អាជ្ញាធរនៅក្នុងខេត្តមួយនៃប្រទេសអាហ្វហ្គានីស្ថាន បាននិយាយប្រាប់ VOA ថាការផ្ទុះមួយចំនួនបានបណ្តាលឱ្យជនស៊ីវិលយ៉ាងតិចណាស់៨នាក់ស្លាប់និងបានធ្វើឱ្យមនុស្សជាង៤០នាក់ទៀតត្រូវរបួសនៅក្នុងផ្នែកខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន។
លោក Attaullah Khogyanai អ្នកនាំពាក្យអាជ្ញាធរខេត្ត Nangarhar នាប៉ែកខាងកើតប្រទេសអាហ្វហ្គានីស្ថានបាននិយាយប្រាប់ VOA ថាការផ្ទុះទាំងនេះបានកើតមានឡើងនៅក្នុងក្រុង Jalalabad ដែលជាទីរួមខេត្តនេះកាលពីយប់ជ្រៅនៅក្នុងកីឡាដ្ឋាន cricket មួយនៅក្នុងការប្រកួតកីឡានេះ។
លោក Khogyanai បាននិយាយថាការផ្ទុះទាំងបីបានកើតមានឡើងនៅខាងក្នុងកីឡាដ្ឋាននេះនៅប្រមាណម៉ោង១១កន្លះយប់តាមពេលវេលាក្នុងមូលដ្ឋាន។
នៅក្នុងចំណោមពួកជនបាត់បង់ជីវិតមានលោក Hedayatullah Zahir Kamawalប្រធានអ្នកសម្របសម្រួលទានរង្វាន់ Ramadan ក្នុងការប្រកួតកីឡា Cricket មួយចំនួនដែលគ្រោងធ្វើក្នុងខែ Ramadan។
លោក Najibullah Kamawal នាយកមន្ទីរសុខាភិបាលខេត្ត Nangahar បាននិយាយប្រាប់ VOA ថាជនខ្លះដែលបានត្រូវរបួសកំពុងឋិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
អាជ្ញាធរនៅមិនទាន់ដឹងអំពីប្រភេទនៃការផ្ទុះទាំងនេះនៅឡើយទេហើយបាននិយាយប្រាប់បណ្តាញផ្សាយព័ត៌មានថាពួកប៉ូលិសកំពុងឋិតនៅកន្លែងកើតហេតុហើយកំពុងមានការស៊ើបអង្កេត។
គ្មានក្រុមណាមួយអះអាងទាមទារការទទួលខុសត្រូវដល់ការបំផ្ទុះគ្រាប់បែកទាំងនេះនៅឡើយទេ ក៏ប៉ុន្តែអាជ្ញាធរសង្ស័យថាពួករដ្ឋ Islam ប្រហែលនៅពីក្រោយការវាយប្រហារនេះ។
ពួកភេរវជននេះបានធ្វើការវាយប្រហារស្រដៀងគ្នានេះកាលពីពេលមុនៗនៅក្នុងខេត្តនេះ៕