សៀវភៅ​របស់​លោក Bolton ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ការពារ​លោក ត្រាំ នៅ​ក្នុង​ការ​ជំនុំជម្រះ​ដោយ​ព្រឹទ្ធសភា

រូប​ឯកសារ៖ លោក John Bolton ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​នឹង​ពិចារណា​នៅ​ថ្ងៃ​សុក្រ​នេះ​ទៅ​លើ​ថា​តើ​នឹង​កោះហៅ​សាក្សី​នៅ​ក្នុង​ការ​ជំនុំជម្រះ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បី​សម្រេច​អំពី​ការ​ដក​ហូត​លោក​ចេញ​ពី​តំណែង​ដែរ​ឬទេ។

ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​តើ​សមាជិក​គណបក្ស​សាធារណរដ្ឋ​នឹង​ឯកភាព​ជាមួយ​នឹង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ឲ្យ​មាន​សាក្សី​នៅ​ក្នុង​ការ​ជំនុំជម្រះ​នេះ​ដែរ​ឬ​យ៉ាង​ណា។

យ៉ាង​ហោច​ណាស់​មាន​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​លោក ត្រាំ ម្នាក់ គឺ​លោក Mitt Romney ដែល​បង្ហាញពី​ឆន្ទៈ​ថា ការ​បែក​ធ្លាយ​ព័ត៌មាន​ពី​សៀវភៅ​មួយ​ក្បាល​ដែល​នឹង​ចេញ​ផ្សាយ​ក្នុង​ពេល​ឆាប់ៗ​នេះ ដែល​សរសេរ​ដោយ​លោក John Bolton អតីត​ទីប្រឹក្សា​សន្ដិសុខ​ជាតិ អាច​នឹង​បញ្ចុះបញ្ចូល​សហការី​របស់​លោក​បាន។ ​

សៀវភៅ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណុច​សំខាន់​មួយ​ក្នុង​ចំណោម​ចំណុច​សំខាន់​នានា​ដែល​ត្រូវ​បាន​លើកឡើងដើម្បី​ការពារ​ក្ដី​ឲ្យ​លោក​ប្រធានាធិបតី​នៅ​ក្នុង​ការ​ជំនុំជម្រះ។ ​

លោក Mitt Romney សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ នៃ​រដ្ឋ Utah និយាយ​ថា លោក Bolton មាន​ភស្តុតាង​ដែល​ពាក់ព័ន្ធ​សម្រាប់​បង្ហាញ​នៅ​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម ហើយ​លោក​គិត​ថា សមាជិក​គណបក្ស​សាធារណរដ្ឋ​ដទៃទៀត​កាន់​តែ​ច្រើន​ទំនង​ជា​នឹង​សហការជាមួយនឹង​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដទៃទៀត​ដែល​គិត​ថា គួរ​តែ​ស្ដាប់​នូវ​ព័ត៌មាន​ដែល​លោក John Bolton អាច​ផ្ដល់​ក្នុង​សក្ខីកម្ម៕