នៅព្រឹកថ្ងៃសៅរ៍នេះ មានការផ្ទុះគ្រាប់បែកពីរគ្រាប់នៅឯស្ថានីយ៍រថភ្លើងធំមួយក្នុងក្រុងអង់ការ៉ា (Ankara) នៃប្រទេសតួកគី តែប៉ុន្មានម៉ោងមុនការដង្ហែក្បួនសន្តិភាពលម្អៀងទៅខាងពួក Kurde ហើយបានបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់ ៨៦នាក់ស្លាប់ និងជិត ២០០នាក់ទៀតរងរបួស។
ការផ្ទុះទាំងនេះបានកើតមានឡើងនៅជិតទ្វារធំចេញពីស្ថានីយ៍រថភ្លើងនៅក្នុងសង្កាត់ Ulus នៃរដ្ឋធានីប្រទេសតួកគី ដោយបានបណ្តាលឲ្យមានមនុស្សស្លាប់ច្រើននាក់ក្នុងបណ្តាក្រុមជនចូលរួមក្នុងការប្រមូលផ្តុំ នោះ ដែលបានត្រូវរៀបចំឡើងដោយក្រុមការងារ និងក្រុមសង្គមស៊ីវិល។
ក្រុមមន្ត្រីខាងសន្តិសុខបាននិយាយថា គេដឹងមិនច្បាស់លាស់ទេថាតើការផ្ទុះទាំងនេះបណ្តាលមកពីការបំផ្ទុះគ្រាប់បែកអត្តឃាត ឬបែបណាឡើយ។ទីភ្នាក់ងារព័ត៌មាន Anadolu របស់រដ្ឋបានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលបាននិយាយត្រួសៗប្រាប់នាយករដ្ឋមន្ត្រីតួកគីលោក Ahmet Davutoglu ពីឧប្បត្តិហេតុនេះ។ លោកមានកំណត់នឹងជួបជាមួយប្រមុខមន្រ្តីខាងសន្តិសុខនៅពេលបន្ទាប់មកទៀតក្នុងថ្ងៃសៅរ៍នេះ។
ក្រុមមន្ត្រីតួកគីបាននិយាយថា ការផ្ទុះទាំងនេះជា «ការវាយប្រហារភេរវកម្ម»។ទីដៅនៃការវាយប្រហារនេះហាក់ដូចជា ការដើរក្បួនដែលបានត្រូវអំពាវនាវឲ្យធ្វើឡើង ដើម្បីស្នើឲ្យមានការបញ្ចប់អំពើហិង្សាជាមួយពួកទាមទារបំបែករដ្ឋ Kurde គឺគណបក្សកម្មករ Kurdstan ដែលហៅកាត់ថា PKK។ លោកSelahattin Demirtasមេដឹកនាំគណបក្សប្រជាធិបតេយ្យរបស់ប្រជារាស្ត្រ ដែលលម្អៀងទៅខាងKurdeបាននិយាយប្រាប់ក្រុមអ្នកកាសែតថាចំនួនមនុស្សស្លាប់នឹងមានច្រើន។ លោកបានប្រៀបធៀបការវាយប្រហារនេះទៅនឹងការបំផ្ទុះគ្រាប់បែកពីរគ្រាប់កាលពីពេលមុននេះក្នុងឆ្នាំនេះនៅក្នុងក្រុង Diyarbakir និងក្រុង Suruc ដែលមានអ្នកស្រុកភាគច្រើនជាក្រុមជនអំបូរ Kurde នៅភាគអាគ្នេយ៍នៃប្រទេស៕