបានបាញ់ គឺចំតំបន់ ដែលកងកម្លាំងការពារពលរដ្ឋ (PDF) បានរក្សាទុកអាវុធ និងគ្រឿងផ្ទុះ ដែលបានផ្ទុះ និងបង្កឲ្យមានការស្លាប់»។
ក្រុមមន្រ្តីរដ្ឋបាលត្រូវបានសម្លាប់
លោក Bala Gyi អ្នកទៅផ្តល់ជំនួយដំបូងគេ បាននិយាយថា យ៉ាងហោចណាស់សមាជិកបីនាក់នៃរដ្ឋបាលចាត់តាំងដោយរដ្ឋាភិបាលរួបរួមជាតិត្រូវបានចាត់ជាគោលដៅ ហើយបានស្លាប់នៅក្នុងការវាយប្រហារនោះ។ ក្នុងចំណោមអ្នកទាំងបីនេះ «រួមមានលោក U Maung Oo ប្រធានរដ្ឋបាលភូមិ Pazigyi» ផងដែរ។ VOA មិនទាន់អាចបញ្ជាក់បានដោយឯករាជ្យអំពីការស្លាប់នេះទេ។
លោកបាននិយាយថា៖ «ខ្ញុំគិតថា មានអ្នកលួចផ្តល់ព័ត៌មានដល់ពួកយោធាអំពីការជួបជុំនេះ»។
បន្ទាប់ពីរដ្ឋប្រហារដោយយោធា
របបសឹកភូមាបានតែងតាំងមន្រ្តីដឹកនាំរដ្ឋបាលម្នាក់សម្រាប់ភូមិនេះ ។ បន្ទាប់មកមន្រ្តីនោះត្រូវបានសម្លាប់ដោយកងកម្លាំងការពារក្នុងស្រុក កាលពីខែមីនា ឆ្នាំ២០២២។ លោក Bala Gyi បានថ្លែងបន្តថា៖ «តំបន់នេះមិនដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរបបសឹកយោធានោះទេ ។ នេះជាហេតុផលមួយទៀតដែលពួកគេវាយប្រហារយើងនៅទីនេះ»។
លោក Nyi Thuta អនុសេនីយ៍ឯកយោធាដែលបានផ្តាច់ខ្លួន បានប្រាប់វីអូអេតាមប្រព័ន្ធ Zoom ថា៖ «ការវាយប្រហារនៅកន្លែងបែបនេះដោយប្រើអាវុធដ៏ខ្លាំងក្លាបំផុតរបស់យោធានៅក្នុងប្រទេសគឺពិតជាមានចេតនាសម្លាប់ប្រជាជនទាំងមូលក្នុងទ្រង់ទ្រាយធំ»។
លោកបានថ្លែងថា៖ «អាវុធដែលត្រូវបានប្រើប្រាស់នៅពេលនេះគឺ អាវុធប្រើប្រាស់នៅក្នុងសង្រ្គាមទូទៅ។ ជាធម្មតា បរិវេណដែលគ្រាប់បែកអាចបំផ្លាញមានទំហំ២០០ ទៅ ៤០០ម៉ែត្រការ៉េ។ ឥឡូវនេះ ការបំផ្លិចបំផ្លាញនៅកន្លែងដែលហេតុការណ៍បានកើតឡើងនៅភូមិ Pazigyi នោះ មានទំហំប្រមាណ ៤០០ម៉ែត្រការ៉េ។ ពលរដ្ឋនៅទីនោះមិនមានកន្លែងដើម្បីរត់គេចចេញពីការវាយប្រហារដោយគ្រាប់បែកនោះទេ។ តើគួរប្រើអាវុធធុនធំដូចនេះប្រឆាំងនឹងប្រជាជនឬទេ? នេះមិនមែនជាទង្វើស្របនឹងកត្តិយសរបស់យោធានោះទេ»។
ការអំពាវនាវសុំជំនួយ
លោក Ye Naing ដែលរួចជីវិត បានអំពាវនាវឲ្យមានចំណាត់ការជាអន្តរជាតិ ។ ការអំពាវនាវនេះក៏ទទួលបានការគាំទ្រពីលោក Bala Gyi អ្នកផ្តល់ជំនួយដំបូងគេផងដែរ។
លោក Bala Gyi បានថ្លែងថា៖ «ខ្ញុំចង់ឲ្យសហគមន៍អន្តរជាតិ រួមទាំង ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ចាត់វិធានការប្រកបដោយប្រសិទ្ធភាព។ ខ្ញុំមានអាយុ ២៨ឆ្នាំ។ ខ្ញុំមិនដែលឃើញការសម្លាប់ដ៏ព្រៃផ្សៃដូចនេះទេ។ ស្រ្តី កុមារ សូម្បីតែទារក ៦ខែ ត្រូវបានសម្លាប់។ តើពលរដ្ឋនឹងរងការគាបសង្កត់ដល់យូរប៉ុណ្ណាទៀត? ខ្ញុំចង់សួរទៅពិភពលោកថា តើវាត្រូវការពេលយូរប៉ុណ្ណា ដើម្បីធ្វើឲ្យពួកគេឈប់ប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនេះ»។
លោក Aung Myo Min នៃរដ្ឋាភិបាលរួបរួមជាតិបាននិយាយថា ពិភពលោកខាងក្រៅត្រូវចាត់វិធានការលើសពីការដាក់ទណ្ឌកម្មនាពេលបច្ចុប្បន្នប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ា ដែលរួមមានការដាក់បម្រាមលើប្រេងឥន្ធនៈសម្រាប់យន្តហោះយោធាមីយ៉ាន់ម៉ា ពីសំណាក់សហរដ្ឋអាមរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។
លោកបាននិយាយថា ការវាយប្រហារដូចនេះបង្ហាញថា ការដាក់ទណ្ឌកម្មគឺមិនគ្រប់គ្រាន់នោះទេ។
លោកបានថ្លែងប្រាប់វីអូអេថា៖ «យើងត្រូវស្នើឲ្យសហគមន៍អន្តរជាតិកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលកំពុងផ្តល់ការគាំទ្រដល់របបសឹកមីយ៉ាន់ម៉ា ដើម្បីឲ្យក្រុមភេរវជនទាំងអស់នោះមិនអាចបន្តធ្វើការវាយប្រហារដ៏កាចសាហាវដូចនេះ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា